អន្តរជាតិ
COVID-19៖ រដ្ឋាភិបាលព្រុយណេ ណែនាំឲ្យប្រជាជននៅឆ្ងាយពីគ្នា ខណៈមានករណីឆ្លងដល់ទារក រូបភាព៖AFP
× រដ្ឋាភិបាលព្រុយណេ បានណែនាំ និងស្នើឲ្យប្រជាជនរបស់ខ្លួនចូលរួមទប់ស្កាត់ការរីករាលដាលនៃវីរុស COVID-19 តាមការណែនាំនានាដែលរដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាល បានដាក់ចេញ។ ខណៈករណីឆ្លងវីរុស COVID-19 បន្តកើនឡើង រដ្ឋាភិបាលព្រុយណេ បានដាស់តឿនដល់ប្រជាជនថា ចំណាត់ការរបស់រដ្ឋាភិបាលតែម្ខាង មិនអាចជួយស្រោចស្រង់ស្ថានភាពបានឡើយ។
គិតត្រឹមថ្ងៃ១៥ មីនា នេះ ក្រសួងសុខភិបាលព្រុយណេ បានអះអាងថា មានករណីឆ្លងវីរុស COVID-19 ចំនួន ៤០ ករណីហើយ ដោយក្នុងនោះ ក៏រាប់បញ្ចូលទាំងទារក អាយុ ៩ ខែផងដែរ ខណៈដែលប្រជាជនប្រមាណជាង ៦០០ នាក់ ត្រូវបានដាក់ឲ្យស្នាក់នៅដាច់ដោយឡែក ដោយសារតែអ្នកទាំងនេះ មានប្រាស្រ័យទាក់ទងស្និទ្ធជាមួយនឹងអ្នកឆ្លង។ នេះបើយោងតាមសារព័ត៌មានព្រុយណេ The Scoop។
តាមប្រភពព័ត៌មានដដែល ក្រសួងសុខាភិបាលព្រុយណេ បានកំណត់មុខសញ្ញាលើប្រជាជនរបស់ខ្លួន ដែលទើបតែវិលត្រលប់ពីបណ្តាប្រទេសអឺរ៉ុប ជាមុខសញ្ញានៃអ្នករងការប៉ះពាល់ និងការឆ្លង ហើយបានតម្រូវឲ្យពួកគេ ស្នាក់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ និងចៀសវាងចូលរួមកម្មវីធីជាសាធារណៈផងដែរ។ ក្រសួងក៏ណែនាំឲ្យប្រជាជន កាត់បន្ថយការចេញដំណើរខាងក្រៅ ដែលមិនចាំបាច់ផងដែរ។
ជាចំណាត់ការបន្ទាប់ បើវីរុសនៅតែបន្តរីករាលខ្លាំង រដ្ឋមន្ត្រីសុខាភិបាលព្រុយណេ លោក Md Isham បានអះអាងថា រដ្ឋាភិបាល បានរៀបចំឲ្យមានការត្រៀមខ្លួនរួចជាស្រេចក្នុងការចល័តមន្ត្រីសុខាភិបាលឯកជនដើម្បីជួយសម្រួលបន្ទុក។
ក៏ប៉ុន្តែលោក សង្កត់ថា ទោះបីជារដ្ឋាភិបាលមានចំណាត់ការបែបណាក៏ដោយ ការរីករាលនៃជំងឺ នឹងមិនអាចទប់ទល់បានឡើយ ប្រសិនបើប្រជាជនមិនចូលរួម តាមរយៈការនៅដាច់ឆ្ងាយពីគ្នា ការលុបចោលការប្រមូលផ្តុំ និងការធ្វើខ្លួនជាប្រជាជនរបស់សង្គមប្រកបដោយការទទួលខុសត្រូវ៕
© រក្សាសិទ្ធិដោយ thmeythmey.com