COVID-19
ជាតិ
COVID-19៖ ៤ករណីទៀតនៅកម្ពុជាក្នុងនោះមានខ្មែរឥស្លាម២នាក់នៅខេត្តព្រះវិហារ
× ក្រសួងសុខាភិបាលនាយប់ថ្ងៃទី១៥ ខែមីនា នេះ បានប្រកាសពីការរកឃើញ៤ករណីទៀតនៅកម្ពុជា ក្នុងនោះ២នាក់ជាជនជាតិខ្មែរឥស្លាមនៅខេត្តព្រះវិហារ ម្នាក់ជាជនជាតិខ្មែរពីបារាំង និងម្នាក់ទៀតជាទារកបារាំងអាយុ៤ខែ។ សរុបកម្ពុជាមាន១២ករណីហើយ។
ក្មេងប្រុសបារាំងអាយុ៤ខែ ដែលជាកូនរបស់ជនជាតិបារាំងអាយុ៣៥ និងជាករណីទី៨នៅកម្ពុជា បានរកឃើញវិជ្ជមាន COVID-19 ដូចឪពុករបស់ខ្លួន ហើយត្រូវបានរៀបចំយកទៅព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ។ រីឯម្តាយរបស់គេវិញ អវិជ្ជមាន។
ករណីបុរសជនជាតិខ្មែរម្នាក់ ត្រូវរកឃើញក្រោយគាត់ត្រឡប់មកពីបារាំង ហើយមានលទ្ធផលតេស្តវិជ្ជមាន COVID-19 ហើយបច្ចុប្បន្នគាត់ស្ថិតនៅក្រោមការព្យាបាល ដាច់ ដោយ ឡែកនៅមន្ទីរពេទ្យខ្មែរ-សូវៀត។
រីឯករណីខ្មែរឥស្លាម២នាក់នៅព្រះវិហារ ពួកគាត់មានអាយុ៣៥ឆ្នាំ និង៣៩ឆ្នាំ។ ពួកគាត់ស្ថិតក្នុងចំណោមមនុស្ស១០នាក់ដែលបានវិលត្រឡប់ទៅខេត្តព្រះវិហារវិញ កាលពីថ្ងៃទី៣ ខែមីនា ក្រោយចូលរួមពិធីសាសនានៅគូឡាឡាំពួរ។ ពួកគាត់ស្ថិតនៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តព្រះវិហារ រីឯ៨នាក់ទៀតដែលអវិជ្ជមានត្រូវបន្តស្ថិតក្រោមការតាមដានសុខភាព១៤ថ្ងៃ។
មកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លង COVID-19 ចំនួន១២ករណីហើយ។ ករណីទី១ជាជនជាតិចិននៅខេត្តព្រះសីហនុ ករណីទី២ ជាជនជាតិខ្មែរនៅសៀមរាប។ ៣ករណីជាជនជាតិអង់គ្លេសនៅនាវា Viking Cruise ដែលសំចតនៅខេត្តកំពង់ចាម។ ករណីទី៦ជាជនជាតិកាណាដា។ ករណីទី៧ ជាជនជាតិបែលហ្ស៊ិក។ ករណីទី៨ជាជនជាតិបារាំង។
ករណីទី៩ ជាទារកអាយុ៤ខែ និងជាកូនជនជាតិបារាំង (ករណីទី៨)។ បុរសខ្មែរពីបារាំង ជាករណីទី១០ និង២ករណីចុងក្រោយ ជាជនជាតិខ្មែរឥស្លាមនៅខេត្តព្រះវិហារ៕
© រក្សាសិទ្ធិដោយ thmeythmey.com