COVID-19
អន្តរជាតិ
COVID-19 នៅ​អាស៊ាន​៖ ថៃ​, ឥ​ណ្ឌូ​ណេ​ស៊ី​ឡើង​ជាង​១០០​ករណី ហ្វីលីពីន​ស្លាប់​១១​នាក់​
15, Mar 2020 , 4:07 pm        
រូបភាព
ព្រះសង្ឃថៃមួយអង្គ បាញ់កម្តៅភ្ញៀវទេសចរបរទេសម្នាក់, រូបភាព៖ Reuters
ព្រះសង្ឃថៃមួយអង្គ បាញ់កម្តៅភ្ញៀវទេសចរបរទេសម្នាក់, រូបភាព៖ Reuters
​នា​ថ្ងៃអាទិត្យ ទី​១៥ ខែមីនា ឥណ្ឌូណេស៊ី និង​ថៃ បាន​រកឃើញ​ករណី​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​(COVID-19) បន្ថែមទៀត​។ ការណ៍​នេះ ធ្វើ​ឲ្យ​ឥណ្ឌូណេស៊ី និង​ថៃ​បាន​កើន​ករណី​COVID-19 សរុប​ជាង ១០០​ករណី​រៀងៗ​ខ្លួន​។ រីឯ​ហ្វីលីពីន តួលេខ​អ្នកស្លាប់​ឡើងដល់​១១​នាក់​ឯណោះ​។​


 
​នា​តំបន់​អាស៊ីអាគ្នេយ៍ បណ្តា​សមាជិក​អាស៊ាន​ចំនួន ៨​ប្រទេស បាន​រកឃើញ​COVID-19 ជា​បន្តបន្ទាប់​។ ថៃ និង​ឥណ្ឌូណេស៊ី គឺជា​ប្រទេស​រកឃើញ​ករណី​COVID-19 នៅ​ថ្ងៃទី​១៥ ខែមីនា នេះ​។

​តាមរយៈ​សន្និសីទកាសែត អ្នកនាំពាក្យ​រដ្ឋាភិបាល លោក​Achmad Yurianto បានប្រកាសថា ឥណ្ឌូណេស៊ី​បាន​រកឃើញ​ករណី​ឆ្លង​COVID-19 ចំនួន ២១​ករណី​បន្ថែមទៀត នៅថ្ងៃនេះ​។ ក្នុងចំណោម​អ្នកជំងឺ​ទាំងនោះ មាន​១៩​នាក់ មាន​វត្ត​មាននៅ​រដ្ឋធានី​ហ្សា​ការ​តា និង ២​នាក់​ទៀត នៅ​ភាគ​កណ្តាល នៃ​កោះ​ជ្វា (Java)​។ ករណី​សរុប​នៅ​ឥណ្ឌូណេស៊ី បាន​កើន​ដល់ ១១៧​ករណី ស្លាប់ ៥​ករណី និង​ជាសះស្បើយ ៥​ករណី​។

​ក្នុង​ថ្ងៃ​ដដែល​នេះ នៅ​ប្រទេស​ថៃ​ឯណោះ​វិញ អាជ្ញាធរ​សុខាភិបាល បាន​រកឃើញ​អ្នក​ផ្ទុក COVID-19 ក៏​មិនតិច​ដែរ ពោល​គឺមាន​រហូតដល់ ៣២​នាក់​។ នេះ គឺជា​តួលេខ​រកឃើញ​ដ៏​ច្រើន​របស់​ថៃ ចាប់តាំងពី​ផ្ទុះ​ជំងឺ​នេះ​មក​។ ករណី​សរុប ថៃ​មាន​COVID-19 ១១៤​ករណី ស្លាប់​មួយ​ករណី និង​ជាសះស្បើយ ៣៥​ករណី​។

​ម៉ាឡេស៊ី នាំមុខគេ​ក្នុង​តំបន់​ដែលមាន​អ្នក​ឆ្លង​២៣៨​ករណី (​សះស្បើយ​៣៥​នាក់​) បន្ទាប់មក​សិង្ហ​បុរី ដែលមាន​២១២​ករណី (​សះស្បើយ​១០៥​នាក់​)​។ ហ្វីលីពីន​ជា​ប្រទេស​ដែលមាន​ករណី​ស្លាប់​ច្រើនជាង​ក្នុង​តំបន់ ពោលគឺ​ឡើងដល់​ទៅ​១១​នាក់​ក្នុងចំណោម​១១១​ករណី ហើយ​ជាសះស្បើយ​២​ករណី​។​

​វៀតណាម​រក្សា​តួលេខ​ឆ្លង​៥៣​ករណី និង​សះស្បើយ​១៦​ករណី ខណៈ​ព្រុយ​ណេ​មាន​៤០​ករណី និង​កម្ពុជា​៧​ករណី​។ ក្នុងចំណោម​បណ្តា​សមាជិក​អាស៊ាន​ទាំងអស់ មានតែ​ឡាវ និង​មី​យ៉ាន់​ម៉ា​ប៉ុណ្ណោះ ដែល​នៅតែ​រក្សា​កំណត់ត្រា​មិនមាន​ករណី​COVID-19 នៅក្នុង​ប្រទេស​៕ 



Tag:
 ឥណ្ឌូណេស៊ី​
 ​ថៃ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com