COVID-19
អន្តរជាតិ
ថៃ ប្រកាស​លើក​ថ្ងៃ​សង្ក្រាន្ត​ចូលឆ្នាំថ្មី ទៅ​ពេល​ក្រោយ​
17, Mar 2020 , 8:39 am        
រូបភាព
ប្រជាជនថៃ លេងទឹកក្នុងថ្ងៃសង្រ្កានក្នុងឆ្នាំ ២០១៩។ រូបភាព៖ phuketify
ប្រជាជនថៃ លេងទឹកក្នុងថ្ងៃសង្រ្កានក្នុងឆ្នាំ ២០១៩។ រូបភាព៖ phuketify
​ថៃ នា​ថ្ងៃទី​១៦ ខែមីនា បានប្រកាស​លើក​ថ្ងៃ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​របស់ខ្លួន ដែល​គ្រោង​នឹង​ប្រារព្ធ​នៅ​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៥ ខែមេសា​។ ការលើក​ថ្ងៃ​សង្ក្រាន្ត​នេះ គឺ​ដើម្បី​ទប់ស្កាត់​ករណី​ឆ្លង និង​កាត់បន្ថយ​ការធ្វើដំណើរ​របស់​ប្រជាជន ដែល​អាច​បង្ក​ឲ្យ​មាន​ករណី​ឆ្លង​ជា​សហគមន៍​។


 
​កិច្ចប្រជុំ​រដ្ឋបាលកណ្តាល​ស្តីពី​COVID-19 ដែលមាន​លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា ជា​ប្រធាន បានសម្រេច​លើក​ថ្ងៃ​សង្ក្រាន្ត​របស់​ថៃ ដែល​គ្រោង​នឹង​ប្រារព្ធ​នៅ​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៥ ខែមេសា ទៅ​ពេល​ថ្ងៃក្រោយ​។ នេះ​បើតាម​ការអះអាង​របស់​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោកស្រី Rachada Thanadirek​។ 
 
​យ៉ាងណាក៏ដោយ គេ​មិនទាន់​ដឹងថា​រដ្ឋាភិបាល​ថៃ នឹង​លើកយក​ថ្ងៃ​ស​ង្ក្រា​ន​នេះ ទៅ​ដាក់​ថ្ងៃ​ណា​ឡើយ ព្រោះ​មិនទាន់មាន​ការបញ្ជាក់​ពី រដ្ឋាភិបាល​ថៃ​។ ប៉ុន្តែ​ការលើក​ថ្ងៃនេះ គឺធ្វើឡើង​ដើម្បី​កាត់បន្ថយ​ការរីក​សាយភាយ COVID-19 នៅក្នុង​ប្រទេស និង​ការឆ្លង​ជា​សហគមន៍ តាមរយៈ​ការ​រឹតត្បិត​ការធ្វើដំណើរ​របស់​ប្រជាជន​ទាំង​នៅក្នុង​ស្រុក និង​ទៅ​ក្រៅប្រទេស​។​
 
​ចំណែក​សំណង​នៃ​ថ្ងៃ​ឈប់សម្រាក រដ្ឋាភិបាល​ថៃ នឹង​គិតគូរ​តាម​ក្រោយ​។​
 
​សូមបញ្ជាក់ថា ចំណាត់ការ​ចុងក្រោយ​នេះ​ធ្វើឡើង បន្ទាប់ពី​ថៃ​បាន​រកឃើញ​ករណី​ឆ្លង​នៅក្នុង​ប្រទេស​យ៉ាងគំហុក​។ គ្រាន់តែ​ថ្ងៃទី​១៥ ខែមីនា ថៃ​បាន​រកឃើញ​អ្នក​ផ្ទុក​COVID-19 រហូតដល់ ៣២​ករណី​ឯណោះ ដែល​តួលេខ​នេះ គឺជា​អត្រា​រកឃើញ​ដ៏​ខ្ពស់បំផុត​របស់​ថៃ ចាប់តាំងពី​ផ្ទុះ​កូ​រ៉ូ​ណា​វីរុស​មក​៕
 

Tag:
 ថៃ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com