COVID-19
អន្តរជាតិ
COVID-19៖ ១៩០​ករណី​ថ្មី​នៅ​ម៉ាឡេស៊ី មាន​ទាក់ទង​នឹង​ព្រះវិហារ​សាសនា​
15, Mar 2020 , 10:59 pm        
រូបភាព
រូបភាព៖ EPA-EFE
រូបភាព៖ EPA-EFE
​នា​ថ្ងៃទី​១៥ ខែមីនា ម៉ាឡេស៊ី​រកឃើញ​ករណី​ឆ្លង នៃ​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) ចំនួន ១៩០​ករណី ដែលមាន​ពាក់ព័ន្ធ​ទៅនឹង​ព្រះវិហារ​សាសនា​ឥស្លាម​។ ការណ៍​នេះ ធ្វើ​ឲ្យ​ករណី​សរុប​COVID-19 នៅ​ម៉ាឡេស៊ី កើន​ដល់ ៤២៨​ករណី​។​



​បើតាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងសុខាភិបាល ម៉ាឡេស៊ី​បាន​រកឃើញ​អ្នក​ឆ្លង​COVID-19 ចំនួន ១៩០​ករណី គឺមាន​ទាក់ទង​ពិធីបុណ្យ​សាសនា ដែល​ប្រា​រព​ឡើង​នៅ​វិហារ​សាសនា​ឥស្លាម​មួយកន្លែង​នៅ​ម៉ាឡេស៊ី​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ក្រសួងសុខាភិបាល កំពុង​ស្រាវជ្រាវ​រក​អ្នកពាក់ព័ន្ធ​នឹង​ករណី​ថ្មី​នេះ​បន្ថែមទៀត​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទូរទស្សន៍ Channel News Asia​។

​ពិធី​សាសនា​មួយ​នេះ មាន​មនុស្ស​ចូលរួម​រហូតដល់​ទៅ ១៦០០០​នាក់​ឯណោះ និង​មាន​អ្នកចូលរួម​មកពី ៤ ឬ​៥​ប្រទេស​។
​សូមបញ្ជាក់ថា ករណី​នៅ​ម៉ាឡេស៊ី​នេះ គឺ​ស្រដៀង​គ្នា​ទៅនឹង​ករណី​នៅ​កូរ៉េខាងត្បូង​ដែរ ដែល​COVID-19 បាន​ឆ្លងទៅ​មនុស្ស​ជាច្រើន​នាក់​តាមរយៈ​ព្រះវិហារ​សាសនា​៕


Tag:
 ម៉ាឡេស៊ី​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com