ជាតិ
ក្រុមនិស្សិត​ឆ្នាំ​ទី​២​នៅ DMC រៀបចំ​ពិព័រណ៍​រូបថត​លើក​ទី​២​នៅ​ខែឧសភា​
16, Mar 2020 , 8:59 am        
រូបភាព
​ភ្នំពេញ​៖ ក្រុមនិស្សិត​ឆ្នាំ​ទី​២ នៃ​ដេ​ប៉ា​តឺ​ម៉​ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារគមនាគមន៍ (DMC) នឹង​រៀបចំ​កម្មវិធី​សម្ពោធ​ពិព័រណ៍​រូបថត​លើក​ទី​២ ឆ្នាំ​២០២០ (DMC Photo Festival 2020) នៅក្នុង​បរិវេណ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ ការរៀប​ចំនេះ ធ្វើឡើង​រយៈពេល​១​ខែ​ពេញ គឺ​ចាប់ពី​ថ្ងៃទី​២ ខែឧសភា រហូតដល់​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០២០ ចាប់ពី​ម៉ោង​៨ នឹង​៣០​នាទី​ព្រឹក រហូតដល់​ម៉ោង​៥​ល្ងាច​។​



​ការរៀបចំ​ឡើង​នូវ​ពិព័រណ៍​រូបថត​លើក​ទី​២​នេះ​គឺ ដើម្បី​ដាក់តាំង​បង្ហាញ​ស្នាដៃ​ថតរូប​នៃ​ក្រុមនិស្សិត​ឆ្នាំ​ទី​២ ជំនា​ន់ទី​១៨ ក្រោយពី​បញ្ចប់​ការសិក្សា​អំពី​បច្ចេកទេស​ក្នុងការ​ថតរូប​រយៈពេល​១​ឆមាស​។ ពិព័រណ៍​នេះ​ដឹកនាំ​រៀបចំ​ដោយ លោក ផន ភា​រិ​ទ្ធ (Miller) ជា​គ្រូបង្រៀន​ថតរូប នៃ​ដេ​ប៉ា​តឺ​ម៉​ង់​ផងដែរ​។

​បើតាម​លោក ផន ភា​រិ​ទ្ធ រូបថត​ដែល​ដាក់តាំង​បង្ហាញ​ទាំងនោះ គឺ​បញ្ជាក់​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​និស្សិត​ទាំងអស់ ហើយ​ក៏បាន​ឆ្លុះ​ប​ញ្ជាំ​ង​ពី​ស្ថានភាព​សង្គម​នាពេល​បច្ចុប្បន្ន​ផងដែរ​។ លោក​ក៏បាន​លើកឡើងថា​«​យើង​ប្រើ​រូបភាព​ជំនួស​វីដេអូ ជា​សារ​ដើម្បី​ពញ្ញាក់​អារម្មណ៍​អ្នកទស្សនា​ពី​សកម្មភាព​ដែល​ជួបប្រទះ​រាល់ថ្ងៃ​។ ទោះជា​ស្នាដៃ​មិន​ដូច​អ្នក​ថតរូប​អាជីព តែ​រូបថត​មាន​លក្ខណៈ​ជា​ស៊េរី​បណ្ដាក់​ទៅតាម​សាច់រឿង​ឲ្យ​អ្នក​ចូលរួមបាន​យល់​»​។​



​ក្រៅពីនេះ លោក អុង ប៊ុន​អ៊ី ជា​ប្រធាន​ដេ​ប៉ា​តឺ​ម៉​ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ ក៏បាន​លើកឡើង​ផងដែរ​ថា​«​ការធ្វើ​ឡើង​នេះ បាន​ផ្សារភ្ជាប់​ទ្រឹស្ដី​របស់​និស្សិត​នឹង​ការអនុវត្ត​ផ្ទាល់ និង​លើកកម្ពស់​ចំណេះដឹង​ផងដែរ​។ ដេ​ប៉ា​តឺ​ម៉​ង់​ចង់​ជំរុញ​ឲ្យ​និស្សិត​មានឱកាស សិក្សា​ពី​បញ្ហា​ប្រឈម ពី​សង្គម​ហើយ​យកមក​ឆ្លុះបញ្ចាំង​តាម​អ្វីដែល​បាន​សិក្សា​។​

​កញ្ញា សុខ ស្រី​លុច ជា​ផលិតករ​នៃ​កម្មវិធី​ពិព័រណ៍​រូបថត​សង្ឃឹមថា​នឹងមាន​អ្នក​មក​ចូលរួម​ច្រើន ហើយ​ក៏បាន​និយាយ​ផងដែរ​ថា​«​ពួកយើង​បាន​ខិតខំ​យ៉ាងខ្លាំង ទោះបីជា​នៅ​ហាលថ្ងៃ ចុះទូក​កណ្ដាលទន្លេ នៅ​ទីតាំង​ឆ្ងាយៗ ក៏​យើង​នៅ​ទ្រាំ​ដើម្បី​បាន​រូប​មួយៗ​»​។

​ការ​ពិព័រណ៍​រូបថត​លើក​ទី​២​នេះ​ផ្ដោតលើ​ប្រធានបទ​ចំនួន​៩ ហើយ​មានតែ​៣​ប្រធានបទ​ប៉ុណ្ណោះ​ដែល​ខុសប្លែក​ពី​ឆ្នាំមុន​។ «​ចំណែក​មួយ​នៃ​ទីក្រុង​» ជា​ប្រធានបទ​ទី​១ ដែល​បង្ហាញ​ពី​ប្រជាជន​ខ្មែរ​-​ឥស្លាម នៅលើ​ទន្លេចតុមុខ​។ «​ឯកសណ្ឋាន​យើង អត្តសញ្ញាណ​យើង​» ជា​ប្រធានបទ​ទី​២ ដែល​បង្ហាញ​ពី​ឯកសណ្ឋាន​ប្រជាជន​តាម​ការងារ និង​មុខរបរ​។ «​ម្ហូប​យើង អត្តសញ្ញាណ​យើង​» ជា​ប្រធានបទ​ទី​៣ បង្ហាញ​ពី​ការធ្វើ​នំ​បញ្ចុក​ខ្មែរ​។ «​ជីវិត​បី​សម័យកាល​» បង្ហាញ​ពី​ការរស់នៅ និង​ការ​ស្លៀកពាក់​។ «I Am Social Media»  បង្ហាញ​ពី​ផលប៉ះពាល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ «​ក្រោម​លោក​តែមួយ វាសនា​ខុសគ្នា​» បង្ហាញ​ពី​កុមារ​រស់នៅក្នុង​ស្ថានភាព​លំបាក​។ «​តើ​សម្រាម​មកពីណា​» បង្ហាញ​ពី​ប្រភព​នៃ​សម្រាម​ដែល​កាន់​តែមាន​បរិមាណ​ច្រើន​។ «​នាដកា​តូច​» បង្ហាញ​ពី​កុមារី​ម្នាក់​ខិតខំ​ហាត់​របាំ​។ «​គេច​បី​ភព​ងងឹត​» បង្ហាញ​ពី​ការគ្រប់គ្រង​ដោយ​អ​ន្ទ​ការ​ងងឹត និង​ការគិត​ខ្លី​។

​ក្រៅពី​ពិព័រណ៍​រូបថត ក៏មាន​សិក្ខាសាលា​ប្រចាំ​ស​ហ្ត​ហ៍​រយៈពេល​១​ខែ​ពេញ ដែលមាន​ប្រធានបទ​ទាក់ទង​នឹង គន្លឹះ​ក្នុង​ការថតរូប​បែប​អាជីវកម្ម កិច្ចពិភាក្សា​លើ​អាជីព​នៃ​អ្នក​ថតរូប ការណែនាំ​ឲ្យ​ស្កាល់​ក្បាច់​បាត​នៃ​របាំ​ខ្មែរ និង​ប​ឋ​កថា​ទាក់ទង​នឹង​សុខភាព​ផ្លូវចិត្ត​ជាដើម​ផងដែរ​៕





Tag:
 ពិព័រណ៍​រូបថត​
© រក្សាសិទ្ធិដោយ thmeythmey.com