COVID-19
អន្តរជាតិ
COVID-19៖ រដ្ឋមន្ត្រី​សិង្ហ​បុរី​ថា ប្រព័ន្ធ​សុខាភិបាល​សិង្ហ​បុរី សម្រាប់តែ​ពលរដ្ឋ​សិង្ហ​បុរី
17, Mar 2020 , 12:29 pm        
រូបភាព
រដ្ឋមន្រ្តីអភិវឌ្ឍជាតិសិង្ហបុរី Lawrence Wong និងជាសហប្រធានក្រុមការងារឆ្លើយតប COVID-19 ។
រដ្ឋមន្រ្តីអភិវឌ្ឍជាតិសិង្ហបុរី Lawrence Wong និងជាសហប្រធានក្រុមការងារឆ្លើយតប COVID-19 ។
​លោក Lawrence Wong រដ្ឋមន្ត្រី​អភិវឌ្ឍ​ជាតិ​របស់​សិង្ហ​បុរី នៅ​ថ្ងៃទី​១៥ ខែមីនា ប្រកាសថា ប្រព័ន្ធ​សុខាភិបាល​សិង្ហ​បុរី ត្រូវ​ផ្ដល់​អាទិភាព​សម្រាប់​ប្រជាជន​សិង្ហ​បុរី​មុន​ទេ​។ លោក Wong លើកឡើង​បែបនេះ ក្រោយ​ពលរដ្ឋ​បរទេស​ជាច្រើន​ដែល​ឆ្លង​ជំងឺ COVID-19 នាំគ្នា​ធ្វើដំណើរ​ទៅកាន់​សិង្ហ​បុរី​ដើម្បី​ទទួល​ការព្យាបាល​។ បើតាម​រដ្ឋមន្ត្រី​រូបនេះ សុខភាព​ប្រជាជន​សិង្ហ​បុរី ជា​គោលដៅ​សំខាន់​របស់​រដ្ឋាភិបាល ហើយ​ការ​រឹតបន្តឹង​ព្រំដែន​ជា​រឿង​ចាំបាច់​។​

 
​ដើម្បី​ទប់ស្កាត់​ករណី​រាលដាល COVID-19 រដ្ឋាភិបាល​សិង្ហ​បុរី បានប្រកាស​រឹតបន្តឹង​ការធ្វើដំណើរ​ចូលក្នុង​ប្រទេស​។ បន្ថែម​ពី​អ្នកដំណើរ​មកពី​ប្រទេស​អ៊ីតាលី ចិន និង​អ៊ីរ៉ង់ សិង្ហ​បុរី​បាន​ប្រាប់​អ្នកដំណើរ​ទាំងអស់​ដែលមាន​ប្រវត្តិ​ធ្វើដំណើរ​នៅ​ប្រទេស​អាស៊ាន ជប៉ុន ស្វ៊ី​ស និង​ចក្រភព​អង់គ្លេស ត្រូវ​នៅ​ដោយឡែក​រយៈពេល​១៤​ថ្ងៃ​សិន​។ ករណី​លើកលែង​ត្រូវអនុវត្ត​ចំពោះ​ម៉ាឡេស៊ី ដោយ​នឹងមាន​វិធានការ​ដោយឡែក​ផ្សេង​។ 
 
​រដ្ឋមន្ត្រី​អភិវឌ្ឍ​ជាតិ​របស់​សិង្ហ​បុរី លោក Lawrence Wong វិធានការ​ខាងលើ ក៏មាន​គោលដៅ​ទប់ស្កាត់​ការធ្វើដំណើរ​របស់​ជន​បរទេស​ដែល​ចង់​ទទួលបាន​ការព្យាបាល COVID-19 នៅ​សិង្ហ​បុរី​ផងដែរ​។ ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​១៥ ខែមីនា លោក Wong ដែលជា​សហប្រធាន​ក្រុមការងារ​ឆ្លើយតប COVID-19 របស់​សិង្ហ​បុរី និយាយថា កន្លងទៅ មាន​អ្នកដំណើរ​មួយចំនួន​ធ្វើដំណើរ​ចូល​សិង្ហ​បុរី​ក្នុង​គោលដៅ​ជាក់លាក់ គឺ​ស្វែងរក​សេវា​សុខាភិបាល​។​
 
​លោក​បន្តថា ការណ៍​នេះ ធ្វើ​ឲ្យ​សិង្ហ​បុរី​ជួប​បញ្ហា​ក្នុងការ​ដោះស្រាយ​ស្ថានការណ៍​បែបនេះ បន្ថែម​ពីលើ​ពី​ការព្យាបាល​ប្រជាជន​របស់ខ្លួន​។ ត្រង់ចំណុច​នេះ លោក Wong បញ្ជាក់ថា​៖ «​អំឡុងពេល​សំខាន់​នេះ ធនធាន​សុខាភិបាល​របស់​យើង បានចេញ​ច្រើន​។ ដោយសារ​មូលហេតុ​ទាំងពីរ គឺ​ការគ្រប់គ្រង​ការឆ្លង​ចូល​ពី​ខាងក្រៅ និង​ដោះស្រាយ​តម្រូវការ​សេវា​សុខភាព​សិង្ហ​បុរី យើង​ត្រូវតែ​ពង្រឹង​វិធានការ​ត្រួតពិនិត្យ​ព្រំដែន​របស់​យើង​។​»
 
​បើតាម​លោក Wong អាទិភាព​របស់​រដ្ឋាភិបាល​ក្នុង​ពេលនេះ គឺ​ធានាថា ធនធាន​សុខាភិបាល​សិង្ហ​បុរី ត្រូវ​ជួយ​ពលរដ្ឋ​សិង្ហ​បុរី​។ រដ្ឋមន្ត្រី​រូបនេះ​បញ្ជាក់​ច្បាស់​ថា បើ​ប្រជាជន​សិង្ហ​បុរី​ឈឺ មាន​ឆ្លង COVID-19 ពួកគេ ត្រូវមាន​បន្ទាន់​សង្គ្រោះ​សម្រាប់​ពួកគេ និង​សមត្ថភាព​ដើម្បី​មើលថែ​សុខភាព​ពួកគេ​។ លោក​បន្ថែមថា សិង្ហ​បុរី​យល់​ពី​មូលហេតុ​របស់​អ្នកដំណើរ​ទាំងនោះ ប៉ុន្តែ​សិង្ហ​បុរី មិនអាច​ទប់ទល់​នឹង​ការកើនឡើង​តម្រូវការ​ភ្លាមៗ​ឡើយ ហើយ​ម្យ៉ាង​មន្ទីរពេទ្យ​សិង្ហ​បុរី គឺ​សម្រាប់​ប្រជាជន​សិង្ហ​បុរី​។​
 
​ទាក់ទង​ចំណាត់ការ​រឹតបន្តឹង​ការធ្វើដំណើរ​នេះ លោក Wong ក៏​បកស្រាយ​ពី​មូល​ហេតុដែល​សិង្ហ​បុរី​មិន​បញ្ចូល​អ្នកដំណើរ​ធ្លាប់​ចេញចូល​អាមេរិក​ថ្មីៗ​ក្នុង​បញ្ជី​របស់ខ្លួន​។ លោក​ពន្យល់ថា អាមេរិក បាន​ចាត់​វិធា​ការ​តឹងរ៉ឹង​ដោយ​ខ្លួនឯង​ហើយ ប៉ុន្តែ​ប្រទេស​ខ្លះ ហាក់​មិនសូវ​យកចិត្តទុកដាក់​លើ​ការទប់ស្កាត់ COVID-19 ឡើយ​ដែល​នេះ​តម្រូវ​ឲ្យ​សិង្ហ​បុរី​មាន​វិធានការ​ខ្លាំង​។ លោក​លើក​ចំឈ្មោះ​អង់គ្លេស និង​ស្វ៊ី​ស ដែល​បាន​បោះបង់​ការប៉ុនប៉ង​ដើម្បី​ទប់ស្កាត់ COVID-19 ៕ 

Tag:
 COVID-19
  សិង្ហ​បុរី​
  Lawrence Wong
© រក្សាសិទ្ធិដោយ thmeythmey.com