ជាតិ
ក្រសួង បង្កើត​កម្មវិធី​បង្រៀន​សិស្ស​នៅ​ក្រុង​សៀមរាប តាម​អន​ឡ​ញ​
14, Mar 2020 , 9:59 pm        
រូបភាព
រូបភាពពីក្រសួងអប់រំ
រូបភាពពីក្រសួងអប់រំ
​ភ្នំពេញ​៖ ​ក្រសួង​អប់រំ យុវជន និង កីឡា បាន​បង្កើត​កម្មវិធីសិក្សា​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច (E-Learning) ដោយ​ឥតគិតថ្លៃ​សម្រាប់​សិស្ស​ថ្នាក់​ទី​៩ និង​ថ្នាក់​ទី​១២ ក្នុង​ក្រុង​សៀមរាប​។ ការបង្កើត​កម្មវិធីសិក្សា​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ចនេះ គឺ​ដើម្បី​ជា​ជំនួយ​ដល់​សិស្សានុសិស្ស ខកខាន​ការសិក្សា ដោយសារតែ​គ្រឹះស្ថានសាធារណៈ និង​គ្រឹះស្ថាន​ឯកជន ក្នុង​ក្រុង​សៀមរាប ត្រូវ​បិទទ្វារ​មួយរយៈ បន្ទាប់ពី​មាន​បុរស​ខ្មែរ​ម្នាក់ ឆ្លង​វីរុស​កូ​វីដ​-១៩​។



​សេចក្ដីជូនដំណឹង​រប​ស់​ក្រសួង​អប់រំ​ចុះ​ថ្ងៃទី​១៣  ខែមីនា បាន​ឲ្យ​ដឹងថា សិស្សានុសិស្ស​ទាំងអស់ អាច​រៀន​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច តាមរយៈ​ទូរស័ព្ទដៃ ឬ​កំ​ព្យូ​ទ័​រ​ជាដើម​។ មិនមែន​តែ​សិស្សានុសិស្ស​នៅ​ក្រុង​សៀមរាប សិស្ស​តាម​បណ្តា​ខេត្ត​ដទៃ ក៏​អាច​សិក្សា​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ចនេះ​បាន​ដូចគ្នា ដើម្បី​ទទួលបាន​ចំណេះដឹង​បន្ថែម​លើ​មុខវិជ្ជា​ឯកទេស​ចំនួន​៦ រួមមាន គណិតវិទ្យា ប្រវត្តិវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និង ភាសា​ខ្មែរ​។

​កម្មវិធីសិក្សា​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ចនេះ បង្កើតឡើង ដើម្បី​ជំនួយ​ដល់​ការសិក្សា​របស់​សិស្សានុសិស្ស ឲ្យ​បាន​បន្ត​ការសិក្សា​ដោយ​ខ្លួនឯង នៅ​គ្រប់​ទីកន្លែង និង​គ្រប់ពេលវេលា​។ ក្នុងនោះ​វា​ក៏​ជា​កត្តា​ជំនួយស្មារតី សម្រាប់​សិស្ស​ត្រៀមប្រឡង​ក្នុងពេល​ខាងមុខ​ផងដែរ​។

​កម្មវិធី​បង្រៀន​នេះ​នឹងដាក់​ឲ្យ​ដំណើរការ​ចាប់ពី​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២០ តទៅ ហើយ​សិស្សានុសិស្ស​ទាំងអស់ អាច​សិក្សា​បាន​តាមរយៈ YouTube របស់​ក្រសួង www.youtube.com/moeys ដែល​ក្នុងនោះ មាន​បង្រៀន​ជា​វីដេអូ​ផងដែរ និង តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួង​អប់រំ www.facebook.com/moeys.gov.kh ដែល​នឹងមាន​ការផ្សាយ​សម្រាប់​ថ្នាក់​ទី​៩ នៅពេល​ព្រឹក និង​ពេល​រសៀល​សម្រាប់​ថ្នាក់​ទី​១២​។

​មួយវិញទៀត សិស្សានុសិស្ស ក៏​អាច​សិក្សា​តាមរយៈ​មជ្ឈមណ្ឌល​សិក្សា​អេ​ឡិច​ត្រូ​និ​ចរ​បស់​ក្រសួង​អប់រំ elearning.moeys.gov.kh ផងដែរ​៕







Tag:
 ក្រសួង​អប់រំ​
  ជំងឺ COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com