COVID-19
អន្តរជាតិ
ISIS ព្រមាន​សមាជិក​របស់​ខ្លួន កុំ​ឲ្យ​ទៅ​អឺរ៉ុប ព្រោះ​ខ្លាច​ឆ្លង COVID-19
16, Mar 2020 , 8:59 pm        
រូបភាព
រូបភាព៖ Alamy
រូបភាព៖ Alamy
​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម (ISIS) បានចេញ​បទបញ្ជា ហាម​មិន​ឲ្យ​សមាជិក​របស់ខ្លួន​ទាំងអស់ ទៅមក​ទឹកដី​អឺរ៉ុប ដើម្បី​ការពារ​ករណី​ឆ្លង​ជំងឺ​រលាក​សួត​ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19)​។ បើតាម​ក្រុម​រដ្ឋ​ឥស្លាម បទបញ្ជា​នេះ គឺធ្វើឡើង​តាម​បញ្ជា​របស់​ព្រះ​ជា​ម្ចាស់​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន India Today នៅ​ថ្ងៃទី​១៥ ខែមីនា​។​


 
​តាមរយៈ​ប្រតិបត្តិការ​ព័ត៌មាន​(Newsletter) ឈ្មោះ Al-Naba ដែល​តែងតែ​ផ្តល់ដំណឹង​ជុំវិញ​បញ្ហា​ធ្វើដំណើរ​ទៅ​អឺរ៉ុប ក្រុម​រដ្ឋ​ឥស្លាម បានចេញ​បម្រាម សមាជិក​របស់ខ្លួន​ទាំងអស់ មិន​ឲ្យ​ធ្វើដំណើរ​ទៅ​អឺរ៉ុប​ដែល​ខ្លួន​ចាត់ទុកថា​ជា «​ដែនដី​នៃ​ជំងឺឆ្លង​» នៃ​COVID-19​។ 
 
​តាមរយៈ​បទបញ្ជា​ដដែល​នេះ សមាជិក​រដ្ឋ​ឥស្លាម​ទាំងអស់​ត្រូវតែ​ចេះ​ការពារ​ខ្លួន​ជាមុន តាមរយៈ​ការលាង​ដៃ​ឲ្យ​បាន​ញឹកញាប់ បើទោះបីជា​ក្រោក​ពី​ដេក​នៅ​ពាក់កណ្តាល​យប់​ក៏ដោយ​។ ជាពិសេស ក្រុម​អ្នក​ប្រយុទ្ធ​ទាំងអស់ ត្រូវតែ​នៅ​ឲ្យ​ឆ្ងាយ​ពី​អ្នកជំងឺ និង​ជៀសវៀង​ធ្វើដំណើរ​ទៅ​ប្រទេស​មួយចំនួន ដូចជា​អឺរ៉ុប​ជាដើម​។​
 
​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ក្រុម​ISIS បាន​បញ្ជា​ថា អ្នក​ប្រយុទ្ធ ដែលមាន​សុខភាព​ល្អ​ទាំងអស់ ត្រូវតែ​ជៀស​ឲ្យ​ឆ្ងាយ​ពី​អឺរ៉ុប ដែលជា​កន្លែង​ផ្ទុះ​COVID-19 ហើយ​សមាជិក ISIS ទាំងអស់ ដែលមាន​វត្តមាន​នៅក្នុង​ទឹកដី​អឺរ៉ុប ហាម​ដាច់ខាត​ចាកចេញ​ពី​តំបន់​នេះ​។ ការដាក់​បទបញ្ជា​បែបនេះ គឺ​ដើម្បី​ទប់ស្កាត់​ករណី​ឆ្លង​មក​ក្នុង​ក្រុម​របស់ខ្លួន​។ 
 
​សូមបញ្ជាក់ថា ក្រុម​រដ្ឋ​ឥស្លាម មាន​មូលដ្ឋាន​របស់ខ្លួន​យ៉ាងច្រើន​នៅក្នុង​តំបន់​មជ្ឈិមបូព៌ា ប៉ុន្តែ​ក្រុម​នេះ បាន​បាត់បង់​ទឹកដី​ឈរជើង​បន្តិច​ម្តងៗ ដោយសារតែ​ចាញ់​សង្គ្រាម​នៅក្នុង​តំបន់​។ យ៉ាងណាក៏ដោយ ក្រុម​នេះ នៅតែ​រក្សា​ប្រតិបត្តិការ​របស់ខ្លួន​នៅតាម​ប្រទេស​មួយចំនួន​ដដែល​៕ 

Tag:
 ISIS
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com