COVID-19
អន្តរជាតិ
៥​ថ្ងៃ​ចុងក្រោយ អ៊ីរ៉ង់​រកឃើញ​COVID-19 ជាង​១​ពាន់​ករណី​ក្នុង​មួយថ្ងៃ​
17, Mar 2020 , 4:07 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
​ក្នុង​មួយថ្ងៃៗ អ៊ីរ៉ង់​បាន​រកឃើញ​អ្នក​ផ្ទុក​COVID-19 លើសពី ១​ពាន់​ករណី ចំណែក​ចំនួន​អ្នកស្លាប់​បាន​កើន​ឡើងជា​លំដាប់​។ នេះ​បើ​គិតពី​តួលេខ​របស់​អ៊ីរ៉ង់​ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៦ ខែមីនា​។ ចំនួន​សរុប​COVID-19 របស់​អ៊ីរ៉ង់​មាន ជិត​១៥០០០​ករណី ខណៈ​អ្នក​ស្លាប់មាន ៨៥៣​នាក់ និង​អ្នកជា​សះស្បើយ​ជិត ៥​ពាន់​នាក់​។


 
​ឈរ​នៅ​លំដាប់​ទី​៣ នៃ​ប្រទេស​មាន​ករណី​COVID-19 ច្រើនជាងគេ​លើ​ពិភពលោក បន្ទាប់ពី​ចិន និង​អ៊ីតាលី អ៊ីរ៉ង់​បាន​រកឃើញ​អ្នក​ផ្ទុក​COVID-19 ជាង​១​ពាន់​ករណី​ក្នុង​មួយថ្ងៃៗ​ក្នុង​រយៈពេល ៥​ថ្ងៃ​ចុង​ក្រោយនេះ​។ បើតាម​សារព័ត៌មាន BNO News អ៊ីរ៉ង់ នា​ថ្ងៃទី​១២ ខែមីនា បាន​រកឃើញ​អ្នក​ផ្ទុក COVID-19 ជាង ១០៧៥​ករណី និង​អ្នកស្លាប់ ៧៥​ករណី​។ នៅ​ថ្ងៃទី​បន្ទាប់ អ៊ីរ៉ង់​បន្ត​រកឃើញ ១២៨៩​ករណី និង​អ្នកស្លាប់ ៨៥​ករណី​។ 
 
​រហូតដល់​ថ្ងៃទី​១៦ ខែមីនា តួលេខ​របស់​អ៊ីរ៉ង់​នៅតែ​បន្ត​លើសពី ១​ពាន់​ករណី​ដដែល ពោល​គឺមាន​ចំនួន ១០៥៣​ករណី ខណៈ​អ្នក​ស្លាប់មាន ១២៩​ករណី​។ តួលេខ COVID-19 សរុប​នៅ​អ៊ីរ៉ង់ មាន​ចំនួន ១៤៩៩១​ករណី អ្នកស្លាប់ ៨៥៣​ករណី និង​អ្នកជា​សះស្បើយ ៤៩៩៦​នាក់​។ 
 
​សូមបញ្ជាក់ថា កន្លងទៅ វិធានការ​ទប់ស្កាត់​ពី​រដ្ឋាភិបាល​អ៊ឺ​រ៉ង់​ដូចជា ហាម​មិន​ឲ្យ​ប្រជាជន​ចាក​ចេញពីផ្ទះ បិទ​សាលារៀន បិទ​កន្លែង​សាធារណៈ បិទ​រោងកុន និង​វិធានការ​ផ្សេងទៀត​។ យ៉ាងណាមិញ អ៊ីរ៉ង់​នៅតែ​មិនអាច​ទប់ស្កាត់​ករណី​ឆ្លង​នៅក្នុង​ប្រទេស​បានដែរ​៕ 

Tag:
 អ៊ីរ៉ង់​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com