ជាតិ
សេដ្ឋកិច្ច
COVID-19 ៖ រដ្ឋាភិបាល​ទម្លាក់​ថវិកា​៥០​លាន​ដុល្លារ សម្រាប់​SME ដើម្បី​ដោះស្រាយ​ការវិនិយោគ
17, Mar 2020 , 8:59 am        
រូបភាព
លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ
លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ
​ភ្នំពេញ​៖ រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ធនាគារ​អភិវឌ្ឍន៍ជនបទ បាន​ទម្លាក់​កញ្ចប់​ថវិកា​ពិសេស​ចំនួន​៥០​លាន​ដុល្លារ សម្រាប់​ជួយ​ដោះស្រាយ​បញ្ហា​វិនិយោគ​របស់​សហគ្រាស​ធុន​តូច និង​មធ្យម នៅ​គ្រា​ដែល​កម្ពុជា​កំពុង​ជួប​បញ្ហា​ដក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ និង​វីរុស​COVID-19​។​


 
​លោក កៅ ថាច អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ បាន​បញ្ជាក់ថា ម្ចាស់​សហគ្រាស​ទាំងអស់ ដែល​កំពុង​ជួបប្រទះ​បញ្ហា​រកស៊ី​នោះ គឺអាច​ដាក់ពាក្យ​ស្នើសុំ​ប្រាក់កម្ចី​បាន ដោយ​សហគ្រាស​មួយ អាច​ទទួលបាន​ថវិកា​ដល់​៣០​ម៉ឺន​ដុល្លារ​។ 
 
​ថវិកា​៥០​លាន​ដុល្លារ ដែល​រដ្ឋាភិបាល​ទម្លាក់​ឱ្យ​សហគ្រាស​ធុន​តូច និង​មធ្យម គឺ​ដើម្បី​ដោះស្រាយ​ការរកស៊ី​របស់​ពួកគេ ដែល​រង​ផលប៉ះពាល់​ពី​វីរុស Covid-19 និង​ការព្យួរ​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) នៅក្នុង​វិស័យ​កែច្នៃ​ផលិតផល​កិ​សកម្ម វិស័យ​ក​សិ​-​ឧស្សាហកម្ម និង​វិស័យ​កសិកម្ម ។ ជាពិសេស​ពង្រឹង​ចង្វាក់​ផលិតកម្ម ក្នុងការ​ប្រកួតប្រជែង​ជាដើម​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច ហ៊ុន សែន ស្តីពី​វិធានការ​គ្រប់គ្រង​ផលប៉ះពាល់​ពី​បញ្ហា Covid-19 និង EBA កាលពី​ចុងខែ​កុម្ភៈ​កន្លងមក​។​
 
​ជុំវិញ​បញ្ហា​នេះ​លោក កៅ ថាច មិនអាច​បញ្ជាក់ថា បញ្ហា​COVID-19 នឹង​ប៉ះពាល់​សេដ្ឋកិច្ច​កម្រិតណា​នោះទេ​។ ប៉ុន្តែ​លោក រំពឹងថា ទឹកប្រាក់​ទាំងនេះ នឹង​អាចជួយ​ដោះស្រាយ​បញ្ហា​SME បាន​មួយកម្រិត​។ ថ្លែង​ក្នុង​សន្និសីទកាសែត ស្តីពី​ហិរញ្ញប្បទាន​ពិសេស​របស់​រដ្ឋាភិបាល នៅ​រសៀល​ថ្ងៃទី​១៦ មីនា​នេះ អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ បាន​និយាយ​ដូច្នេះ​ថា​៖«​ខ្ញុំ​មិនទាន់មាន​ការវាយតម្លៃ​យ៉ាង​មិច​ទេ ហើយ​ក្រសួង​សេដ្ឋកិច្ច ហិរញ្ញវត្ថុ​កំពុង​ធ្វើ​កិច្ចការ​ហ្នឹង​ថា COVID-19 វា​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ប៉ុណ្ណា ប៉ុន្តែ​ជាទូទៅ​យើង​ឃើញ​មានការ​វាយតម្លៃ​ដំបូង​ហើយ​ថា វា​មាន​ផលប៉ះពាល់​មួយចំនួនធំ​ដែរ ហើយ​មិនមែន​តែ​កម្ពុជា គឺ​ទូទាំង​ពិភពលោក​»​។​
 
​បើតាម​លោក កៅ ថាច សហគ្រាស​អាច​ខ្ចី​បាន​រយៈពេល​ខ្ចី​២​ឆ្នាំ សម្រាប់​យកទៅ​ធ្វើជា​ទុន​បង្វិល និង​ទុនវិនិយោគ ត្រូវ​សង​មិន​លើសពី​៥​ឆ្នាំ នៃ​អត្រា​ការប្រាក់​៦​ភាគរយ​។ «​អត្រា​ការប្រាក់​ប៉ុណ្ណេះ វា​មិន​ខ្ពស់​ហើយ​មិន​ទាប​ទេ ហើយ​ធនាគារ​ក៏​មិន​ចំណេញ​ដែរ ព្រោះ​ត្រូវ​ចំណាយ​លើ​បុគ្គលិក និង​សេវាកម្ម​នានា​។ ធនាគារ​មិនអាច​ទម្លាក់​ការប្រាក់​ឱ្យទាប​ជាងនេះទៀត​ទេ ព្រោះ​វា​មិន​អាចឱ្យ​ធនាគារ រត់​រួច​នៅ​សេវាកម្ម​របស់ខ្លួន​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក កៅ ថាច​។​
 
​ម្ចាស់​សហគ្រាស​ដែល​ចូលរួម​សន្និសីទ​នេះ ក៏​ស្នើ​សុំឱ្យ​ធនាគារ​អភិវឌ្ឍ​ជនបទ ជួយ​ពន្យា​ពេល​សង​ត្រឡប់​ផងដែរ ក្រោម​ហេតុផល​ថា បញ្ហា​ដំណើរ​ការផលិត និង​ទូទាត់​ប្រាក់​ជាមួយ​អ្នកបញ្ជា​ទិញ​អាចមាន​ការយឺតយ៉ាវ រួមទាំង​ចំណូល​ប្រចាំខែ ដែល​អាចឱ្យ​ពិបាក​សង​ត្រឡប់​វិញ នៅក្នុង​អំឡុង​ពេលនេះ​។​
 
​លោក កៅ ថាច បាន​បញ្ជាក់ថា បញ្ហា​ទាំងនេះ វា​មិនមែនជា​រឿង​ដែល​ព្រួយបារម្ភ​នោះទេ ព្រោះ​ធនាគារ​ក៏មាន​ការយោគយល់​ដល់​សហគ្រាស​ដែរ ។ បើតាម​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ​រូប​នេះ នៅក្នុង​អំឡុងពេល​នៃ​ការខ្ចី​៥​ឆ្នាំ​នោះ គឺ​សហគ្រាស​ទទួលបាន​ការ​អនុគ្រោះ ដោយ​មិនចាំបាច់​សង​ប្រាក់​ដើម​ត្រឡប់មកវិញ ក្នុង​រយៈពេល​មួយឆ្នាំ​ទេ ពោលគឺ​បង់​តែ​ការប្រាក់​ប៉ុណ្ណោះ​។ 
 
​ដោយឡែក​នៅ​ឆ្នាំ​ទី​២​នៃ​ការខ្ចី​នោះ ទើប​សហគ្រាស​ត្រូវ​បង់​សង​ទាំង​ការប្រាក់ និង​ប្រាក់​ដើម នៅ​រយៈពេល​៣​ខែ ឬ​៦​ខែម្ដង តាម​ការចរចា​ជាមួយ​ធនាគារ​។ នេះ​បើតាម​លោក កៅ ថាច​៕

Tag:
 COVID-19
  SME
  សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com