COVID-19
ជាតិ
COVID-19៖ កម្ពុជារកឃើញករណីទី៨ ដែលជាជនជាតិបារាំង មានប្រវត្តិធ្វើដំណើរពីសិង្ហបុរី
× ក្រសួងសុខាភិបាល នាថ្ងៃទី១៥ ខែមីនាបានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ករណីទី៨ នៅក្នុងប្រទេសកម្ពុជា។ អ្នកជំងឺជាជនជាតិបារាំងម្នាក់ អាយុ៣៥ឆ្នាំដែលមានប្រវត្តិធ្វើដំណើរពីក្រុងប៉ារីស ទៅដល់ប្រទេសសិង្ហបុរី កាលពីថ្ងៃទី១៣ ខែមីនា។
បើតាមលោកស្រី ឱ វណ្ណាឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ជនជាតិបារាំងរូបនេះ មានប្រពន្ធ និងប្រុសអាយុ៤ខែ ដែលធ្វើដំណើរជាមួយខ្លួន។ អាជ្ញាធរសិង្ហបុរី បានធ្វើតេស្តសំណាកវត្ថុវិភាគគាត់នៅយប់ថ្ងៃទី១៣ខែមីនា។
ដំបូងឡើយ គាត់មិនតម្រូវឲ្យធ្វើដំណើរចេញក្រៅឡើយ ពេលរង់ចាំលទ្ធផល ប៉ុន្តែអ្នកប្តូរវេនតាមដានសុខភាពគាត់បែរជាអនុញ្ញាតឲ្យគាត់ធ្វើដំណើរ ហើយរង់ចាំទទួលលទ្ធផលតាមក្រោយ។ គាត់ និងគ្រួសារ បានមកភ្នំពេញ តាមជើងហោះហើរ MI 602 កាលពីថ្ងៃទី១៤ ខែមីនា និងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅម៉ោង៨ និង៣០នាទីព្រឹក។
បុរសរូបនោះ ថាខ្លួនបានការពារខ្លួន ដោយពាក់ម៉ាស់ពេលធ្វើដំណើរ និងមិនមានកំដៅខ្លួនឡើយ។ ក្រោយសិង្ហបុរីចេញលទ្ធផលតេស្ត អាជ្ញាធរកម្ពុជាបានតាមដានភ្លាមៗ ហើយរកឃើញបុរសនោះ។
បច្ចុប្បន្នភរិយា និងកូនបុរសបារាំង ស្ថិតក្រោមការតាមដានសុខភាពរយៈពេល១៤ថ្ងៃ នៅផ្ទះប្អូនរបស់គាត់នៅម្តុំសង្កាត់ទួលទំពូង ខណៈអ្នកជំងឺត្រូវបានបញ្ជូនទៅពេទ្យខ្មែរសូវៀត។
តាមការស្រាវជ្រាវ អ្នកដំណើរលើយន្តហោះ២៤នាក់ និងបុគ្គល២នាក់ទៀត ជាអ្នកដឹកគ្រួសារបារាំងនោះទៅផ្ទះ។ អាជ្ញាធរកំពុងស្រាវជ្រាវអ្នកពាក់ព័ន្ធទាំងនោះ។
៧ករណីកន្លងមកនៅកម្ពុជា មាន៦ករណីជាជនជាតិបរទេស និង១ករណីជាជនជាតិខ្មែរ។ ករណីទី១ជាជនជាតិចិនអាយុ៦០ឆ្នាំនៅខេត្តព្រះសីហនុ ដែលក្រោយមកជាសះស្បើយ។ ករណីទី២ ជាបុរសជនជាតិខ្មែរអាយុ៣៨ឆ្នាំនៅខេត្តសៀមរាប ដែលបច្ចុប្បន្នមានសុខភាពប្រក្រតី។
៣ករណីត្រូវបានរកឃើញនៅលើនាវា Viking Cruise ដែលសំចតនៅខេត្តកំពង់ចាម ដែលជាជនជាតិអង់គ្លេសទាំង៣នាក់។ ម្នាក់ជាស្ត្រី និង២នាក់ទៀតជាប្តីប្រពន្ធ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។
ករណីទី៦ ជាបុរសជាតិកាណាដា ដែលបម្រើការនៅសាលាអន្តរជាតិមួយនៅភ្នំពេញ ដែលមានប្រវត្តិធ្វើដំណើរពីប្រទេសថៃ និងករណីទី៧ ជាបរទេសជនបែលហ្ស៊ិកដែលបម្រើការនៅអង្គការអន្តរជាតិមួយ ហើយទើបតែធ្វើដំណើរពីប្រទេសនៅអឺរ៉ុប៕
© រក្សាសិទ្ធិដោយ thmeythmey.com