COVID-19
ជាតិ
សង្គមជាតិ
លោក ម៉ម ប៊ុនហេង ប្រកាស​រក​ពេទ្យ​ស្ម័គ្រចិត្ត ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩
17, Mar 2020 , 9:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ការកើនឡើង​នៃ​អ្នក​ផ្ទុក​កូ​វីដ​-១៩ នៅ​កម្ពុជា បាន​តម្រូវ​ឲ្យ​លោក ម៉ម ប៊ុនហេង ក្រសួងសុខាភិបាល ប្រកាស​រើស​គ្រូពេទ្យ​ស្ម័គ្រចិត្ត ដើម្បី​បំពេញ​បេសកម្ម​ប្រយុទ្ធ​ប្រឆាំងនឹង​កូ​វីដ​-១៩​។ លើសពីនេះ លោក ក៏បាន​ប្រកាស​ពី​ការសាងសង់​អគារ​ថែទាំ​បន្ថែម នៅ​អតីត​មណ្ឌល​សុខភាព​ចាក់អង្រែ​ផងដែរ រួមទាំង​យក​សណ្ឋាគារ The Great Duke ធ្វើជា​មន្ទីរពេទ្យ​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩​។ 

 
​តាមរយៈ​សេចក្តី​ជូន​ព័ត៌មាន ដែល​ចេញ​នៅ​ថ្ងៃទី​១៦ ខែមីនា លោក​រដ្ឋមន្ត្រី លើកឡើងថា ដើម្បី​សម្រួល​ដល់​ការ​ព​ន្លឿ​ន​នៃ​ការព្យាបាល​ដល់​អ្នកជំងឺ​កូ​វីដ​-១៩ ក្រសួងសុខាភិបាល នឹង​សាងសង់​អគារ​ថែទាំ​សុខភាព​បន្ថែម ដែលមាន​គ្រែ​១០០​នៅ​អតីត​មណ្ឌល​សុខភាព​ចាក់អង្រែ ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ លោក សង្កេតឃើញថា មាន​អ្នក​ទៅ​ស្នើសុំ​ធ្វើតេស្តរ​កកូ​វីដ​-១៩​កាន់តែ​ច្រើនឡើងៗ​។​
 
​សម្រាប់​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ណា ដែលមាន​បំណង​ចូលរួម​បេសកម្ម​ប្រឆាំង​កូ​វីដ​-១៩ អាច​ទៅ​ចុះឈ្មោះ​នៅ​ក្រសួងសុខាភិបាល ឬ​តាម​បណ្តាញ​ទំនាក់ទំនង Telegram របស់លោក ហ៊ុយ ឆេង​តារា​ភ័​ក្រ ដែល​ប្រើ​លេខ​ទូរ​សព្ទ ០៧៦ ៨៨៨ ៩១១៨​។ 
 
​ទន្ទឹមនឹងនេះ រដ្ឋាភិបាល បាន​សម្រេចយក​សណ្ឋាគា​រ The Great Duke  ធ្វើជា​មន្ទីរពេទ្យ​សម្រាក​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩​។ លើសពីនេះ រដ្ឋមន្ត្រី​សុខាភិបាល បាន​បង្គាប់​ឲ្យ​អភិបាល​រាជធានី​-​ខេត្ត​នីមួយៗ បង្កើត​គណៈកម្មាធិការ​ប្រឆាំងនឹង​កូ​វីដ​-១៩​។   
 
​ថ្វី​ដ្បិត​កម្ពុជា​មិនទាន់មាន​ករណី​ឆ្លង​កូ​វីដ​-១៩ ក្នុង​សហគមន៍ តែ​ក្រសួងសុខាភិបាល បាន​ត្រៀម​រួចជាស្រេច​នូវ​ឧបករណ៍ បរិក្ខារ ធនធាន និង មធ្យោបាយ សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩​។ ក្រសួងសុខាភិបាល បានកំណត់​យក​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​-​រុស្សី មន្ទីរពេទ្យ​កុមារ​ជាតិ មន្ទីរ​គន្ធបុប្ផា​ភ្នំពេញ មន្ទីរពេទ្យ​ជ័យវរ្ម័ន​ទី​៧​សៀមរាប និង​មន្ទីរពេទ្យ​ទាំង​២៤ រាជធានី​ខេត្ត​ក្រុង សម្រាប់​ទទួល​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩​។ 
 
​គិត​ត្រឹមយប់​ថ្ងៃទី​១៧ ខែមីនា កម្ពុជា មាន​ការឆ្លងវីរុស​កូ​វីដ​-១៩ ៣៣​ករណី​ហើយ​។ ចំពោះ​បុរស​ចិន ដែល​កម្ពុជា រកឃើញ​មាន​វីរុស​កូ​វីដ​-១៩ មុនគេ បានជា​សះស្បើយ​វិញ​៕ 

Tag:
 ​គ្រូពេទ្យ​
 ​ជំងឺ​កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com