រថយន្ត
អន្តរជាតិ
ព្រឹត្តិការណ៍​យានយន្ត​ធំៗ​លើ​ពិភពលោក ត្រូវបាន​លុបចោល​ជា​បន្តបន្ទាប់​ដោយសារ COVID-19
16, Mar 2020 , 7:39 pm        
រូបភាព
ដោយ: ធីតា
​ព្រឹត្តិការណ៍ Frankfurt Motor Show នៅ​អាល្លឺម៉ង់ បន្ទាប់មក​នៅ​ប៉េកាំង​, ហ្ស៉ឺ​ណែវ រហូតដល់​ញូវយ៉ក ត្រូវបាន​លុបចោល​ជា​បន្តបន្ទាប់ ដោយសារតែ​ការ​រាលដាល​ពេញ​ពិភពលោក​នៃ COVID-19​។ បើតាម​ការផ្សាយ​របស់ USA Today ព្រឹត្តិការណ៍​យានយន្ត​ក្របខណ្ឌ​ថ្នាក់ជាតិ​នានា ក៏ត្រូវ​បាន​លុបចោល​ផងដែរ​។​

 
​នៅ​រដ្ឋ Illinois សហរដ្ឋអាមេរិក អ្នករៀបចំ​ព្រឹត្តិការណ៍ All Sports Car Swap Autojumble បាន​អះអាងថា ទទួលបាន​ទំនាក់ទំនង​ពី​មនុស្ស​ជាច្រើន​ដែល​សំណូមពរ​ឲ្យ​រំសាយ​ចោល​ព្រឹត្តិការណ៍ ខណៈ​រដ្ឋ​ទាំងមូល​រកឃើញ​ករណី​ឆ្លង COVID-19 ជាង​២៥​នាក់​។​
 
​វា​ជា​រឿង​ដែល​កាន់តែ​មិនអាច​ទៅរួច​សម្រាប់​ក្រុម​រៀបចំ​ព្រឹត្តិការណ៍​យានយន្ត ដោយសារតែ​អាជ្ញាធរ បាន​លុបចោល​កម្មវិធី​ដែលមាន​ការជួបជុំ​គ្នាច្រើន ដូចជា St. Patrick’s Day ជាដើម ហេតុដូច្នេះ អ្នក​ដែល​ស្រឡាញ់​ម៉ូដ​រថយន្ត​ទំនើបៗ ក៏​មិនអាច​ជួបជុំគ្នា​បានដែរ​។​
 
​នៅ​ញូវយ៉ក ក្រុម​អ្នករៀបចំ​ព្រឹត្តិការណ៍ New York Auto Show បាន​អះអាងថា ពួកគេ​នៅតែ​បន្ត​រៀបចំ​ជំនួប​តូចៗ​សម្រាប់​អតិថិជន​ក្នុង​តំបន់ ប៉ុន្តែ​មិនអាច​រៀបចំ​ជា​លក្ខណៈ​អន្តរជាតិ​បាន​នោះឡើយ​។ លោក Robert Ross ទីប្រឹក្សា​យានយន្ត​របស់​ក្រុមហ៊ុន​ទស្សនា​វ​ដ្តី Robb Report Magazine បាន​អះអាងថា​៖ «​ជំនួប​តូចៗ​នៅតែ​អាចមាន ប៉ុន្តែ​ដោយ​ការប្រុងប្រយ័ត្ន ខណៈ​មនុស្ស​ជាច្រើន​ពី​ចម្ងាយ​ភាគច្រើន​ដែល​ត្រូវ​ធ្វើដំណើរ​តាម​យន្តហោះ មិន​ហ៊ាន​ទៅ​ចូលរួម​នោះឡើយ​»​។​
 
​កត្តា​ជាច្រើន​ដែល​នាំ​ឲ្យ​ព្រឹត្តិការណ៍​យានយន្ត​ធំៗ មិនអាច​ដំណើរការ​ទៅរួច​ដែល​ក្នុងនោះ មានដូចជា​ការបិទ​ជើងហោះហើរ បម្រាម​ប្រមូលផ្តុំ និង​ភាពភ័យខ្លាច ខណៈដែល​ចំនួន​អ្នក​ឆ្លង COVID-19 បន្ត​រាលដាល​ជា​សាកល​៕


© រក្សាសិទ្ធិដោយ thmeythmey.com