ជាតិ
សម្ដេច ហ៊ុន សែន ឲ្យ​រក្សា​ព្រលានយន្តហោះ​បែក​ចាន ព្រោះ​នឹងមាន​គម្រោង​កសាង​នាពេលខាងមុខ​
15, Mar 2020 , 9:29 pm        
រូបភាព
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ណែនាំ​ឲ្យ​សាលាខេត្ត និង​ក្រសួង​មន្ទីរ​ពា់ក់ព័ន្ធ​នានា​ខិតខំ​សិក្សា និង​រក្សា​ឲ្យ​បាន​នូវ​ព្រលានយន្តហោះ​បែក​ចាន​។ សម្តេច​លើកឡើងថា ទោះ​មិនទាន់​ត្រូវការ​ប្រើប្រាស់ ប៉ុន្តែ​តម្រូវ​ការច្បាស់​ជា​នឹងមាន​នាពេលខាងមុខ​។​



​ថ្លែង​ក្នុង​ពិធីបុណ្យ​ទន្លេ​ខេត្តបាត់ដំបង នា​ល្ងាច​ថ្ងៃទី​១៤ ខែមីនា សម្តេច ហ៊ុន សែន លើកឡើងថា ត្រូវខិតខំ​សិក្សា និង​រក្សា​ឲ្យ​បាន​នូវ​ការកសាង​ព្រលានយន្តហោះ​បែក​ចាន បើទោះបីជា​ពេលនេះ​មិនទាន់​ត្រូវការ ប៉ុន្តែ​នៅពេល​ខាងមុខ ច្បាស់​ជា​ត្រូវការ​នូវ​ប្រ​លាន​យន្តហោះ​សម្រាប់​ខេត្តបាត់ដំបង​។ ទោះ​វា​មិនមែន​បែប​អន្តរជាតិ ប៉ុន្តែ​ពេល​ប្រជាពលរដ្ឋ​មាន​ជីវភាព​រីកចម្រើន មាន​តម្រូវការ​ធ្វើដំណើរ​រប​ស់​កាន់តែ​ខ្ពស់ ដូច្នេះ​ការហោះហើរ​ក្នុងស្រុក​ក៏ត្រូវ​តែមាន​។​
 
​សម្តេច​លើកឡើងថា​៖ «​ត្រូវតែមាន​ការរៀបចំ​ចក្ខុវិស័យ​មួយ​ដើម្បី​ពិនិត្យ​ពី​ការរៀបចំ​ព្រលានយន្តហោះ​បាត់ដំបង​ឡើងវិញ ដើម្បី​ជា​សេចក្ដីត្រូវការ​នៃ​ការអភិវឌ្ឍ​។ ក្នុងនោះ​យន្តហោះ​ក៏ត្រូវ​មាន​២​ប្រភេទ​ផងដែរ ជា​យន្តហោះ​ធម្មតា និង​ជា​ឧទ្ធម្ភាគចក្រ ដែល​អាចធ្វើ​ដំណើរ​បាន​ងាយស្រួល​ជាង​»​។

​សម្តេច​បានស្នើ​អភិបាលខេត្ត និង សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ជូនដំណឹង​ដល់​ពលរដ្ឋ​កុំ​ឲ្យ​សាង​សំណង់​ខ្ពស់ៗ​នៅ​ទី​តំបន់​ព្រលាន​ចាស់​នោះ ព្រោះ​អាច​ប៉ះពាល់​ដល់​គម្រោង​សាងសង់​ព្រលានយន្តហោះ​នាពេល​អនាគត​ខាងមុខ ។


​សម្ដេច​បាន​បញ្ជាក់ថា សម្រាប់​គម្រោង​ក្នុង​ឆ្នាំ​២០២១ បើ​ការសិក្សា​បាន​ច្បាស់​ជាក់លាក់​ហើយ​នោះ នឹងត្រូវ​សាងសង​ផ្លូវ​មួយ​ខ្សែ ដែលជា​ការតភ្ជាប់​មួយ​យ៉ាងសំខាន់​ខេត្តបាត់ដំបង ជាមួយ​ខេត្ត​ដែល​នៅ​ជុំវិញ ដូចជា​ខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ ខេត្ត​ប៉ៃលិន និង​ខេត្តកោះកុង​៕







Tag:
 បាត់ដំបង​
  ព្រលានយន្តហោះ​
© រក្សាសិទ្ធិដោយ thmeythmey.com