COVID-19
ជាតិ
មន្ត្រី និង​ពលរដ្ឋ​ខ្មែរ​ដែល​ទើប​មកពី​អឺរ៉ុប អាមេរិក និង​អ៊ីរ៉ង់ ត្រូវ​នៅ​ដាច់ដោយឡែក​១៤​ថ្ងៃ​សិន​
16, Mar 2020 , 6:47 am        
រូបភាព
ដោយ: រួបរួម
សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​១៥ ខែមីនា បានចេញ​សេចក្តីណែនាំ​ស្តីពី​វិធានការ​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩ ដែល​កំពុងមាន​ភាព​ធ្ងន់ធ្ងរ​នៅ​បណ្តា​ប្រទេស​អឺរ៉ុប សហរដ្ឋអាមេរិក និង​អ៊ីរ៉ង់ ខណៈ​កម្ពុជា បាន​រកឃើញ​ចំនួន​១២​ករណី​ហើយ​។​



អត្ថបទទាក់ទង


​ដើម្បី​ទប់ស្កាត់​ការ​រាលដាល ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​ណែនាំ​ដល់​ពលរដ្ឋ កុំ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ដែល​កំពុង​រាលដាល​ទាំងនោះ ប្រសិនបើ​មិនមាន​ករណី​ចាំបាច់​បំផុត​ដែល​ខានមិនបាន​។ ជាមួយគ្នានេះ សម្តេច ហ៊ុន សែន បាន​ប្រាប់​ទៅ​ថ្នាក់ដឹកនាំ​ក្រសួង ស្ថាប័ន​ទាំងអស់ មិនត្រូវ​ឲ្យ​មន្ត្រី​ទៅ​ចូលរួម​កិច្ចប្រជុំ​នៅ​អឺរ៉ុប សហរដ្ឋអាមេរិក និង​អ៊ីរ៉ង់​នោះឡើយ​។​

​ចំពោះ​ករណី​ដែល​ចាំបាច់​ដែល​តម្រូវ​ឲ្យ​មាន​តំណាង​កម្ពុជា​ចូលរួម​ខាង​មិនបាន សម្តេច​បាន​ណែនាំ​ឲ្យ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ធ្វើសំណើ​ទី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដើម្បី​ចាត់​តំណាង​ស្ថានទូត​នៅ​ប្រទេស​ម្ចាស់ផ្ទះ​ចូលរួម​ជំនួស​។​

​ស្របតាម​នីតិវិធី​កំណត់ដោយ​ក្រសួងសុខាភិបាល សម្តេច ហ៊ុន សែន បាន​តម្រូវ​ឲ្យ​មន្ត្រីរាជការ និង​ពលរដ្ឋ​កម្ពុជា ដែល​ទើប​ត្រឡប់​ពី​អឺរ៉ុប សហរដ្ឋអាមេរិក និង​អ៊ីរ៉ង់ ដាក់​ខ្លួនឯង​ឲ្យ​នៅ​ដាច់ដោយឡែក​រយៈពេល​១៤​ថ្ងៃ ដោយ​គិត​ចាប់តាំងពី​ថ្ងៃ​មកដល់​កម្ពុជា​វិញ​។​

​បច្ចុប្បន្ន កម្ពុជា​រកឃើញ​អ្នក​ឆ្លង COVID-19 ចំនួន​១២​ករណី ដោយ​ផ្តើម​ពី​ករណី​ដំបូង​លើ​បុរស​ទេសចរ​ចិន​ម្នាក់​នៅ​ខេត្ត​ព្រះសីហនុ បន្ទាប់មក​បុរស​ខ្មែរ​ម្នា​ក់នៅ​ខេត្តសៀមរាប  ជនជាតិ​អង់គ្លេស​៣​នាក់​នៅ​នាវា Viking Cruise ដែល​ចត​នៅ​កំពង់ចាម បុរស​កាណាដា​ម្នាក់​ដែលជា​គ្រូបង្រៀន​សាលា​អន្តរជាតិ​មួយ បុរស​បែលហ្ស៊ិក ដែលជា​បុគ្គលិក​អន្តរជាតិ​មួយ​។​
​កាលពី​ថ្ងៃទី​១៥ ខែមីនា ក្រសួងសុខាភិបាល​បានប្រកាស​ពី​ការរកឃើញ​៥​ករណី​ទៀត ដែល​ក្នុងនោះ​មាន​បុរស​បារាំង​ម្នាក់​ដែល​មកពី​បារាំង ហើយ​ឆ្លង​ធ្វើតេស្ត​នៅ​សិង្ហ​បុរី​។ បន្ទាប់មក​នោះ​ពេលយប់ មានការ​ប្រកាស​៤​ករណី​បន្ថែម ក្នុងនោះ​មាន​ទារក​បារាំង​អាយុ​៤​ខែ​ដែលជា​កូន​បុរស​បារាំង​ខាងលើ បុរស​ខ្មែរ​ម្នាក់​ពី​ប្រទេស​បារាំង និង​បុរស​ខ្មែរឥស្លាម​២​នាក់​នៅ​ខេត្តព្រះវិហារ ដែលមាន​ប្រវត្តិ​ទៅ​ចូលរួម​ពិធីបុណ្យ​សាសនា​នៅ​គួ​ឡា​ឡាំ​ពួរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com