COVID-19
អន្តរជាតិ
បារាំង​បិទ​ហាង កន្លែង​កម្សាន្ត ហើយ​ស្នើ​ពលរដ្ឋ​៦៧​លាន​នាក់​ឲ្យ​បន្ត​នៅផ្ទះ ដើម្បី​ទប់ស្កាត់ COVID-19
15, Mar 2020 , 12:00 pm        
រូបភាព
នាយករដ្ឋមន្រ្តីបារាំង Edouard Philippe។ រូបភាព៖ Reuters
នាយករដ្ឋមន្រ្តីបារាំង Edouard Philippe។ រូបភាព៖ Reuters
​បារាំង នឹង​បិទ​ហាង​លក់ទំនិញ ភោជនីយដ្ឋាន និង​កន្លែង​កម្សាន្ត​ផ្សេងៗ​មួយរយៈ ចាប់ពី​ថ្ងៃទី​១៥ ខែមីនា តទៅ ដើម្បី​កាត់បន្ថយ​ករណី​ឆ្លង នៃ​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​(COVID-19) នៅក្នុង​ប្រទេស​។ លើសពីនេះ បារាំង​ក៏បាន​ប្រាប់​ឲ្យ​ប្រជាជន​របស់ខ្លួន​ប្រមាណ ៦៧​លាន​នាក់ ឲ្យ​បន្ត​ស្នាក់​នៅផ្ទះ​ផងដែរ ដើម្បី​ការពារ​សុវត្ថិភាព​ពី​COVID-19 ។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ថ្ងៃទី​១៥ ខែមីនា​។



​តាមរយៈ​សន្និសីទកាសែត នាយករដ្ឋមន្ត្រី​បារាំង លោក Edouard Philippe បាន​អះអាងថា រដ្ឋាភិបាល​គ្មាន​វិធានការ​អ្វី​ផ្សេង ក្រៅពី​បិទ​ទីកន្លែង​សាធារណៈ កន្លែង​កម្សាន្ត នោះទេ​។ ការប្រកាស​របស់​នាយ​ក​រដ្ឋមន្ត្រី​បារាំង​បែបនេះ ធ្វើឡើង​បន្ទាប់ពី​COVID-19 នៅ​បារាំង​បាន​កើន​ដល់​ជិត ៤៥០០​ករណី និង​អ្នក​ស្លាប់មាន ៩១​ករណី​។

​ក្នុង​សន្និសីទកាសែត​ដដែល​នេះ លោកនាយក​រដ្ឋមន្ត្រី បាន​បន្តថា រដ្ឋាភិបាល​បារាំង បានសម្រេច​ថា នឹង​បិទ​កន្លែង​មិន​សំខាន់​មួយចំនួន ដូចជា ហាង​កាហ្វេ ភោជនីយដ្ឋាន រោងកុន ក្លឹប​កម្សាន្ត​រាត្រី​ជាដើម ដើម្បី​កាត់បន្ថយ​អត្រា​ឆ្លង និង​ចម្លង​នៅក្នុង​ប្រទេស​។ ត្រឹមតែ​រយៈពេល ៧២​ម៉ោង​តែប៉ុណ្ណោះ អត្រា​ឆ្លង​នៅក្នុង​ប្រទេស​បារាំង បាន​កើន​រហូតដល់​ទៅ​ពីរដង​ឯណោះ​។

​យ៉ាងណាក៏ដោយ ក៏មាន​ហាង​មួយចំនួន នៅតែ​អនុញ្ញាត​ឲ្យ​បើក​ដដែល ក្នុងនោះ​មានដូចជា កន្លែង​លក់​ថ្នាំពេទ្យ ហាង​លក់​អាហារ ស្ថានីយប្រេងឥន្ធនៈ​ជាដើម​។

​កន្លងមក ដោយសារ​មើលឃើញថា មនុស្ស​មាន​វ័យ​ចំណាស់ គឺជា​ជនរងគ្រោះ​ខ្លាំងជាងគេ​ដោយសារ COVID-19 ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង បាន​អំពាវនាវ​ឲ្យ​បុគ្គល ដែលមាន​អាយុ​ចាប់ពី ៧០​ឆ្នាំ​ឡើងទៅ ត្រូវ​ស្នាក់​នៅផ្ទះ​បណ្តោះអាសន្ន​សិន ដើម្បី​កុំ​ឲ្យ​ឆ្លង​កូ​រ៉ូ​ណាវី​រុស​។

​សូមបញ្ជាក់ថា ការបិទ​ហាង​លក់ទំនិញ ហាង​កាហ្វេ ភោជនីយដ្ឋាន​ពេលនេះ មិនមែនជា​រឿង​ចម្លែក​ទេ​។ នាពេល​កន្លងទៅ បារាំង​ក៏បាន​បិទ​សារមន្ទីរ​ដ៏​ល្បី Louvre របស់ខ្លួន និង​សាលារៀន​នៅ​ទូទាំងប្រទេស ដើម្បី​ទប់ស្កាត់ និង​ប្រយុទ្ធប្រឆាំង COVID-19 ៕



Tag:
 បារាំង​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com