ជាតិ
សង្គមជាតិ
លោក អ៊ួ​ច ឡេង និង​សកម្មជន​បរិស្ថាន​៣​នាក់ ត្រូវបាន​ដោះលែង​
16, Mar 2020 , 10:39 pm        
រូបភាព
សកម្មជនបរិស្ថានដែលត្រូវបានដោះលែង (រូបភាពពីទំព័រហ្វេសប៊ុករបស់ ADHOC)
សកម្មជនបរិស្ថានដែលត្រូវបានដោះលែង (រូបភាពពីទំព័រហ្វេសប៊ុករបស់ ADHOC)
​ភ្នំពេញ​៖ លោក អ៊ូច ឡេង ប្រធាន​អង្គការ​ក្រុម​កិច្ចការ​ពិសេស​សិ​ទិ្ធ​មនុស្ស​កម្ពុជា និង សកម្មជន​បរិស្ថាន​៣​នាក់​ទៀត ត្រូវ​ដោះលែង កាលពី​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២០ ដោយ​តុលា​ការរក​មិនឃើញ​ពី​ភស្តុតាង ប៉ុន្តែ​ពួកគេ ត្រូវដាក់​ក្រោម​ការស៊ើបអង្កេត​បន្ត​។ សកម្មជន​បរិស្ថាន​ទាំង​៤​នាក់​នេះ បាន​ចុះ​ល្បាត​តំបន់​ព្រៃ​ឡង់ ខេត្តក្រចេះ ហើយក៏​ត្រូវ​សន្តិសុខ​របស់​ក្រុមហ៊ុន​ស៊ី​ង​បាយ​អូ​ថេ​ក (Think Biotech Co.,Ltd) ឃាត់ខ្លួន​បញ្ជូនទៅ​ឲ្យ​សមត្ថកិច្ច​។


 
​លោក ហេង ស្រស់ សកម្មជន​បរិស្ថាន​ម្នាក់ និង​ជា​សហការី​របស់ លោក អ៊ួ​ច ឡេង ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី​១៦ ខែមីនា​នេះ​ថា ព្រះរាជអាជ្ញា​ចោទ​សកម្មជន​ទាំង​៤​នាក់​នោះ ចំនួន​៣​បទល្មើស រួមមាន ការចូល​ក្នុង​តំបន់​របស់​ក្រុមហ៊ុន​ស៊ី​ង​បាយ​អូ​ថេត​ដោយ​គ្មាន​ការអនុញ្ញាត​, អង្គការ​ក្រុម​កិច្ចការ​ពិសេស​មនុស្ស​កម្ពុជា គ្មាន​ឯកសារ​ត្រឹមត្រូវ និង ការប្រើប្រាស់​អំពើហិង្សា​។ 
 
​លោក ហេង ស្រស់ អះអាងថា ទោះជា​ត្រូវបាន​ដោះលែង​ក្តី  ប៉ុន្តែ​តុលាការ​នៅ​បន្ត​ដាក់​ការតាមដាន​និង​ស៊ើបអង្កេត​បន្ត​លើ​ពួកគេ​។ លោក និយាយថា​៖«​តុលា​ការរក​មិនឃើញ​ភស្តុតាង ឬ​សកម្មភាព​សុខ​ច្បាប់​ពាក់ព័ន្ធ​នឹង​ករណីនេះ ទើប​សម្រេច​ដោះលែង​។ ប៉ុន្តែ​តុលាការ​សម្រេច​ដាក់​ការស៊ើបអង្កេត​បន្ត​»​។​
 
​ជាមួយគ្នានេះដែរ លោក បញ្ជាក់ថា តុលា​រការ​បាន​ឲ្យ​លោក អ៊ួ​ច ឡេង ធ្វើ​កិច្ចសន្យា ចុះបញ្ជី​អង្គការ​របស់គាត់​ឲ្យ​បាន​ត្រឹមត្រូវ ស្របតាម​នីតិវិធី​ច្បាប់ មុន​នឹងធ្វើ​សកម្មភាព​បន្តទៀត​។ 
​សូមបញ្ជាក់ថា សកម្មជន​បរិស្ថាន​ទាំង​៤​នាក់​នេះ គឺ លោក អ៊ួ​ច ឡេង លោក ខេ​ម សុខ​ឃី លោក ស្រី ថី និង លោក មេន ម៉ាត់​។ អ្នក​ទាំង​៤​នាក់​នេះ ត្រូវបាន​សន្តិសុខ​រប​ស់​ក្រុមហ៊ុន​ស៊ី​ង​បាយ​អូ​ថេ​ក ឃាត់ខ្លួន​និង​សាកសួរ ពេល​ពួកគេ ចុះ​ឃ្លាំង​មើល​សកម្មភាព​កាប់​ឈើ​ខុសច្បាប់​ក្នុង​តំបន់​ព្រៃ​ឡង់​ថ្ងៃទី​១៣ មីនា ឆ្នាំ​២០២០៕

Tag:
 សកម្មជន​បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com