COVID-19
អន្តរជាតិ
COVID-19៖ ៣០ករណីថ្មីនៅថៃ ក្នុងនោះ១១ករណីឆ្លងនៅកន្លែងប្រដាល់ រូបភាព៖ Apichit Jinakul
× នាថ្ងៃទី១៧ ខែមីនា ក្រសួងសុខាភិបាលថៃ បានរកឃើញអ្នកផ្ទុកជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19) ចំនួន ៣០ករណីបន្ថែមទៀត។ តួលេខសរុបCOVID-19 នៅប្រទេសថៃបានកើនដល់ ១៧៧ករណី។
តាមសេចក្តីប្រកាសរបស់រដ្ឋលេខាធិការក្រសួងសុខាភិបាលសាធារណៈ លោក Sukhum Kanchanaphimai ថៃបានរកឃើញអ្នកផ្ទុក COVID-19 ចំនួន ៣០ករណីទៀត។ ក្នុងចំណោម ៣០នាក់នេះ មាន ៣នាក់ជាជនបរទេស។
ចំនួនអ្នកជំងឺទាំង ៣០ករណីនេះ ថៃបានបែងចែកជាពីរក្រុម។ ក្រុមទី១ មានអ្នកជំងឺចំនួន ១៤នាក់ គឺឆ្លងមកពីអ្នកផ្ទុកCOVID-19 មុន។ ក្នុងចំនួនអ្នកទាំង១៤នោះមាន ១១ករណី ឆ្លងនៅកីឡដ្ឋានប្រដាល់ ១ករណីនៅកន្លែងកម្សាន្ត និង ២ករណីទៀតឆ្លងពីអ្នកជំងឺដោយផ្ទាល់។
ចំណែកមួយក្រុមចុងក្រោយ គឺជាអ្នកជំងឺថ្មី ដែលមានចំនួន ១៦នាក់។ ក្នុងនោះ៩នាក់ គឺឆ្លងមកពីបរទេស ១នាក់គឺជាអ្នកបកប្រែឲ្យបរទេស ខណៈ៦ករណីទៀត កំពុងធ្វើការស៊ើបអង្កេត។ តួលេខសរុបនៅក្នុងប្រទេសថៃ បានកើនដល់ ១៧៧ករណី អ្នកស្លាប់ ១ករណី និងអ្នកជាសះស្បើយចំនួន ៣៨ករណី។
សូមបញ្ជាក់ថា ដើម្បីទប់ស្កាត់ករណីឆ្លងកូរ៉ូណាវីរុស និងឆ្លងក្នុងសហគមន៍នៅក្នុងប្រទេស ថៃបានចេញចំណាត់ការលើកថ្ងៃសង្ក្រានចូលឆ្នាំថ្មីទៅពេលក្រោយ និងហាមឃាត់ភ្ញៀវទេសចរមកពីប្រទេសមួយចំនួន។ ជាពិសេស ក្រសួងសុខាភិបាលថៃ បានអំពាវនាវឲ្យប្រជាជនទាំងអស់រក្សាគម្លាតពីគ្នា លាងដៃឲ្យបានញឹកញាប់ និងពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ៕
© រក្សាសិទ្ធិដោយ thmeythmey.com