អន្តរជាតិ
លោក ស៊ី រំលឹក EU ថា សាមគ្គី ជា​កម្លាំង​ក្នុងការ​ប្រយុទ្ធប្រឆាំង COVID-19
15, Mar 2020 , 6:59 pm        
រូបភាព
លោក ស៊ី ជិនភីង ប្រធានាធិបតីចិន។ រូបថត Xinhua
លោក ស៊ី ជិនភីង ប្រធានាធិបតីចិន។ រូបថត Xinhua
​ប្រធានាធិបតី ស៊ី ជិ​ង​ភីង នា​ថ្ងៃទី​១៥ ខែមីនា បាន​ផ្ញើ​សំបុត្រ​ទៅ​សហភាព​អឺរ៉ុប​ថា ចិន​គាំទ្រ​អឺរ៉ុប​យ៉ាង​មោះមុត ក្នុងការ​ប្រយុទ្ធ​យកឈ្នះ ជំងឺ​រលាក​សួត​ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19)​។ ក្នុង​ខ្លឹមសារ​សំបុត្រ​ដដែល​នេះ ប្រធានាធិបតី​ចិន បាន​លើកឡើងថា សាមគ្គីភាព គឺជា​កម្លាំង ដែល​អាច​ឲ្យ​ប្រទេស​ទាំងអស់ អាច​ជម្នះ​COVID-19 បាន​។



​ខណៈ​អឺរ៉ុប​កំពុងតែ​អុកឡុក​ខ្លាំង​ដោយសារ​COVID-19 លោក ស៊ី ជិន​ភីង ប្រធានាធិបតី​ចិន បាន​ផ្ញើ​សារ​គាំទ្រ​អឺរ៉ុប ដែល​កំពុងតែ​ប្រយុទ្ធប្រឆាំង COVID-19​។ តាមរយៈ​ខ្លឹមសារ ដែល​បាន​ផ្ញើ​ទៅ​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប លោក​Charles Michel ប្រធាន​គណៈកម្មការ​អឺរ៉ុប លោកស្រី​Ursula von der Leyen ប្រធានាធិបតី​ចិន បាន​សម្តែង​ក្តី​អាណិតអាសូរ​ចំពោះ​សហភាព​អឺរ៉ុប និង​ប្រជាជន​អឺរ៉ុប​ទាំងមូល ដែល​កំពុង​រងគ្រោះ ដោយសារ​កូ​រ៉ូ​ណាវី​រុស​។ ជាពិសេស​លោក ក៏បាន​រំលឹក​ពី​ការគាំទ្រ​របស់​អឺរ៉ុប​មាន​សម្រាប់​ចិន​ក្នុងពេល​កន្លងមក​ផងដែរ​។

​ទាក់ទង​នឹង​បញ្ហា​ផ្ទុះ​COVID-19 នៅ​ទ្វីបអឺរ៉ុប​នេះ លោក​ស៊ី បាន​អះអាងថា សាមគ្គីភាព គឺជា​អាវុធ​ក្នុងការ​យកឈ្នះ​កូ​រ៉ូ​ណាវី​រុស​។ ក្នុងន័យនេះ ប្រធានាធិបតី​ចិន ចង់​បញ្ជាក់ថា ចិន​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ ក្នុងការ​សហការ​ជាមួយ​អឺរ៉ុប ដើម្បី​ទប់ស្កាត់​ការរីក​សាយភាយ​COVID-19 នៅក្នុង​តំបន់​អឺរ៉ុប​។ មិនតែប៉ុណ្ណោះ​ចិន ក៏បាន​ត្រៀម​ជំនួយ​រួចរាល់​ដែរ ដើម្បី​ជួយ​អឺរ៉ុប​ឲ្យ​រួច​ផុតពី​ជំងឺឆ្លង​មួយ​នេះ​។

​បើតាម​ការអះអាង​រប​ស់​ប្រធានាធិបតី​ចិន កិច្ចសហប្រតិបត្តិការ​រវាង​ចិន និង​អឺរ៉ុប​នេះ គឺធ្វើឡើង​ក្នុង​គោលបំណង​ការពារ​ប្រទេស​ទាំងអស់​នៅក្នុង​ពិភពលោក និង​រួមគ្នា​ក្នុងការ​ជួយសង្គ្រោះ​មនុស្សជាតិ​ទាំងមូល​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Xinhua​។

​ក្រៅពី​បញ្ហា COVID-19 ប្រធានាធិបតី​ចិន ក៏បាន​លើកឡើង​ពី​ទំនាក់ទំនង​រវាង​អឺរ៉ុប និង​ចិន​ផងដែរ​។ សូមបញ្ជាក់ថា កន្លងមក ចិន បាន​បញ្ជូន​អ្នកជំនាញ​វិ​ជ្ជ​សាស្ត្រ និង​ជំងឺឆ្លង​មួយក្រុម ទៅ​អ៊ីតាលី ដើម្បី​ជួយ​ដោះស្រាយ​COVID-19 ដែល​កំពុងតែ​អុកឡុក​ខ្លាំង​៕


Tag:
 ​ចិន​
  អឺរ៉ុប​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com