COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
ជេក ម៉ា បរិច្ចាគឧបករណ៍តេស្ត COVID-19 ៥ម៉ឺនគ្រឿងឲ្យហ្វីលីពីនតាម Pacquiao
× លោកមហាសេដ្ឋី ជេក ម៉ា សហស្ថាបនិកក្រុមហ៊ុន Alibaba ដោយសហការជាមួយជាមួយកំពូលអ្នកប្រដាល់ Manny Pacquiao នឹងបរិច្ចាគឧបករណ៍ធ្វើតេស្តរកមេរោគឆ្លង COVID-19 ចំនួន ៥០០០០ដើម ដល់ប្រទេសហ្វីលីពីន។ Pacquiao ប្រកាសដូច្នេះលើផេកមូលនិធិរបស់ខ្លួន (Manny Pacquiao Foundation) នៅថ្ងៃអង្គារ ទី១៧ ខែមីនានេះ។
សមាជិកព្រឹទ្ធសភាហ្វីលីពីន Pacquiao បាននិយាយក្នុងការបង្ហោះលើបណ្តាញសង្គមថាលោកមានសេចក្តីរំភើបណាស់ដែលបានប្រកាសពីមូលនិធិ Jack Ma ដែលសហការជាមួយមូលនិធិ Pacquiao នេះ។ កំពូលអ្នកប្រដាល់អាស៊ី ក៏បានអរគុណដល់មហាសេដ្ឋីជនជាតិចិនខាងលើសម្រាប់មូលនិធិសប្បុរសនេះផងដែរ។
«ជាមួយនឹងបញ្ហាដែលកំពុងកើតឡើងនៅជុំវិញពិភពលោកសព្វថ្ងៃ គ្នានពេលវេលា និងសកម្មភាពណាដែលល្អ ជាងអ្វីដែលយើងអាចជួយគ្នាបានឡើយ»។ Pacquiao បានសម្តែងការអរគុណទៅកាន់លោកម៉ាដូច្នេះ ស្របពេលហ្វីលីពីនកំពុងប្រឈមខ្លាំងនឹងការឆ្លងជំងឺរលាកសួតបង្កដោយកូរ៉ូណាវីរុសប្រភេទថ្មី (COVID-19)។
Pacquiao វ័យ៤១ឆ្នាំ និងលោក ជេក ម៉ា វ័យ៥៥ឆ្នាំដែលមានប្រាក់រហូតដល់ជាង៤០ពាន់លានដុល្លារអាមេរិកជាមិត្តល្អនឹងគ្នា។ នាពេលកន្លងមកអ្នកទាំងពីរថែមទាំងថតវីដេអូរួមគ្នា ដើម្បីឌឺដងដាក់ Floyd Mayweather ដែលជាគូសត្រូវចាស់របស់ Pacquiao នោះ។
បើតាមការផ្សាយរបស់សារព័ត៌មាន ABS-CBN ក្រសួងសុខាភិបាលហ្វីលីពីនរហូតមកទល់ពេលនេះមានតែឧបករណ៍ធ្វើតេស្តរក COVID-19 តែចំនួន ២០០០ គ្រឿងប៉ុណ្ណោះ។ ដោយឡែកឧបករណ៍តេស្តជាង ២០០០ ទៀតកំពុងបញ្ជូនទៅប្រទេសនេះផងដែរ។
ហ្វីលីពីនកំពុងស្ថិតក្នុងស្ថានភាពអាសន្នផ្នែកសុខភាពសាធារណៈ ដោយសារករណីនៃការឆ្លងកូវីដ១៩ ក្នុងប្រទេសនៅតែបន្តកើនឡើង។ គិតត្រឹមថ្ងៃទី១៧ ខែមីនានេះ ហ្វីលីពីនមានអ្នកសា្លប់ដោយសារ COVID-19 ចំនួន១២នាក់ អ្នកឆ្លង១៤២ករណី និងសះស្បើយ៥នាក់។ អង្គការសុខភាពពិភពលោក (WHO) ប្រកាសថា COVID-19 ជាជំងឺរាតត្បាតសកល បន្ទាប់ពីបានសម្លាប់មនុស្សជា ៧០០០នាក់ និងឆ្លង ១៨២៧១៦នាក់ នៅទូទាំងពិភពលោក៕
Tag:
COVID-19
Manny Pacquiao
Jack Ma
© រក្សាសិទ្ធិដោយ thmeythmey.com