អន្តរជាតិ
ន័​រ​វែ​ស និង​ស្វ៊ី​ស មាន​COVID-19 សរុប​ជាង ១​ពាន់​ករណី​រៀងៗ​ខ្លួន​
15, Mar 2020 , 2:29 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
​គិត​ត្រឹម​រសៀល​ថ្ងៃទី ១៥ ខែមីនា ន័​រ​វែ​ស និង​ស្វ៊ី​ស សុទ្ធតែ​បាន​រកឃើញ​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​ជាង ១​ពាន់​ករណី​រៀងៗ​ខ្លួន ខណៈ​ប្រទេស​ទាំងពីរ នៅតែ​បន្ត​រកឃើញ​ករណី​ឆ្លង​ក្នុងប្រទេស​ជា​បន្តបន្ទាប់​។



​ប្រទេស​ជាច្រើន​នៅ​ប៉ែក​ខាង​អឺរ៉ុប កំពុង​រងគ្រោះ​យ៉ាងខ្លាំង​ដោយសារ COVID-19​។ ក្នុងចំណោម​ប្រទេស​ទាំងនោះ ន័​រ​វែ​ស និង​ស្វ៊ី​ស ក៏​រងគ្រោះ​ដោយសារ​បញ្ហា​នេះដែរ​។
​បើតាម​វែបសាយ​របស់ Worldometer ស្វ៊ី​សបាន​រកឃើញ​ករណី​ឆ្លង​ចំនួន ២២០​ករណី នា​ថ្ងៃទី​១៤ ខែមីនា​។ ករណី​សរុប COVID-19 នៅ​ស្វ៊ី​ស បាន​កើន​ដល់ ១៣៧៥​ករណី អ្នកស្លាប់ ១៣​ករណី និង​អ្នកជា​សះស្បើយ​ចំនួន ៤​ករណី​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ រដ្ឋាភិបាល​ស្វ៊ី​ស បានចេញ​ចំណាត់ការ បិទ​សាលារៀន ហាមឃាត់​ការជួបប្រជុំ​លើសពី ១០០​នាក់ បិទ​ភោជនីយដ្ឋាន និង​ហាង​មួយចំនួន​ជាដើម ដើម្បី​ទប់ស្កាត់​ករណី​ឆ្លង​។

​ចំណែក​នៅ​ន័​រ​វែ​ស​ឯណោះ​វិញ ករណី​COVID-19 សរុប​កើន​ដល់ ១១០៩​ករណី ខណៈ​អ្នក​ស្លាប់មាន​ចំនួន ៣​ករណី និង​អ្នកជា​សះស្បើយ ១​ករណី​។ ដូចគ្នា​ទៅនឹង​រដ្ឋាភិបាល​ស្វ៊ី​ស​ដែរ ន័​រ​វែ​ស បានចេញ​វិធាន​ការបិទ​សាលារៀន​ចាប់ពី​ថ្នាក់​មតេយ្យ ដល់​សកល​វិទ្យាល័យ ព្រឹត្តិការណ៍​កីឡា​ទាំងអស់ ត្រូវ​ផ្អាក​មួយរយៈ ភោជនីយដ្ឋាន និង​បារ​មួយចំនួន ក៏ត្រូវ​បិទ​ដែរ​។
​សូមបញ្ជាក់ថា មកទល់ពេលនេះ COVID-19 ត្រូវបាន​គេ​រកឃើញ​មាន​ប្រមាណ ១៥៦៧៣០​ករណី​។ ក្នុង​ចំនួន​ដ៏​ច្រើន​នេះ មាន​អ្នកស្លាប់​ចំនួន ៥៨៣៩​ករណី និង​អ្នកជា​សះស្បើយ​ចំនួន ៧៥៩៣៣​ករណី​។ ប្រទេស​រងគ្រោះ​ខ្លាំងជាងគេ​គឺ​នៅ​តំបន់​អឺរ៉ុប ជាពិសេស​អ៊ីតាលី​តែម្តង​៕


Tag:
 ន័​រ​វែ​ល​
  ស្វ៊ី​ស​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com