COVID-19
អន្តរជាតិ
ប្រមុខWHO៖«យើងមិនអាចពន្លត់ភ្លើង ដោយការបិទមុខបានទេ» លោកប្រធានអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus(កណ្តាល), រូបភាព៖ AFP
× ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានអំពាវនាវឲ្យប្រទេសទាំងអស់ ធ្វើតេស្តលើអ្នកសង្ស័យទាំងអស់ដើម្បីប្រាកដថា អ្នកទាំងនោះ គ្មានផ្ទុក ជំងឺផ្លូវដង្ហើម ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19) និងបង្ការករណីឆ្លងនៅក្នុងប្រទេស។ ការអះអាងរបស់ប្រមុខអង្គការសុខភាពពិភពលោកបែបនេះ ធ្វើឡើងបន្ទាប់ពីបណ្ដាប្រទេសនៅតំបន់អឺរ៉ុបជាច្រើនបានដាក់ចេញចំណាត់ការរឹតត្បិតការដើរហើរ ដើម្បីប្រឆាំង COVID-19។
នាសន្និសីទព័ត៌មាននាថ្ងៃទី១៦ ខែមីនា ប្រមុខអង្គការសុខភាពពិភពលោក លោក Tedros បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងមិនអាចពន្លត់ភ្លើង ដោយការបិទមុខបានទេ»។ ក្នុងន័យនេះ លោកប្រមុខ WHO ចង់សង្កត់ធ្ងន់ថា ប្រទេសទាំងអស់ ត្រូវតែធ្វើតេស្តលើជនសង្ស័យផ្ទុកCOVID-19 ទាំងអស់ ដើម្បីប្រាកដថាគ្មាននរណាម្នាក់ផ្ទុកជំងឺថ្មីនេះ និងងាយស្រួលត្រៀមចាត់វិធានការបង្ការទុកជាមុន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
បើតាមលោក Tedros នេះគឺជាពេលវេលារបស់ពិភពលោក ក្នុងការប្រយុទ្ធនឹងវិបត្តិសុខភាពពិភពលោក ហើយប្រទេសទាំងអស់ត្រូវតែពួតដៃគ្នាដោះស្រាយ។ ការលើកឡើងរបស់ប្រមុខអង្គការសុខាភិបាលពិភពលោក គឺធ្វើឡើងស្របពេល បណ្ដាប្រទេសក្នុងតំបន់អឺរ៉ុប កំពុងរងគ្រោះខ្លាំងដោយ COVID-19 ។ វិបត្តិសុខភាពលើកនេះ បានបង្កឲ្យប្រទេសមួយចំនួន បានបិទក្រុងជាបន្តបន្ទាប់ ជាពិសេសនៅអឺរ៉ុប។
តួយ៉ាង អ៊ីតាលី ដែលជាប្រទេសរងគ្រោះខ្លាំងជាងគេ បានចាត់វិធានការបិទសាលារៀន កន្លែងកម្សាន្ត ការប្រមូលផ្តុំ និងការរឹតត្បិតការធ្វើដំណើរនៅទូទាំងប្រទេសទាំងអស់។ ចំណែកនៅបារាំង អេស្ប៉ាញ អាល្លឺម៉ង់ ជាដើម ក៏បានចាត់វិធានការរឹតត្បិតដូចអ៊ីតាលីដែរ ដើម្បីទប់ស្កាត់ករណីឆ្លងនៅក្នុងប្រទេស ខណៈតួលេខអ្នកឆ្លង COVID-19 នៅក្នុងប្រទេសទាំងនេះ កំពុងកើនឡើងជាលំដាប់។
ប្រសិនបើគ្មានការប្រែប្រួលទេ សហភាពអឺរ៉ុប នឹងបើកកិច្ចប្រជុំមួយស្តីពីការទប់ស្កាត់ COVID-19 នៅតាមព្រំដែនប្រទេសអឺរ៉ុបទាំងអស់ ដើម្បីបង្ការការកើនឡើងយ៉ាងគំហុកនៃ COVID-19។ ក្នុងកិច្ចប្រជុំនេះ ប្រទេសទាំងអស់ នឹងលើកសំណើរឲ្យផ្អាកការធ្វើដំណើរមិនសំខាន់ទាំងអស់ នៅតាមព្រំដែនក្នុងតំបន់អឺរ៉ុប៕
© រក្សាសិទ្ធិដោយ thmeythmey.com