កីឡាជាតិ
ជាតិ
ទ័ព​ផ្តល់​ភាពឈឺចាប់​ឲ្យ​វិសាខា ខណៈ​ភ្នំពេញ​ក្រោ​នប​ន្ត​ឈរ​កំពូល​តារាង​មិនទាន់​ស្គាល់​ចាញ់​
17, Mar 2020 , 2:51 pm        
រូបភាព
ដោយ:
​សមាគម​កីឡាបាល់ទាត់​កងយោធពល​ខេមរភូមិន្ទ​(​ទ័ព​)​បានធ្វើ​ឲ្យ​វិសាខា​រង​ការខកចិត្ត​យ៉ាងខ្លាំង ជាមួយ​បរាជ័យ ១-០ លើ​ទឹកដី​វិសាខា នា​ជំនួប​សប្តាហ៍​ទី​៥​នៃ​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​។ ក្រុម​ភ្នំពេញ​ក្រោ​ន​បាន​បន្ត​ឈរ​កំពូល​តារាង​ជាមួយ​កំណត់ត្រា​មិនទាន់​ស្គាល់​ចាញ់ បន្ទាប់ពី​ពួកគេ​បាន​យកឈ្នះ​អង្គ​រថា​យ​ហ្គឺ​រ ១-០ នា​ជំនួប​ដ៏​ស្វិតស្វាញ​លើ​ទឹកដី​ខ្លួន​។

 
​នា​ជំនួប​ដ៏​ស្វិតស្វាញ​នៅ​កីឡដ្ឋាន​ព្រី​នស៍ ក្រុម​ម្ចាស់ផ្ទះ​វិសាខា​និង​កងយោធពល​ខេមរភូមិន្ទ​បានបញ្ចប់​ដោយ​គ្មាន​ការ​ស៊ុត​បញ្ចូល​ទី​គ្នា​នៅ​តង់​ទី​១ ទោះ​វិសាខា​ហាក់​មានឱកាស​មាស​ច្រើន​ក្នុង​ការរក​គ្រាប់​បាល់​ក៏ដោយ​។ សម្រាប់​ការប្រកួត​នេះដែរ ក្រុម​ទ័ព​បាន​ប្រើ​ទម្រង់​លេង​ការពារ​វាយបក​ច្រើនជាង​ប្រយុទ្ធ ដែល​ធ្វើ​ឲ្យ​គូប្រកួត​ពិបាក​ក្នុងការ​បំប៉ោង​សំណាញ់​ទី​។ 
 
​ការខកចិត្ត​សម្រាប់​អ្នកគាំទ្រ​ក្រុម​ម្ចាស់ផ្ទះ​វិសាខា​ក៏បាន​កើតឡើង បន្ទាប់ពី​កីឡាករ ណា​រ៉ុង កក្កដា សម្រេចបាន​គ្រាប់​បាល់​នាំមុខ ១-០ ឲ្យ​ក្រុម​ភ្ញៀវ​ទ័ព​។ ការនាំ​មុខរប​ស់ទ័ព បានធ្វើ​ឲ្យ​វិសាខា​មានការ​ខិតខំ​ប្រឹងប្រែង​កាន់តែខ្លាំង​ក្នុង​ការដាក់​សម្ពាធ​ទៅលើ​ភ្ញៀវ ហើយ​ពួកគេ​បាន​បង្កើត​ឱកាស​ជាច្រើន ប៉ុន្តែ​នៅតែ​មិនអាច​ទម្លាយ​សំណាញ់​ទី​ដ៏​រឹងមាំរ​បស់ទ័ព​។ ភាពឈឺចាប់​សម្រាប់​ក្រុម​ម្ចាស់ផ្ទះ​ក៏បាន​កើតឡើង បន្ទាប់ពី​អាជ្ញាកណ្តាល​ផ្លុំ​កញ្ចែ​បញ្ចប់​ការប្រកួត​ជាមួយ​លទ្ធផល​ដ៏​ខកចិត្ត ១-០​។ 
 
​នា​សន្និសីទ​សារព័ត៌មាន​ក្រោយ​ការប្រកួត​លោក ទេព ឡុង​រចនា គ្រូបង្វឹក​ទ័ព​ទទួលស្គាល់​ថា ក្រុម​លោក​ពិតជា​បាន​ប្រើប្រាស់​ប្រព័ន្ធ​លេង​បែប​ការពារ​ច្រើន​ក្នុងជំនួប​ជាមួយ​វិសាខា​។ កត្តា​ដែល​ធ្វើ​ឲ្យ ទ័ព ប្រើប្រាស់​ទម្រង់​លេង​បែបនេះ បន្ទាប់ពី​វិសាខា​បាន​ព្យាយាម​ដាក់​សម្ពាធ​ខ្លាំងពេក​មក​ខ្លួន​។ តែ​យ៉ាងណា​គ្រូបង្វឹក​រូបនេះ​អះអាងថា អ្វីៗ​គ្រប់យ៉ាង​កើតឡើង​ពី​ការរៀបចំ​។   
 
​ឆ្លើយ​នឹង​សំនួរ​អ្នកសារព័ត៌មាន​ដែល​សួរថា តើ​កត្តា​អ្វីដែល​ធ្វើ​ឲ្យ​ទ័ព​អាច​ទទួលបាន​ជោគជ័យ លោក ទេព ឡុង​រចនា បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​អ្វី​ក៏ដោយ ជ័យជម្នះ​វា​ស្ថិត​លើ​ការរៀបចំ បើ​យើង​រៀបចំ​ល្អ វា​ជោគជ័យ នេះ​ចំណុច​ទី​១ ហើយ​ចំណុច​ទី​២ វា​កើតចេញពី​កីឡាករ​យើង​មាន​ឆន្ទៈ​ចង់​ឈ្នះ លេង​អស់ពី​កម្លាំងចិត្ត ដែលជា​ចំណុច​ពិបាក​បង្ហាត់​។ អ៊ីចឹង​មានតែ​កីឡាករ ដែលមាន​ការប្ដេជ្ញា និង​លេង​ដោយ​កម្លាំងចិត្ត ទើប​អាច​ដណ្ដើម​ជ័យជម្នះ​បាន​»​។​
 
​ជាមួយគ្នានេះ​លោក Colum Curtis គ្រូបង្វឹក​ក្រុម​វិសាខា​បានចាត់ទុក​ការខ្វះ​សំណាង​ជា​កត្តា​ដែល​ធ្វើ​ឲ្យ​ក្រុម​លោក​មិនអាច​ច្នៃ​ឱកាស​មាស ដែល​បាន​កើតឡើង​យ៉ាងច្រើន​ទៅជា​មិទ្ធ​ផល​សម្រេចបាន​។ ការលេង​មានការ​ប្រុងប្រយ័ត្ន​និង​ចង់​ឈ្នះ​ខ្លាំងពេក​របស់​កីឡាករ ជា​កត្តា​បង្កើត​ឲ្យ​មាន​ភាព​ចន្លោះប្រហោង ដែល​អាច​ឲ្យ​គូប្រកួត​រក​គ្រាប់​បាល់​បាន និង​ទទួលបាន​៣​ពិន្ទុ​ត្រឡប់ទៅផ្ទះ​។ 
 
​នា​ការប្រកួត​ដ៏​ជក់ចិត្ត​នៅ​កីឡដ្ឋាន​ស្មា​ត អ អេស អិន ក្រុម​ម្ចាស់ផ្ទះ​ភ្នំពេញ​ក្រោ​ន​បាន​យកឈ្នះ​ភ្ញៀវ​អង្គ​រថា​យ​ហ្គឺ​រ​ក្នុង​លទ្ធផល ១-០ យ៉ាង​លំបាកលំបិន​។ ដ្បិត​ក្រុម​មកពី​ខេត្តសៀមរាប​មួយ​នេះ មាន​ប្រព័ន្ធ​ការពារ​រឹងមាំ និង​ប្រយុទ្ធ​ដ៏​មុត​ស្រួច ដែល​អាចបង្កើត​គ្រោះថ្នាក់​ដល់​ភ្នំពេញ​ក្រោ​ន​។ ជាក់ស្តែង​ទោះបី​ពួកគេ​ចាញ់​ម្ចាស់ផ្ទះ​ក៏ដោយ តែ​កីឡាករ​អង្គ​រថា​យ​ហ្គឺ​របា​ន​បង្កើត​ឱកាស​មាស​ជាច្រើន ស្ទើរតែ​អាច​បំប៉ោង​សំណាញ់​ទី​ក្រុម​ម្ចាស់ផ្ទះ​។ 
 
​មួយ​គ្រាប់​របស់​កីឡាករ Paulo Victor ក្រោម​ការបញ្ជូន​របស់​កីឡាករ អ៊​ន ចាន់​ប៉ូ​លីន វា​គ្រប់គ្រាន់​ក្នុង​ការជួយ​ឲ្យ​ភ្នំពេញ​ក្រោ​ន​បន្ត​ឈរ​កំពូល​តារាង​ក្នុង​សប្តាហ៍​ទី​៥​នៃ​ពានរង្វាន់​លី​គ​កំពូល​។ ជ័យជម្នះ​នេះ ជួយ​ឲ្យ​ភ្នំពេញ​ក្រោ​ន​រក្សា​មិន​ស្គាល់​ចាញ់ និង​របូត​គ្រាប់​បាល់​សូម្បី​មួយ​គ្រាប់​សម្រាប់​៥​ប្រកួត​របស់ខ្លួន​។ 
 
​ទោះបី​៥​ប្រកួត​មិនទាន់មាន​ក្រុម​ណា​អាច​បំប៉ោង​សំណាញ់​ទី​ក៏ដោយ តែ​លោក ស៊ុំ វណ្ណា គ្រូបង្វឹក​ភ្នំពេញ​ក្រោ​ន​និយាយថា ប្រព័ន្ធ​ការពារ​របស់​ក្រុម​ភ្នំពេញ​ក្រោ​ន​មិនទាន់​ល្អ​១០០​ភាគរយ​នោះទេ ហើយ​លោក​វាយតម្លៃថា ទាំង​ប្រព័ន្ធ​ប្រយុទ្ធ​និង​ការពារ​របស់​ក្រុម​លោក​មាន​ភាពល្អប្រសើរ​តែ​៨០​ភាគរយ​ប៉ុណ្ណោះ​។ 
 
​សម្រាប់​លទ្ធផល​ការប្រកួត​សប្តាហ៍​ទី​៥​ក្រុម​អាស៊ី​អឺរ៉ុប​បាន​យកឈ្នះ​ក្រុមយុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី​ក្នុង​លទ្ធផល ៤-០, ព្រះខ័ន​រាជ​ស្វាយរៀង​ឈ្នះ​អគ្គិសនី​កម្ពុជា ៣-០, សូល​ទី​ឡូ​អង្គរ​ស៊ី​ប៉ូលិស ៤-២ ខណៈ​គីរីវង់​សុខ​សែន​ជ័យ​ស្មើ ១-១ ជាមួយ​ណាហ្គា​វើ​ល​៕ 

Tag:
 បាល់ទាត់​
  Cambodian League 2020
  វិសាខា​
  ទេព ឡុង​រចនា
© រក្សាសិទ្ធិដោយ thmeythmey.com