ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លាងដៃ វាស់កម្តៅ និងពាក់ម៉ាស់ កំពុងបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននៅតាមសាលាជាច្រើន សកម្មភាពសិស្សលាងដៃនៅតាមគ្រឹះស្ថានសិក្សា_រូបភាពពីក្រសួងអប់រំ
× គ្រឹះស្ថានសិក្សាទូទាំងរាជធានីខេត្ត បានអនុវត្តការណែនាំពីក្រសួងសុខាភិបាល និងក្រសួងអប់រំ អំពីការអនាម័យ ក៏ដូចជាការពង្រឹងការតាមដានលើសុខភាពសិស្សដោយយកចិត្តទុកដាក់។ បណ្តាសាលាចាប់ពីរាជធានីភ្នំពេញទៅបណ្តាខេត្ត មានចំនួនកាន់តែច្រើនដែលបានដាក់ឧបករណ៍វាស់កម្តៅ និងបន្តរៀបចំកន្លែងលាងដៃ ទឹកស្អាត សាប៊ូ និងទឹកអាល់កុល ដើម្បីទប់ស្កាត់ការរាលដាលកូវីដ១៩ ក៏ដូចជាសុខភាពអនាម័យផ្ទាល់ខ្លួន។
ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំឲ្យគ្រឹះស្ថានសិក្សានានាទូទាំងរាជធានីខេត្ត រៀបចំឧបករណ៍វាស់កម្តៅកន្លែងលាងដៃ ប្រព័ន្ធទឹកស្អាត សាប៊ូ ទឹកអាល់កុល ឬទឹកប្រឌិតទៅតាមលទ្ធភាពដែលសាលាអាចផលិតបាន។ បើករណីមានសិស្សណាម្នាក់មានអាការ ក្តៅខ្លួន ក្អក ឈឺបំពង់ក គណៈគ្រប់គ្រងសាលាត្រូវតែបញ្ជូនពួកគេទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងអនុញ្ញាតឲ្យពួកគេឈប់សម្រាកដើម្បីតាមដានសុខភាពបន្តទៀត។
សកម្មភាពសិស្សលាងដៃនៅតាមគ្រឹះស្ថានសិក្សា_រូបភាពពីក្រសួងអប់រំ
ករណីមានអ្នកផ្ទុកកូវីដ-១៩ទៅលើជនជាតិចិនកាលពីខែមករា នៅខេត្តព្រះសីហនុ តាមសាលារៀនឯកជនខ្លះក៏បានផ្អាកការសិក្សារបស់សិស្សមួយរយៈដែរ។ ដល់ថ្ងៃទី៧ ខែមីនា កន្លងទៅម្ពុជាក៏បានប្រកាសថាមានជនជាតិខ្មែរម្នាក់ទៀតនៅខេត្តសៀមរាបក៏មានផ្ទុកកូវីដ-១៩ដែរ ហើយរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបិទសាលារៀនរដ្ឋ និងឯកជនចំនួន១១០ ពីថ្នាក់មេត្តយ្យ ដល់ថ្នាក់ឧត្តមសិក្សា បណ្តោះអាសន្នសិន ដើម្បីកុំឲ្យជំងឺនេះរាលដាលកាន់តែខ្លាំង។ កម្ពុជាក៏តេស្តឃើញអ្នកឆ្លងកូវីដ-១៩ លើនាវាទេសចរណ៍ Viking Cruise Journey ពីហូជីមិញ ប្រទេសវៀតណាម ដែលសំចតនៅកំពង់ចាម ចំនួន៣នាក់បន្ថែមទៀត និងករណី២ចុងក្រោយលើជនជាតិកាណាដា និងបែលហ្ស៊ិក ក្នុងរាជធានីភ្នំពេញ។
សាលាបឋមសិក្សាទួលគោក ក្នុងរាជធានីភ្នំពេញ ដែលមានលោក ផាត់ សុខា ជានាយកសាលា បានបញ្ជាក់ថា ខាងសាលារបស់លោក បានចាប់ផ្តើមប្រើប្រាស់ម៉ាស៊ីនវាស់កម្តៅសម្រាប់សិស្សអស់រយៈពេលមួយសប្តាហ៍ហើយ ហើយក៏បានរៀបចំកន្លែងលាងដៃ ប្រព័ន្ធទឹកស្អាតគ្រប់គ្រាន់ និងទឹកអាល់កុល សម្រាប់ឲ្យសិស្ស និងគ្រូៗបានលាងសម្អាតដៃផងដែរ។ បើតាមលោក ផាត់ សុខា សិស្សានុសិស្សសឹងតែទាំងអស់គឺសុទ្ធតែមកលាងដៃជាប្រចាំតែម្តង ហើយឪពុកម្តាយសិស្សក៏មានការរៀបចំដាក់ទឹកលាងសម្អាតមេរោគដាក់ក្នុងកាតាបរបស់កូនរៀងខ្លួនផងដែរ។
សកម្មភាពសិស្សលាងដៃនៅតាមគ្រឹះស្ថានសិក្សា_រូបភាពពីក្រសួងអប់រំ
លោក ផាត់ សុខា នាយកសាលាបឋមសិក្សាទួលគោក បានរៀបរាប់ដូច្នេះថា៖«យើងបាននិយាយពេលគ្រប់គោរពទង់ជាតិ និងបានប្រជុំឲ្យលោកគ្រូអ្នកគ្រូនៅតាមថ្នាក់ ផ្សព្វផ្សាយដល់សិស្សឲ្យអនាម័យ។ អ៊ីចឹងមួយរយៈនេះពួកគេមានការយល់ដឹងច្រើនពីការអនាម័យ។ ហើយអាណាព្យាបាលដែលលោកជូនកូនមករៀន លោកក៏សប្បាយរីករាយ ដោយពួកគាត់ចូលរួមជាមួយយើង នៅពេលព្រលឹមឡើង គាត់សម្អាតដៃ និងវាស់កម្តៅដែរ ដោយយើងវាស់ជូនគាត់ទាំងអស់»។
ចំពោះវិទ្យាល័យហ៊ុនសែនព្រៃនប់ ខេត្តព្រះសីហនុ ឯណោះវិញក៏បានម៉ាស៊ីនវាស់កម្តៅ សម្រាប់ត្រួតពិនិត្យសុខភាពសិស្ស នៅមុនពេលចូលសាលារៀន មាដោយនលោកគ្រូអ្នកគ្រូប្រចាំការនៅមុខខ្លោងទ្វារ ចាំវាស់កម្តៅសិស្សម្តងម្នាក់ និងណែនាំឲ្យសិស្សសម្អាតដៃជាមួយនឹងទឹកស្អាត និងសាប៊ូមុនពេលចូលថ្នាក់រៀន មុនពេលកាន់ចំណីអាហារ និងក្រោយពេលចេញពីបន្ទប់ទឹកផងដែរ។
លោក ងៀម ស៊ីតារ៉ា នាយកវិទ្យាល័យហ៊ុនសែនព្រៃនប់ ខេត្តព្រះសីហនុ បានបញ្ជាក់ថា ទាំងសិស្ស និងលោកគ្រូអ្នកគ្រូចំនួន៧០ភាគរយហើយដែលតែងតែអនុវត្តនូវការលាងដៃជាមួយនឹងសាប៊ូជាប្រចាំមុនពេលចូលរៀន មុនកាន់ចំណីអាហារ និងក្រោយពេលចេញពីបន្ទប់ទឹក។
លោក ងៀម ស៊ីតារ៉ា បានប្រាប់ដូច្នេះថា៖«ខ្ញុំតែងតែផ្សព្វផ្សាយ និងណែនាំពួកគេឲ្យលាងដៃរហូត និងហូបទឹកឲ្យបានច្រើន។ ខ្ញុំផ្សព្វផ្សាយនៅដងទង់ជាតិរួមតែម្តង ខ្ញុំមានមេក្រូ សម្រាប់ផ្សព្វផ្សាយដល់ពួកគាត់ ដោយមួយអាទិត្យ យើងមានការគោរពទង់ជាតិម្តង»។ នាយកវិទ្យាល័យហ៊ុនសែនព្រៃនប់ខេត្តព្រះសីហនុរូបនេះ បានបន្តថា សាលារៀនរបស់លោក ក៏នឹងបន្តរៀបចំ កន្លែងលាងដៃ ធុងទឹកស្អាតចំណុះជាង១០០លីត្រ និងសាប៊ូ បន្ថែមទៀត ដើម្បីឲ្យសិស្សគ្រប់រូបបានអនុវត្តអនាម័យបានល្អត្រឹមត្រូវ។
បើតាមលោក ងៀម ស៊ីតារ៉ា តាំងពីសិស្សអនុវត្តអនាម័យដោយលាងដៃមក មិនមានសិស្សណាម្នាក់មានអាការៈធ្ងន់ធ្ងន់ឡើយ។ ករណីមានសិស្សណាម្នាក់មានអាការមិនសូវស្រួលខ្លួន ខាងសាលានឹងបញ្ជូនពួកគេទៅឲ្យឪពុកម្តាយវិញ និងណែនាំឲ្យឪពុកម្តាយបញ្ជូនកូនទៅត្រួតពិនិត្យសុខភាព។ ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទលោក ងៀម ស៊ីតារ៉ា បានប្រាប់ដូច្នេះ៖«សាលាអត់បានបង្ខិតបង្ខំឲ្យសិស្សណាម្នាក់ ឲ្យត្រូវតែមករៀននោះទេ ប្រសិនបើពួកគាត់មានសុខភាពមិនសូវល្អ គឺយើងអនុញ្ញាតឲ្យពួកគាត់ឈប់សម្រាកសិន ដើម្បីឲ្យគាត់ទៅត្រួតពិនិត្យសុខភាព»។
នៅតាមសាលារៀនក្នុងខេត្តកំពង់ចាម ក៏មានការពង្រឹងការណែនាំដល់សិស្សឲ្យចេះអនាម័យទាំងនៅក្នុងសាលាផង និងនៅផ្ទះផងកាន់តែច្រើនជាងមុន ដើម្បីបង្ការកុំឲ្យឆ្លងកូវីដ-១៩។ លោក សៀង សំណាង នាយកសាលាបឋមសិក្សា អនុវិទ្យាល័យទួលថ្ម ខេត្តកំពង់ចាម បានបញ្ជាក់ថា ក្រៅពីសាលាមានកន្លែងសម្រាប់ឲ្យសិស្សលាងដៃនៅក្បែរថា្នក់រៀន លោកគ្រូអ្នកគ្រូបន្ទុកថ្នាក់នីមួយៗក៏បានរៀបចំជាសាប៊ូ ធុងទឹក និងកន្សែងជូតដៃ មុនពេលឲ្យសិស្សចូលរៀន។
ទន្ទឹមនឹងពលរដ្ឋដឹងពីជកូវីដ-១៩ បានឆ្លងដល់ខេត្តកំពង់ចាមមក អាណាព្យាបាលសិស្សនីមួយៗមានក្តីបារម្ភពីកូនៗរបស់ខ្លួន ដោយឪពុកម្តាយខ្លះបានឃាត់កូនមិនឲ្យមករៀន និងបានស្នើសុំឲ្យសាលារៀនផ្អាកការសិក្សាមួយរយៈសិនផងដែរ។
«មានឪពុកម្តាយខ្លះបារម្ភពីកូនទៅ ក៏សុំច្បាប់ឲ្យកូនឈប់។ អាណាព្យាបាលសិស្ស បារម្ភច្រើនពេក គាត់តែងឃាត់កូនគាត់នៅផ្ទះអ៊ីចឹងដែរ ដើម្បីធានាសុវត្ថិភាពកូនគាត់អ៊ីចឹងទៅ។ ទាំងខ្ញុំជានាយកសាលាហ្នឹងក៏មានអារម្មណ៍ថាភ័យ និងចេះតែព្រួយបារម្ភដែរ។ ហើយយើងចេះតែនាំគ្នា ឲ្យមានការប្រុងប្រយ័ត្នទាំងអស់គ្នា ដោយជំរុញឲ្យសិស្សអនាម័យដោយលាងដៃជាប្រចាំ។ រឿងថាចង់ផ្អាកការសិក្សាហ្នឹង សាលាអាស្រ័យលើក្រសួងអប់រំ ថាតើក្រសួងមានគោលការណ៍យ៉ាងម៉េច ថាត្រូវតែផ្អាក ឬក៏ត្រូវតែបន្ត ហើយសាលាគឺចាំតែអនុវត្តតាម»។ នេះបើតាមការបញ្ជាក់ពីលោក សៀង សំណាង នាយកសាលាបឋមសិក្សា អនុវិទ្យាល័យទួលថ្ម ខេត្តកំពង់ចាមដែលស្នើឲ្យក្រសួងអប់រំ ជួយឧបត្ថម្ភម៉ាស៊ីនវាស់កម្តៅដល់សិស្ស និងបុគ្គលិកអប់រំក្នុងសាលារបស់ខ្លួន និងសាលារៀនផ្សេងទៀត ដែលមិនទាន់មានឧបករណ៍គ្រប់គ្រាន់សម្រាប់តាមដានលើសុខភាពសិស្ស។
បើតាមលោក សៀង សំណាង ដើម្បីជំរុញឲ្យឪពុកម្តាយ បញ្ជូនកូនមកសាលារៀនឲ្យបានទៀងទាត់វិញ ខាងសាលារៀនមានតែប្រឹងប្រែងពន្យល់ និងណែនាំពួកគាត់ឲ្យទុកចិត្តលើការគ្រប់គ្រងរបស់សាលា និងក្រសួងសុខាភិបាល។ លោកប្រាប់យ៉ាងដូច្នេះថា៖«ពោលយើងប្រាប់ទៅឪពុកម្តាយឲ្យជួយណែនាំកូន កុំឲ្យទៅកន្លែងទីប្រជុំជនណាដែលមានមនុស្សជួបជុំច្រើន ដែលអាចងាយនឹងមានហានិភ័យឆ្លងខ្ពស់ ដោយយើងមានជាមធ្យោបាយទំនាក់ទំនងរវាងគ្រូបន្ទុកថ្នាក់ និងឪពុកម្តាយសិស្សតាមMessenger។ យើងបានហាមឲ្យសិស្សដែលជាសិស្សមានវ័យជំទង់ ដែលចូលចិត្ត ចូលក្នុងហាងកាហ្វេប្រែនៗដែលភាគច្រើនមានភ្ញៀវបរទេសដែលយើងមិនដឹងពីប្រវត្តិថា ពួកគាត់មកពីណាខ្លះទេ។ បើសិនជាគាត់មានជំងឺមែន វាអាចនឹងឆ្លងលឿន»៕
Tag:
សាលារៀន
សិស្ស
អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com