ជាតិ
COVID-19 បាន​ក្លាយជា​ឧបសគ្គ​នៃ​គម្រោង​រៀបចំ​សង្ក្រាន្ត​តាម​ខេត្ត​
15, Mar 2020 , 8:29 pm        
រូបភាព
រូបភាព ព្រឹត្តិការណ៍សង្រ្កាន្តនៅខេត្តស្វាយរៀងកន្លងទៅ។ រូបភាពពីរដ្ឋបាលខេត្តស្វាយរៀង
រូបភាព ព្រឹត្តិការណ៍សង្រ្កាន្តនៅខេត្តស្វាយរៀងកន្លងទៅ។ រូបភាពពីរដ្ឋបាលខេត្តស្វាយរៀង
​គ្មាន​ឡើយ​សង្ក្រាន្ត​នៅ​សៀមរាប ដែល​នេះ​ជាការ​សម្រេច​ផ្ទាល់​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់ពី​ក្រុង​ទេសចរណ៍​មួយ​នេះ រកឃើញ​ករណី​ឆ្លង COVID-19 ដំបូង​។ ខេត្តបន្ទាយមានជ័យ ជា​ខេត្ត​ទី​ពីរ​ដែល​ប្រកាស​លុបចោល​គម្រោង​សង្ក្រាន្ត​របស់ខ្លួន​។ ក្រោយមក​មាន​ខេត្ត​ជា​បន្តបន្ទាប់ ខណៈ​ថ្នាក់ដឹកនាំ​ខេត្ត​ខ្លះ​មិនទាន់​សម្រេចចិត្ត​ដោយ​រង់​ចាំមើល​ស្ថានការណ៍​នៃ​ការ​រាលដាល COVID-19​។​



​គិត​ត្រឹម​ល្ងាច​ថ្ងៃអាទិត្យ ទី​១៥ ខែមីនា ឆ្នាំ​២០២០ នេះ ក្រៅពី​សៀមរាប និង​បន្ទាយមានជ័យ សារព័ត៌មាន​ថ្មីៗ ទទួលបាន​ព័ត៌មាន​ពី​ខេត្ត​ពីរ​ទៀត គឺ​ស្វាយរៀង និង​ព្រៃវែង ដែល​សម្រេច​ផ្អាក​ការរៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​ឆ្នាំ​២០២០ នា​អំឡុង​នៃ​ពិធី​ចូលឆ្នាំ​ខ្មែរ​។​

​ទាក់ទង​នឹង​បញ្ហា​នេះ លោក តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្តស្វាយរៀង បាន​បញ្ជាក់ថា ការផ្អាក​រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​ស្វាយរៀង​គឺ​ដើម្បី​ទប់ស្កាត់​ការចម្លង និង​ការឆ្លង​រីក​រាលដាល​ជំងឺ COVID-19 នៅ​កម្ពុជា ដែល​ស្ថានការណ៍​នេះ មិនដឹង​ពេលណា​អាច​ទប់ស្កាត់​ការរីក​រាលដាល​នេះ​បានឡើយ ។

​ដោយឡែក សង្ក្រាន្ត​ខេត្តកំពត និង​ខេត្តកណ្ដាល កំពុង​ក្រោម​ការពិចារណា ដោយ​អ្នករៀបចំ​រង់ចាំ​មើល​ស្ថានការណ៍​នៃ​ការ​រាលដាល COVID-19​។ រីឯ​ខេត្ត​ផ្សេងទៀត មិនទាន់​ការសម្រេច​ជា​ផ្លូវការ​នោះឡើយ​។

​រដ្ឋាភិបាល​កម្ពុជា​បានសម្រេច​ផ្អាក​ទិដ្ឋាការ​ជនបរទេស ពី​អ៊ីតាលី អាល្លឺម៉ង់ អេ​ស្ប៉ា​ញ បារាំង អាមេរិក និង​អ៊ីរ៉ង់ ចូល​កម្ពុជា​រយៈពេល​៣០​ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃទី​១៧ ខែមីនា​។ ចំណែកឯ គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ​សាធារណៈ និង​ឯកជន​នៅ​រាជធានី​ភ្នំពេញ និង​ក្រុង​សៀមរាប  ត្រូវ​ចូល​វិស្សមកាល​តូច​មុន​កំណត់ ក្រោយ​ការរកឃើញ​ករណី​ឆ្លង COVID-19 ជា​បន្តបន្ទាប់​។

 កម្ពុ​ជាមាន​ករណី​ឆ្លង COVID-19 ចំនួន​៧​ហើយ ដោយ​ករណី​ដំបូង​ជា​ជន​ជាតិចិន​អាយុ​៦០​ឆ្នាំ​នៅ​ក្រុងព្រះសីហនុ ដែល​បានជា​សះស្បើយ​។ ករណី​ទី​ពីរ​ជា​បុរស​ខ្មែរ​អាយុ​៣៨​ឆ្នាំ​នៅ​ខេត្តសៀមរាប បាន​ឆ្លង​ពី​ជនជាតិ​ជប៉ុន​ម្នាក់​។ បី​ករណី​កើត​លើ​ជនជាតិ​អង់គ្លេស ក្នុងនោះ​ស្ត្រី​១​នាក់ និង​ប្តី​ប្រពន្ធ​១​គូ ដែល​រកឃើញ​លើ​នាវា​ទេសចរណ៍ Viking Cruise Journey មកពី​ក្រុង​ហូជីមិញ ហើយ​សំចត​នៅ​ខេត្តកំពង់ចាម​។ បច្ចុប្បន្ន​អ្នកជំងឺ​ទាំងបី​សម្រាក​ព្យាបាល​នៅ​ភ្នំពេញ​។ ពីរ​ករណី​ចុងក្រោយ បាន​រកឃើញ​លើ​បុរស​កាណាដា និង​បែលហ្ស៊ិក ម្នាក់ នៅ​រាជធានី​ភ្នំពេញ​៕



Tag:
 សង្ក្រាន្ត​
  ព្រៃវែង​
  ស្វាយរៀង​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com