ជាតិ
សង្គមជាតិ
កូវីដ-១៩ ធ្វើឲ្យជំនួបរវាងប្រមុខរដ្ឋាភិបាលកម្ពុជានិងវិស័យឯកជន ត្រូវលើកពេល សម្តេចនាយករដ្ឋមន្ត្រី ថ្លែងបើកវេទិការវាងរដ្ឋាភិបាលនិងវិស័យឯកជនលើកទី១៨ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩
× ភ្នំពេញ៖ វេទិកាជួបជុំរវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជនលើកទី១៩ ដែលគ្រោងនឹងរៀបចំឡើងនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ ត្រូវបានលើកពេល ដោយសារតែបារម្ភពីការឆ្លងវីរុសកូវីដ-១៩។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីគណៈរដ្ឋមន្ត្រី ប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទ នៅថ្ងៃទី១៦ ខែមីនាថា រដ្ឋាបាល រង់ចាំស្ថានភាពអំពីជំងឺកូវីដ-១៩ មានភាពស្ងប់ស្ងាត់ និងអាចទប់ស្កាត់បានសិន ទើបប្រកាសឡើងវិញពីការរៀបចំវេទិការវាងរាជរដ្ឋាភិបាល ជាមួយនឹងវិស័យឯកជន។
បើតាមលោក ផៃ ស៊ីផាន ការពន្យារពេលរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងវិស័យឯកជននេះ គឺដើម្បីជៀសវាងការប្រមូលផ្តុំដែលអាចបណ្តាលឲ្យឆ្លងកូវីដ-១៩។ លោក រៀបរាប់ដូច្នេះថា៖«យើងបញ្ចៀសការប្រមូលផ្តុំតាមតែយើងអាចធ្វើបាន។ យើងអាចជួបជុំគ្នា២ ទៅ៣នាក់ តែបើលក្ខណៈជួបគ្នាជាទ្រង់ទ្រាយធំ យើងខ្លាចវា ដោយការផ្ទុះកូវីដ-១៩ ហ្នឹងវាធំ...»។
នៅតាមក្រសួងខ្លះ ក៏ប្រកាសពន្យារពេលការរៀបចំសន្និបាតប្រចាំឆ្នាំ ដែលគ្រោងនឹងរៀបចំនៅខែមីនា និងខែមេសាផងដែរ។ ជាក់ស្តែងក្រសួងអប់រំ យុវជន និង កីឡា បានប្រកាសថា ពន្យារពេលរៀបចំសន្និបាតបូកសរុប វាយតម្លៃលទ្ធផលការងារ អប់រំ យុវជន និងកីឡាឆ្នាំ២០១៩។
ក្រសួងអប់រំ ទើបនឹងប្រកាសឲ្យបិទសាលាគ្រប់កម្រិតនៅទូទាំងប្រទេសមួយរយៈសិន ខណៈកម្ពុជា រកឃើញមនុស្ស១២នាក់ហើយ ដែលឆ្លងកូវីដ-១៩។
ទន្ទឹមនឹងនេះ នៅតាមបណ្តាខេត្តមួយចំនួនដែលតែងរៀបចំព្រឹត្តិការណ៍សង្រា្កន្ត មិនដែលខកខាននៅឆ្នាំណាម្តងឡើយនោះ ក៏ត្រូវផ្អាកការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តនៅតាមខេត្តរៀងៗខ្លួនដែរ ដើម្បីរួមគ្នាទប់ស្កាត់កូវីដ-១៩។ ខេត្តដែលប្រកាសរួចមកហើយ មានដូចជា សៀមរាប បន្ទាយមានជ័យ ស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ និង កំពង់ធំ ជាដើម។ ខេត្តកណ្តាល និងខេត្តកំពត ក៏កំពុងតែពិចារណានឹងផ្អាកផងដែរ។
លើសពីនេះ កម្មវិធីប្រកួតបាល់ទាត់ចម្រុះ World Cup របស់កម្ពុជាចំនួន២ និងវេទិកានានាក៏កម្ពុជាពន្យារពេលរៀបចំនៅពេលក្រោយផងដែរ៕
Tag:
វិស័យឯកជន
កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com