កីឡាអន្តរជាតិ
អន្តរជាតិ
សមាជិកក្រុម Valencia ដល់ទៅ៥នាក់មាន COVID-19
× ក្លិប Valencia បញ្ជាក់នៅថ្ងៃទី១៥ ខែមីនា ថាកីឡាករ និងបុគ្គលិករបស់ខ្លួនចំនួន ៥ នាក់ បានធ្វើតេស្តចេញលទ្ធផលវិជ្ជមានជំងឺរលាកសួតដែលបង្កដោយកូរ៉ូណាវីរុស (COVID-19)។ អតីតខ្សែការពារ Real Madrid និងជម្រើសជាតិអាហ្សង់ទីន Ezequiel Garay ក៏ស្ថិតក្នុងចំណោមនោះដែរ។
បើតាមការបញ្ជាក់របស់ក្លិបនៃក្របខណ្ឌកំពូល La Liga របស់អស្ប៉ាញ តាមរយៈ
វេបសាយផ្លូវការ អ្នកឆ្លងទាំង៥នាក់នេះ បច្ចុប្បន្នកំពុងស្ថិតនៅផ្ទះរៀងខ្លួនស្របតាមវិធានចត្តាឡីស័ក និងមានសុខភាពល្អធម្មតា។
Garay ដែលរងរបួសជង្គង់ នឹងត្រូវអវត្តមានពេញមួយរដូវកាលបានក្លាយជាកីឡាករដំបូងគេនៅ La Liga ដែលឆ្លង COVID-19 ក្រោយការធ្វើតេស្តវិជ្ជមានកាលពីព្រឹកថ្ងៃទី១៥ ខែមីនា។
ខ្សែការពារសញ្ជាតិអាហ្សង់ទីនវ័យ ៣៣ឆ្នាំរូបនេះ បានសរសេរលើបណ្តាញសង្គម Instagram ខ្លួនថា៖«ច្បាស់ណាស់ខ្ញុំបានដើរខុសនៅឆ្នាំ ២០២០។ ខ្ញុំបានធ្វើតេស្តវិជ្ជមានកូរ៉ូណាវីរុសប្រភេទថ្មី។ ខ្ញុំសុខសប្បាយធម្មតាទេ ហើយឥឡូវនេះខ្ញុំគ្រាន់តែត្រូវធ្វើតាមអាជ្ញាធរសុខាភិបាល និងដាក់ឲ្យនៅដាច់ដោយឡែកពីគេប៉ុណ្ណោះ»។ ក្រៅពី Garay ក្លិប Valencia ក៏បានបញ្ជាក់ករណីជាច្រើនទៀតភ្លាមៗផងដែរ ដែលរួមមានខ្សែការពារ Eliaquim Mangala អតីតកីឡាករ Manchester City និងបុគ្គលិកក្រុមដែលមានចំនួនសរុបទាំងអស់៥រូប។
Valencia បានប្រកួតដោយបិទទ្វារកីឡដ្ឋានក្នុងក្របខណ្ឌ Champions League ជើងទី១ វគ្គ១៦ក្រុម ទល់នឹងក្រុមអ៊ីតាលី Atalanta ដែលមានមូលដ្ឋាននៅ Lombardy ដែលជាតំបន់មួយបានរងផលប៉ះពាលដោយ COVID-19 យ៉ាងធ្ងន់ធ្ងរ។ ប៉ុន្តែនៅពេលលេងជើងទី២នាថ្ងៃទី១៩ ខែកុម្ភៈ វិញម្ចាស់ផ្ទះ Valencia មិនមានការរឹតត្បិតសម្រាប់អ្នកគាំទ្រឡើយ ខណៈខ្លួនជាក្លិបដំបូងគេនៅអេស្ប៉ាញដែលត្រូវប្រុងប្រយ័ត្នបំផុត។
រហូតមកដល់ពេល លីគកីឡាបាល់ទាត់គ្រប់កម្រិតនៅអេស្ប៉ាញ ត្រូវផ្អាកការប្រកួតទាំងអស់ រួមទាំងការហ្វឹកហាត់ផងដែរ។ គិតត្រឹមថ្ងៃទី១៦ ខែមីនានេះ អេស្ប៉ាញបានកើនចំនួនអ្នកស្លាប់ដោយសារ COVID-19 រហូតដល់ ២៩២នាក់ និងមានអ្នកឆ្លង ៧៨៤៧ករណី និងសះស្បើយចំនួន ៥១៧នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com