ជាតិ
ទូតអាមេរិកលើកឡើងពីសមិទ្ធផលផ្លែផ្កាលើការងារអភិរក្សបេតិកភណ្ឌវប្បធម៌នៅកម្ពុជា លោកW. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ប្រគល់អនុស្សាវរីយ៍ ជូនលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រោយបញ្ចប់កិច្ចពិភាក្សាស្តីអំពី«ស្ត្រីក្នុងការការពារវប្បធម៌» ដែលធ្វើឡើងនៅសារមន្ទីរជាតិ កាលពីថ្ងៃទី១៣មីនា ឆ្នាំ២០២០។ រូបថត៖ អ៊ូ សុខមាន/ThmeyThmey
× ភ្នំពេញ៖ការអភិរក្សប្រវត្តិសាស្ត្រនិងវប្បធម៌សម្រាប់មនុស្សជំនាន់ក្រោយៗដែលបានមកតំបន់បេតិកភណ្ឌ គឺមានតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់ការជំរុញសេដ្ឋកិច្ចនៃតំបន់ជុំវិញ។ នេះជាលើកឡើងរបស់លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ដែលលោកបានបញ្ជាក់ថា សហរដ្ឋអាមេរិកប្តេជ្ញាចិត្តបន្តធ្វើកិច្ចការអភិរក្សបេតិកភណ្ឌវប្បធម៌ នៅកម្ពុជា ។
ក្នុងកិច្ចពិភាក្សាដែលស្តីអំពី «ស្ត្រីក្នុងការការពារវប្បធម៌» ដែលធ្វើឡើងនៅសារមន្ទីរជាតិ កាលពីថ្ងៃទី១៣មីនា លោក W. Patrick Murphy បានបញ្ជាក់ថា រដ្ឋាភិបាលអាមេរិកចូលរួមកិច្ចការពារបេតិកភណ្ឌវប្បធម៌ក្នុងភាពជាដៃគូជិតស្និទ្ធជាមួយកម្ពុជាដែលជាប្រទេសម្ចាស់ផ្ទះ ក្នុងការជំរុញគោលដៅគោលនយោបាយការបរទេសរបស់អាមេរិក ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ច និងអភិបាលកិច្ចល្អ ផងដែរ។
ឆ្នាំ២០២០ គឺជាខួបលើកទី៧០នៃការបង្កើតទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិក
និងកម្ពុជា ដោយ លោកឯកអគ្គបាននិយាយដូច្នេ៖«នេះជា ឧទាហរណ៍ដ៏ច្បាស់មួយនៃកិច្ចសហការរបស់យើងគឺការប្តេជ្ញាចិត្តជាបន្តរបស់យើងក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌នៅកម្ពុជា។ ប្រទេសយើងទាំងពីរ គួរតែមានមោទកភាពចំពោះការងារដែលយើងសម្រេចបានរួមគ្នានៅក្នុងវិស័យនេះ» ។
លោកW. Patrick Murphy កំពុងមានប្រសាសន៍ ក្នុងកិច្ចពិភាក្សាស្តីអំពី«ស្ត្រីក្នុងការការពារវប្បធម៌» ដែលធ្វើឡើងនៅសារមន្ទីរជាតិ កាលពីថ្ងៃទី១៣មីនា ឆ្នាំ២០២០។ រូបថត៖ អ៊ូ សុខមាន/ThmeyThmey
លោក W. Patrick Murphy បានរម្លឹកថាចាប់តាំងពីឆ្នាំ២០០៣មក កម្ពុជានិងអាមេរិក បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារៀងរាល់៥ឆ្នាំម្តងក្នុងគោលបំណងការពារវត្ថុបុរាណ និងគាំទ្រដល់ កម្ពុជានៃច្ច ប្រឹងប្រែងរបស់ខ្លួនក្នុងការធ្វើមាតុភូមិនិវត្តន៍វត្ថុបុរាណដែលគេយកទៅមិនអាចកាត់ថ្លៃបាន។ លោក បានបញ្ជាក់ថា ស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជានៅតែ បន្តគាំទ្រស្មារតីនៃអនុស្សារណៈយោគយល់និងដើម្បីធានាឱ្យបាននូវលទ្ធផលនៃផែនការសកម្មភាពរបស់ប្រទេសទាំងពីរនេះ។
ចាប់តាំងពីឆ្នាំ២០០១រហូតដល់បច្ចុប្បន្ន អាមេរិកបានដល់ជំនួយដល់ក្នុងកម្ពុជ ក្នុងផ្នែកវប្បធម៌ មានចំនួន៤,៥លានដុល្លារ។ នេះជាការលើកឡើងរបស់អ្នកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយអ្នកស្រីបានបញ្ជាក់ថាជំនួយទាំងនោះ ភាគច្រើនគឺជួយទៅដល់ការជួសជុលប្រាសាទនៅលើភ្នំបាក់ខែង ប្រាសាទបន្ទាយស្រី ប្រាសាទព្រះវិហារជាដើម។
លោកW. Patrick Murphy កំពុងថតរូបជាមួយ លោកស្រី ភឿង សកុណា និងជាមួយស្ត្រីវ័យក្មេង៣រូបទៀត ដែលកំពុងធ្វើកិច្ចការអភិរក្សបេតិកភណ្ឌខ្មែរ។ រូបថត៖ អ៊ូ សុខមាន/ThmeyThmey
បើតាមអ្នកស្រី ថវិកាជំនួយខាងលើនេះ ក្រៅពីការងារជួសជុលប្រាសាទនានា អាមេរិកក៏បានបង្កើតសារមន្ទីរអង្គរបូរីនៅភ្នំដាក្នុងខេត្តតាកែវ។ ការរក្សានូវសម្លៀកបំពាក់ជនរងគ្រោះ នាសម័យខ្មែរក្រហម នៅក្នុងសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ដ៏ដូចជាការចងក្រងអត្ថបទ និងឯកសារឆ្លងឆ្លើយគ្នា ដែលទាក់ទងនឹងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ដែរ។
អ្នកស្រី ភឿង សកុណា បញ្ជាក់ថា ផ្នែកវប្បធម៌ដែលកម្ពុជាទទួលបានការគាំទ្រពីអាមេរិកតាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នាកន្លងមកនេះ គឺបានអនុញ្ញាតឱ្យកម្ពុជាទាមទារនូវវត្ថុបុរាណសំខាន់ពីបរទេសមកវិញដែលបានបាត់បង់ពីសម័យសង្គ្រាម ចំនួន៤២សំណាក់ ហើយកម្ពុជាកំពុងស្វែងរកបុរាណរបស់ខ្មែរពីបណ្តាប្រទេសផ្សេងៗ តាមរយៈការគាំពារផ្នែកច្បាប់ពីសហរដ្ឋអាមេរិក។ រដ្ឋមន្ត្រីក្រសួងវប្បធម៌រូបនេះ បានអះអាងដូច្នេះ៖«ការចូលរួមរបស់អាមេរិកក្នុងការថែរក្សាបេតិកភណ្ឌជាតិ និងរក្សាឯកសារនានាដែលទាក់ទងនឹងប្រវត្តិកម្ពុជាយើង គឺផ្នែកមួយនៃការជួយនិងចិត្តទុកដាក់យើង ធ្វើឱ្យចំណងមិត្តភាពកាន់តែរឹងមាំ ដោយសារយើងស្គាល់គ្នាទៅវិញទៅមកយ៉ាងច្បាស់ ក្នុងការជួយថែរក្សានូវអ្វីដែលជារបស់ខ្មែរ»៕
Tag:
ប្រវត្តិសាស្ត្រ
បេតិកភណ្ឌ
សារមន្ទីរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com