ជាតិ
លោក ទៀ សីហា៖ឆ្នាំនេះ ខេត្តសៀមរាបអាចប្រឈមនឹងកង្វះទឹក ជាងឆ្នាំមុន លោក ទៀ សីហា ក្នុងកិច្ចប្រជុំជាមួយប្រតិបត្តិករទេសចរណ៍ នៅថ្ងៃទី៨ មីនា។ រូបភាព៖ រដ្ឋបាលខេត្តសៀមរាប
× សៀមរាប៖ រដូវរាំងស្ងួតបានចូលមកដល់ហើយ តាមប្រឡាយ ស្ទឹង បឹងបួរមួយចំនួនធំ បានផ្តើមរីងហួតហែងអស់ហើយដែរ។ អភិបាលខេត្តសៀមរាប បានប្រកាសឱ្យប្រជាពលរដ្ឋត្រៀមលក្ខណៈ និងថាស្ថានភាពឆ្នាំនេះអាចធ្ងន់ធ្ងរជាងឆ្នាំទៅ។
អភិបាលខេត្តសៀមរាប លោក ទៀ សីហា ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីពេលកន្លងទៅថា លោកបានចុះពិនិត្យមើលប្រភបទឹកមួយចំនួន កាលពីឆ្នាំទៅទាំងនៅតំបន់ភ្នំគូលែន និងខាងខេត្តឧត្ដរមានជ័យ ដោយរំពឹងថានឹងអាចដោះស្រាយបញ្ហាទឹកបាន។ តែយ៉ាងណា ដោយសារការអភិវឌ្ឍមិនទាន់ពេលវេលា ធ្វើឱ្យខកខានក្នុងការទាញទឹកពីប្រភពទាំងនោះ ដែលការណ៍នេះធ្វើឱ្យខេត្តសៀមរាបនឹងប្រឈមបញ្ហាខ្វះទឹកដូចឆ្នាំទៅ ឬអាចធ្ងន់ធ្ងរជាង។
លោក ទៀ សីហា លើកឡើងយ៉ាងដូច្នេះថា៖« ឥឡូវយើងបានសហការជាមួយមន្ទីរធនធានទឹក កំពុងរៀបចំធ្វើយ៉ាងណាឱ្យប្រឡាយមួយមកពីស្ទឹងសែន ឬតំបន់អាតោ បានចុះមកដល់ស្រុកពួក ដើម្បីឱ្យយើងកាយបន្ថែមទៀតក្នុងការផលិតទឹកឱ្យបងប្អូន នៅប្រឡាយមួយចំនួនទៀតនៅមិនទាន់អភិវឌ្ឍន៍កាយឱ្យបានដល់កម្រិតនៃការស្ដុកទឹករបស់អាងទឹកនីមួយៗតែយើងកំពុងសិក្សា ខ្ញុំសង្ឃឹមថានឹងអាចរកវិធីជួយបងប្អូនប្រជាពលរដ្ឋបាន»។ បន្ថែមពីនេះ លោកអភិបាលខេត្តក៏សំណូមពរដល់ពលរដ្ឋមិនត្រូវធ្វើស្រែប្រាំងជាលើកទី២ ដោយងាកទៅដាំបន្ថែមបន្លែរួមផ្សំមួយចំនួនដែលប្រើប្រាស់ទឹកតិចវិញ៕
សូមស្ដាប់ការលើកឡើងរបស់លោក ទៀ សីហា នៅក្រោយកិច្ចប្រជុំបូកសរុបការងាររដ្ឋបាលខេត្តសៀមរាប នាថ្ងៃទី៤ មីនា ដូចតទៅ
Tag:
គ្រោះរាំងស្ងួត
ទៀ សីហា
© រក្សាសិទ្ធិដោយ thmeythmey.com