COVID-19
អន្តរជាតិ
ក្នុង​មួយថ្ងៃ អ៊ីតាលី​មាន​ករណី​ឆ្លង​COVID-19 ជាង​៣​ពាន់​ករណី ខណៈ​មន្ទីរពេទ្យ​ខ្វះ​គ្រែ​អ្នកជំងឺ​
16, Mar 2020 , 11:19 am        
រូបភាព
រូបភាព៖  EPA-EFE, ANSA
រូបភាព៖ EPA-EFE, ANSA
​អ៊ីតាលី នា​ថ្ងៃទី​១៥ ខែមីនា បាន​រកឃើញ​ករណី​ឆ្លង​ជំងឺ​ផ្លូវដង្ហើម​ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) ជាង ៣០០០​ពាន់​ករណី និង​ស្លាប់ ៣៦៨​ករណី ខណៈ​មន្ទីរពេទ្យ កំពុង​ប្រឈម​បញ្ហា​ខ្វះ​គ្រែ និង​សម្ភារ​មួយចំនួន​សម្រាប់​អ្នកជំងឺ​។


 
​មួយរយៈ​ចុងក្រោយ​នេះ អ៊ីតាលី បាន​រកឃើញ​ករណី​ឆ្លង​COVID-19​យ៉ាងច្រើន ពោលគឺ​ច្រើនជាង​ប្រទេស​ដទៃ​ទៅទៀត​។ នា​ថ្ងៃទី​១៤ ខែមីនា អ៊ីតាលី បាន​រកឃើញ​អ្នក​ឆ្លង​COVID-19 ចំនួន ៣៤៩៧​ករណី និង​អ្នកស្លាប់ ១៧៥​ករណី ហើយ​ចំនួន​នេះ នៅតែ​បន្ត​កើនឡើង​ថែមទៀត​នៅ​ថ្ងៃ​បន្ទាប់​។ នៅ​ថ្ងៃទី​១៥ ខែមីនា អ៊ីតាលី បាន​រកឃើញ ៣៥៩០​ករណី និង​អ្នកស្លាប់ ៣៦៨​ករណី​។ ករណី​សរុប​នៅ​អ៊ីតាលី មាន​ចំនួន ២៤៧៤៧​ករណី អ្នកស្លាប់ ១៨០៩​ករណី និង​អ្នកជា​សះស្បើយ ២៣៣៥​ករណី​។ 
 
​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អភិបាល​តំបន់ Lombardy ភាគ​ខាងជើង​អ៊ីតាលី លោក Attilio Fontana បាន​និយាយថា តំបន់​របស់លោក កំពុង​ប្រឈម​បញ្ហា​ខ្វះ​សម្ភារ​ពេទ្យ​មួយចំនួន​នៅក្នុង​មន្ទីរពេទ្យ​។ សម្ភារ​ទាំងនោះ​មានដូចជា គ្រែពេទ្យ ម៉ាស៊ីន​ជំនួយ​សួត ម៉ាស៊ីន​អុកស៊ីសែន និង​សម្ភារ​មួយចំនួន​។ បើតាម​លោក​Attilio ប្រសិន​ស្ថានភាព​នៅតែ​បែបនេះ​ទៀត មន្ទីរពេទ្យ​នឹងមិន​អាចជួយ​សង្គ្រោះ​មនុស្ស​ជាច្រើន​នាក់​បានទេ ដោយសារតែ​សម្ភារ​នេះ នឹងខ្វះ​ក្នុងពេល​ខាងមុខនេះ​។ 
 
​ចំណែក​ម៉ាស់​វិញ ក៏​កំពុង​ខ្វះខាត​ដែរ​នៅ​អ៊ីតាលី ប៉ុន្តែ​វា​មិនជា​បញ្ហា​ចោទ​នៅឡើយ​ទេ ដោយសារ​រដ្ឋាភិបាល​បានគិត​គូរ​ពី​បញ្ហា​នេះ និង​មានការ​នាំចូល​ម៉ាស់​ក្នុងពេល​ឆាប់ៗ​ខាងមុខ​។ បើតាម​អភិបាលក្រុង Milan ដែលជា​ទីក្រុង​ប្រជុំជន​មួយ​របស់​តំបន់ Lombardy លោក Milan Beppe Sala ម៉ាស់​ជាច្រើន នឹង​មកដល់​អ៊ីតាលី នា​ថ្ងៃទី​២០ ខែមីនា​ខាងមុខនេះ បន្ទាប់ពី​បញ្ជា​ទិញ​ពី​ចិន​។ 
 
​សូមបញ្ជាក់ អ៊ីតាលី នៅតែ​បន្ត​រកឃើញ​COVID-19 ជាច្រើន​ករណី​ដដែល បើទោះបីជា​ប្រទេស​អឺរ៉ុប​មួយ​នេះ បានចេញ​វិធាន​ការបិទ​សាលារៀន រឹតត្បិត​ការធ្វើដំណើរ​នៅ​ទូទាំងប្រទេស បិទ​ព្រឹត្តិការណ៍​កីឡា​ផ្សេងៗ និង​វិធានការ​ផ្សេងៗ​ជាដើម​។ មកទល់ពេលនេះ អ៊ីតាលី គឺជា​ប្រទេស​រងគ្រោះ​ខ្លាំងជាងគេ​បំផុត​នៅក្នុង​ពិភពលោក ខណៈពេល​ចិន ដែលជា​ប្រទេស​ផ្ទុះ COVID-19 ដំបូង​គេ​នោះ កំពុងតែ​ថមថយ​ករណី​ឆ្លង​នៅក្នុង​ប្រទេស​៕

Tag:
 ​អ៊ីតាលី​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com