ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ជួយ​ចែករំលែក​! អ្នកជំងឺ​ទឹកនោមផ្អែម​គួរ​ចៀសវាង​ទទួលទាន​អ្វីខ្លះ​?
16, Mar 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​របប​អាហារ​ជះឥទ្ធិពល​គួរឱ្យ​ព្រួយបារម្ភ​លើ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​។ ការទទួល​ទាន​អាហារ​តាមតែ​ចិត្ត​មិនល្អ​សោះឡើយ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម ក៏​ព្រោះ​វា​អាច​បណ្ដាលឱ្យ​ស្ថានភាព​នៃ​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ​។


 
​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែល​អ្នកជំងឺ​ទឹកនោមផ្អែម​គួរ​ចៀសវាង ៖
 
១. អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​កាបូ​អ៊ី​ដ្រា​ត​
 
​ការកាត់បន្ថយ​ការទទួល​ទាន​អាហារ​សម្បូរ​ដោយ​កាបូ​អ៊ី​ដ្រា​ត​ជា​គន្លឹះ​ចម្បង​មួយ​ដែល​អ្នក​គួរ​អនុវត្ត​ដើម្បី​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម​។ បរិមាណ​នៃ​កាបូ​អ៊ី​ដ្រា​ត​ច្រើនពេក​ធ្វើឱ្យ​កោសិកា​ធន់​នឹង​អាំង​ស៊ុយ​លីន​បង្កបញ្ហា​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​។ ទោះជា​យ៉ាងណា​មិនមែន​មានន័យថា​អ្នក​ត្រូវ​ឈប់​ទទួលទាន​អាហារ​មាន​ផ្ទុក​កាបូ​អ៊ី​ដ្រា​ត​តែម្ដង​ឡើយ​ក៏​ព្រោះ​រាងកាយ​នូវ​ត្រូវការ​វា​! អ្វីដែល​សំខាន់ គឺ​ត្រូវ​កាត់បន្ថយ​ការទទួល​ទាន​។​
 
២. អាហារ​ចៀន​បំពង​
 
​អាហារ​ចៀន ឬ​បំពង​ភាគច្រើន គឺមាន​ផ្ទុក​ជាតិ​ខ្លាញ់​មិនល្អ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​ជ្រើសរើស​វិធី​ចម្អិន​ផ្សេងទៀត​ដូចជា​ស្ងោរ អាំង ឬ​ចំហុយ​ជំនួស​វិញ​។ ប្រសិនបើ​អ្នក​ឈប់​ទទួលទាន​អាហារ​ចៀន ឬ​បំពង​មិនបាន​ចូរ​ជ្រើសរើស​ប្រើប្រាស់​ខ្លាញ់​ល្អ​ដូចជា​ប្រេង​អូ​លីវ​។​
 
៣. ភេសជ្ជៈ​គ្មាន​ជាតិ​ស្ករ ឬ​ផ្ទុក​ជាតិ​ផ្អែម​សិប្បនិម្មិត​
 
​ប្រសិនបើ​អ្នក​គិតថា​ភេសជ្ជៈ​គ្មាន​ជាតិ​ស្ករ​ដែល​ផ្ទុក​ជាតិ​ផ្អែម​សិប្បនិម្មិត​មិនអាច​ជះឥទ្ធិពល​អ្វី​លើ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​នោះ​ចូរ​គិត​ម្ដងទៀត​! តាមពិតទៅ​ជាតិ​ផ្អែម​សិប្បនិម្មិត​អាច​បង្កើន​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​គួរឱ្យកត់សម្គាល់​។ នោះ​ក៏​ព្រោះតែ​ជាតិ​ផ្អែម​សិប្បនិម្មិត​ជះឥទ្ធិពល​លើ​សុខភាព​ពោះវៀន​ដែល​នឹង​បង្ក​ផលប៉ះពាល់​ដល់​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​។​
 
៤. បា​យស​
 
​បា​យស​ធ្វើ​ឳ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ឆាប់រហ័ស​ដោយសារ​វា​មាន​ផ្ទុក​ជាតិ​សរសៃ​តិច ប៉ុន្តែ​ជាតិ​កាបូ​អ៊ី​ដ្រា​ត​ដែល​រាងកាយ​បំ​លែង​ទៅជា​ជាតិ​ស្ករ​ខ្ពស់​។​ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​អ្នក​គួរ​កាត់បន្ថយ​បា​យស ហើយ​ព្យាយាម​ទទួលទាន​បាយ​អង្ករសម្រូប​ជំនួស​វិញ​ក៏​ព្រោះ​វា​មាន​ផ្ទុក​ជាតិ​សរសៃ​ខ្ពស់​។ ជាតិ​សរសៃ​អាចជួយ​គ្រប់គ្រង​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ឳ្យ​មាន​ស្ថេរភាព​។​
 
៥. ផ្លែឈើ​ក្រៀម ឬ​ដំណាំ​ផ្លែឈើ​
 
​ពិតណាស់​ផ្លែឈើ គឺ​ល្អ​សម្រាប់​សុខភាព​ដោយ​វា​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ជាតិ​សរសៃ វីតាមីន និង​ជាតិ​រ៉ែ​សំខាន់ៗ​។ ទោះជា​យ៉ាងណា​អ្នក​ដែល​កំពុង​ប្រឈមមុខ​នឹង​បញ្ហា​ជាតិ​ស្ករ​ខ្ពស់​ក្នុង​ឈាម ព្រមទាំង​អ្នកជំងឺ​ទឹកនោមផ្អែម​គួរ​កម្រិត​បរិមាណ​នៃ​ការ​ទទួលទាន​ផ្លែឈើ ក៏​ព្រោះ​ផ្លែឈើ​មួយចំនួនធំ​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់ ពិសេស គឺ​ផ្លែឈើ​ក្រៀម ឬ​ដំណាំ​ផ្លែឈើ​តែម្ដង​។​
 
៦. អាហារ​កញ្ចប់​

​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ ឬ​អ្នក​ដែល​មិន​ចង់​កើត​ជំងឺ​នេះ គួរ​ជៀសឱ្យផុត​ពី​ការទទួល​ទាន​អាហារ​កញ្ចប់​។ អាហារ​ប្រភេទ​នេះ​មិន​ត្រឹមតែ​ធ្វើឱ្យ​អ្នក​ពិបាក​ក្នុងការ​សម្រក​ទម្ងន់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់​មិនល្អ​ដែល​អាច​បង្កើន​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់ ហើយ​កាត់បន្ថយ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ​ក្នុង​ឈាម​បង្ក​ទៅជា​បញ្ហា​សុខភាព​គួរឱ្យ​ព្រួយបារម្ភ​។ លើសពីនេះទៅទៀត​ការទទួល​ទាន​អាហារ​កញ្ចប់​ច្រើន​ក៏បង្ក​ការ​រលាក​ផ្សេងៗ​ក្នុង​រាងកាយ​ដែល​អាច​នាំ​ឲ្យ​កើតមាន​ជំងឺ​ទឹកនោមផ្អែម​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com