COVID-19
អន្តរជាតិ
ក្រុមហ៊ុនជប៉ុនមួយនឹងចេញលក់ឧបករណ៍តេស្តរកឃើញ COVID-19 ត្រឹម១៥នាទី ប្រភពរូប៖ Kyodo
× ក្រុមហ៊ុនវាយនភណ្ឌ និងគីមីរបស់ជប៉ុន Kurabo Industries Ltd. បានប្រកាសថា ខ្លួននឹងដាក់ឲ្យលក់លើទីផ្សារនូវឧបករណ៍ធ្វើតេស្តរក COVID-19 ដែលនឹងចាប់ផ្តើមពីសប្តាហ៍ក្រោយទៅ។ សង្វាក់ផលិតកម្មនេះ នឹងមានការសហការជាមួយនឹងក្រុមហ៊ុនផលិតដែលមានទីតាំងនៅប្រទេសចិន។ ហើយអ្វីដែលពិសេសនោះ ឧបករណ៍ធ្វើតេស្តនេះនឹងអាចបញ្ជាក់លទ្ធផលបានក្នុងរយៈពេល១៥នាទី។
តាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Japan Times កាលពីថ្ងៃទី១៣ ខែមីនា ឧបករណ៍មួយនេះ នឹងប្រើប្រាស់តំណក់ឈាមរបស់មនុស្ស និងសារធាតុគីមីប្រតិកម្ម (Reagent) ក្នុងការតាមដានរកវត្តមានរបស់វីរុស ចៀសជាងការប្រើប្រាស់តេស្តប្រភេទ Polymerase Chain Reaction ឬ PCR ដែលទាមទារថវិកា និងពេលវេលាច្រើនក្នុងការតាមដានលទ្ធផល។ ជាធម្មតា តេស្ត PCR ត្រូវការប្រើប្រាស់ពេលពី៤ ទៅ៦ម៉ោងក្នុងការដឹងវត្តមាននៃវីរុស។
ឧបករណ៍តេស្ត COVID-19 របស់ក្រុមហ៊ុនឧស្សាហកម្ម Kurabo មួយនេះនឹងបញ្ចេញខ្សែពណ៌ក្រហមនៅលើកន្លែងបញ្ជាក់ នៅពេលដែលឈាមរបស់អ្នកជំងឺមានផ្ទុកវីរុស COVID-19 ក្រោយពេលដែលត្រូវបានលាយបញ្ចូលគ្នាជាមួយនឹងសារធាតុគីមីប្រតិកម្មរួចរាល់ហើយ។ ខ្សែពណ៌ក្រហមនេះនឹងលោតឡើងនៅពេលដែលគេរកឃើញវត្តមានរបស់ Antibody នៃវីរុស។ Kurabo នឹងដាក់លក់ឧបករណ៍តេស្តនេះទៅកាន់ក្រុមវិទ្យាស្ថានវេជ្ជសាស្ត្រនានា ក្នុងតម្លៃ២៥ពាន់យ៉េន (ជាង២៣០ដុល្លារអាមេរិក) ដែលអាចអនុវត្តតេស្តបានចំនួន១០ដង។
ឧបករណ៍តេស្តនេះក៏អាចតាមដានរកវត្តមាននៃវីរុសនៅក្នុងកាលៈទេសៈដំបូងនៃការឆ្លងជំងឺផងដែរ។ ក្រុមហ៊ុនមួយនេះបានរំពឹងថាខ្លួននឹងអាចផ្គត់ផ្គង់ឧបករណ៍តេស្តបានរហូតទៅដល់១ម៉ឺនតេស្តក្នុងមួយថ្ងៃៗ ក្រោយពីការចេញលក់ចាប់ពីថ្ងៃចន្ទនៃសប្តាហ៍ក្រោយនេះតទៅ៕
© រក្សាសិទ្ធិដោយ thmeythmey.com