COVID-19
ជាតិ
លោក ទៀ សីហា​៖ ការភ័យខ្លាច​ជ្រុល និង​ទទួល​ព័ត៌មាន​មិន​ពិត ធ្វើ​ឲ្យ​ខាតបង់​ការរកស៊ី​
14, Mar 2020 , 4:25 pm        
រូបភាព
​សៀមរាប​៖ ប្រជាពលរដ្ឋ​ខេត្តសៀមរាប ភ័យខ្លាច​ជាខ្លាំង​បន្ទាប់ពី​មាន​ករណី​ដំបូង​នៃ​ជំងឺ កូ​វីដ​១៩ ត្រូវបាន​រកឃើញ​លើ​បុរស​ជនជាតិខ្មែរ​អាយុ​៣៨​ឆ្នាំ កាល​ថ្ងៃទី​៧ មីនា​។ ភ្លាមៗ ទាំង​ប្រជាពលរដ្ឋ និង​អ្នករកស៊ី​បាន​ផ្អាក​ការរកស៊ី និង​ធ្វើដំណើរ​នានា ដោយ​បារម្ភ​ពី​ករណី​ឆ្លង​។ ការណ៍​នេះ​បានធ្វើឱ្យ​សេដ្ឋកិច្ច​ខេត្តសៀមរាប​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​។ អភិបាលខេត្ត​សៀមរាប បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ទាំងអស់​ស្វែងយល់​ពី​ជំងឺ​កូ​វីដ​១៩​ឱ្យបាន​ត្រឹមត្រូវ និង​ចេញមក​ប្រកប​របរ​រកស៊ី​ឡើងវិញ ដោយ​មិនត្រូវ​បារម្ភ​ហួសហេតុ​ពេក ធ្វើឱ្យ​ខាតបង់​របរ​រកស៊ី ឬ​ខាត​សេដ្ឋកិច្ច​ខេត្ត​នោះទេ​។



​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ វិធានការណ៍​បង្ការ​កា​រ​ចម្លងជំងឺ​កូ​វីដ​១៩ នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប នៅ​ថ្ងៃទី​១៣ មីនា អភិបាលខេត្ត​សៀមរាប​លោក ទៀ សីហា ថ្លែងថា​៖«​ចង់ឱ្យ​ពលរដ្ឋ​យល់​ពី​កូ​វីដ​១៩ និង​ប្រកប​របរ​ធម្មតា​វិញ កុំឱ្យ​មានការ​ភ័យខ្លាច យើង​រឹតតែ​ភ័យ យើង​រឹតតែ​ដកថយ យើង​រឹតតែ​នៅក្នុង​ផ្ទះ វា​ធ្វើឱ្យ​ខេត្តសៀមរាប ពិសេស​ក្រុង​យើង​កាន់តែ​ធ្លាក់ (​សេដ្ឋកិច្ច​) ធ្ងន់ធ្ងរ​ទៅទៀត​»​។​



​បន្ថែម​ពីនេះ លោក ទៀ សីហា បាន​ផ្ដាំផ្ញើ​ទៅ​សិក្ខាកាម​ដែល​ចូលរួម​ខាងលើ ត្រូវយក​ព័ត៌មាន​ដែល​ទទួលបាន​ទៅ​បន្ដ​ផ្សព្វផ្សាយ​ទៅ​បងប្អូន និង​អ្នកជិតខាង​ឱ្យ​បានដឹង​កាន់តែច្បាស់​ពី​ជំងឺ​កូ​វីដ​១៩​នេះ​។ លោក​អភិបាល​ក៏​ហួសចិត្ត និង​ខឹងសម្បារ​ទៅ​បុគ្គល​មួយចំនួន​ដែរ ដែល​កន្លងមក​បាន​បំប៉ោង​ព័ត៌មាន​ករណី​រីក​រាលដាល​ជំងឺ​នេះ​នៅក្នុង​ខេត្តសៀមរាប ដែល​វារិត​តែ​ធ្វើឱ្យ​សេដ្ឋកិច្ច​ខេត្ត​ទេសចរណ៍​មួយ​នេះ​មាន​សភាព​ធ្ងន់ធ្ងរ​។



​លោក ទៀ សីហា សំណូមពរ​ដល់​បុគ្គល​ទាំងនោះ​ឈប់​ជាបន្ទាន់ និង​ប្រកាស​ពី​វិធានការ​ផ្លូវច្បាប់​ប្រសិនបើ​នៅ​បន្ត​ផ្សាយ​ព័ត៌មាន​មិន​ពិត​។ សម្រាប់​លោក​អភិបាលខេត្ត ព័ត៌មាន​មិន​ពិត​កាច​សាហាវ​ជាង​ជំងឺ​កូ​វីដ​ទៅទៀត​។​



​លោក ក្រុស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប​បានឱ្យដឹង​ថា មកដល់ពេលនេះ​ជំងឺ​កូ​វីដ​១៩​មានតែ​មួយ​ករណី​ប៉ុណ្ណោះ​លើ​បុរស​ជនជាតិខ្មែរ​អាយុ​៣៨​ឆ្នាំ ហើយ​ក្រុមគ្រូពេទ្យ​កំពុង​បន្ត​តាមដាន​ស្ថានភាព​ជំងឺ​យ៉ាង​យកចិត្តទុកដាក់​។ ជាមួយគ្នា​នោះ មនុស្ស​ប្រមាណ​៦០​នាក់​ដែលមាន​ទំនាក់ទំនង​ដោយផ្ទាល់​និង​ប្រយោល ត្រូវបាន​នាំយកមក​ពិនិត្យ តែ​លទ្ធផល​សុទ្ធតែ​អវិជ្ជមាន​៕



 


© រក្សាសិទ្ធិដោយ thmeythmey.com