កីឡា​ជាតិ​លើក​ទី​៣​អាច​នឹង​ផ្អាក ឬ​ពន្យា​ពេល​រៀបចំ បើ COVID-19 នៅតែ​បន្ត​រាលដាល​
កីឡាជាតិ
ជាតិ
កីឡា​ជាតិ​លើក​ទី​៣​អាច​នឹង​ផ្អាក ឬ​ពន្យា​ពេល​រៀបចំ បើ COVID-19 នៅតែ​បន្ត​រាលដាល​
17, Mar 2020 , 9:59 pm        
រូបភាព
​ការប្រកួត​កីឡា​ជាតិ​លើក​ទី​៣​ឆ្នាំនេះ អាច​នឹងត្រូវ​ផ្អាក​ឬ​ពន្យា​ពេល​រៀបចំ បើ​ស្ថានភាព​ការរីក​រាលដាល​នៃ​ជំងឺ​រលាក​ផ្លូវដង្ហើម​បង្កឡើង​ដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី COVID-19 មិន​ធូរស្បើយ​។ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​នឹង​ជួបប្រជុំ​ជាមួយ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ដើម្បី​ពិភាក្សា​ពាក់ព័ន្ធ​បញ្ហា​នេះ​។

 
​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​បញ្ជាក់ថា ការប្រកួត​កីឡា​ជាតិ​លើក​ទី​៣​ឆ្នាំនេះ​ស្ថិតក្នុង​ភាពស្រពេចស្រពិល​នៅឡើយ​ពាក់ព័ន្ធ​នឹង​ដំណើរការ​រៀបចំ​។ ការណ៍​នេះ បន្ទាប់ពី​កម្ពុជា​រកឃើញ​មាន​ករណី​ឆ្លង COVID-19 ជា​បន្តបន្ទាប់​លើ​ជនបរទេស​និង​ជនជាតិខ្មែរ​។ បើតាម​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​រូបនេះ ការប្រកួត​កីឡា​ជាតិ​លើក​ទី​៣​អាច​នឹងត្រូវ​ផ្អាក ឬ​ពន្យា​ពេល​រៀបចំ បើ​ករណី​ឆ្លង​នៅតែ​បន្ត​រីក​រាលដាល​។​
 
​លោក​បាន​បន្តថា គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​នឹង​ជួបប្រជុំ​ជាមួយ​ក្រសួង​អប់រំ​យុវជន និង​កីឡា ដើម្បី​ពិភាក្សា​និង​សម្រេច​ថា តើ​ការប្រកួត​កីឡា​ជាតិ​លើក​ទី​៣​នឹងត្រូវ​រៀបចំ​តាម​ការគ្រោងទុក ឬ​ត្រូវ​ពន្យា​ពេល​រៀបចំ ឬ​ត្រូវ​ផ្អាក​។ បើតាម​អគ្គលេខាធិការ​រូបនេះ ការសម្រេច​យ៉ាងណា​នឹង​ដឹង​ក្នុង​រយៈពេល​ឆាប់ៗ​មុខ​នេះ​។ 
 
«​យើង​មិនទាន់​ដឹងថា​តើ​ការប្រកួត​កីឡា​ជាតិ​ឆ្នាំនេះ​ត្រូវ​ផ្អាក​ឬ​ត្រូវ​លើក​ពេល​ទៅ​រៀបចំ​នៅ​ចុងឆ្នាំ​មិនទាន់​ដឹង​នោះទេ​។ យើង​កំពុង​ពិនិត្យមើល​ស្ថានភាព និង​ទិដ្ឋភាព​ជាក់ស្តែង​សិន យើង​នឹង​ជួបប្រជុំ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ដើម្បី​ពិភាក្សា​ពាក់ព័ន្ធ​បញ្ហា​នឹង​»​។ នេះ​ជាការ​លើកឡើង​របស់លោក វ៉ា​ត់ ចំរើន ដែល​អះអាងថា កាលបរិច្ឆេទ​នៃ​កិច្ចប្រជុំ​នេះ​មិនទាន់​បានកំណត់​នៅឡើយ​ទេ​។ 
 
​តាម​គម្រោងការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​៣​គ្រោង​រៀបចំ​ចន្លោះ​ពីថ្ងៃ​ទី​៥-១៦ ខែឧសភា ឆ្នាំ​២០២០ ខាងមុខនេះ​។ ការប្រកួត​នេះ​ជា​ផែនការ​យុទ្ធសាស្ត្រ​មួយ​របស់​កម្ពុជា ដើម្បី​ឈានទៅ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ 
 
​ក្រសួងសុខាភិបាល​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២០ នេះ បានប្រកាស​រកឃើញ​អ្នក​ឆ្លង​មេរោគ COVID-19 ចំនួន​១២​ករណី​បន្ថែមទៀត ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​កើនឡើង​ដល់​២៤​ករណី​។ បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល ករណី​ថ្មី​ទាំង​១២ រកឃើញ​កើត​លើ​បុរស​ខ្មែរ​-​អ៊ិ​ស្លាម​១១​ករណី ដែល​ទើប​ត្រឡប់​មកពី​ចូលរួម​កម្មវិធី​សាសនា​នៅ​ប្រទេស​ម៉ាឡេស៊ី និង​ខ្មែរ​១​ករណី ដែល​ទើប​មកពី​ប្រទេស​ថៃ​។ 
 
​ចំណែក​១២​ករណី​ផ្សេងទៀត គឺ​ករណី​ទី​១​ជា​ជន​ជាតិចិន​នៅ​ខេត្ត​ព្រះសីហនុ ករណី​ទី​២ ជា​ជនជាតិខ្មែរ​នៅ​សៀមរាប​។ ៣​ករណី​ជា​ជនជាតិ​អង់គ្លេស​នៅ​នាវា Viking Cruise ដែល​សំចត​នៅ​ខេត្តកំពង់ចាម​។ ករណី​ទី​៦​ជា​ជនជាតិ​កាណាដា​។ ករណី​ទី​៧ ជា​ជនជាតិ​បែលហ្ស៊ិក​។ ករណី​ទី​៨​ជា​ជនជាតិ​បារាំង​។ ករណី​ទី​៩ ជា​ទារក​អាយុ​៤​ខែ និង​ជា​កូន​ជនជាតិ​បារាំង​(​ករណី​ទី​៨)​។ បុរស​ខ្មែរ​ពី​បារាំង ជា​ករណី​ទី​១០ និង​២​ករណី​ទៀត​ជា​ជនជាតិខ្មែរ​អ៊ិ​ស្លាម​នៅ​ខេត្តព្រះវិហារ​៕

Tag:
 កីឡា​ជាតិ​លើក​ទី​៣
  COVID-19
  វ៉ា​ត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com