ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះតទៅ មន្ត្រីនៅរដ្ឋសភា អាចបំពេញការងារនៅតាមផ្ទះរៀងខ្លួន ដោយប្រើប្រព័ន្ធបណ្តាញសង្គមផ្សេងៗ ដូច តេឡេក្រាម (Telegram) ជាដើម ក្នុងការទាក់ទងគ្នា។ នេះជាការអះអាងរបស់លោក ឡេង ប៉េងឡុង អគ្គលេខាធិការនិងជាអ្នកនាំពាក្យរដ្ឋសភា។
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗតាមទូរស័ព្ទ លោក ឡេង ប៉េងឡុង ថ្លែងថា ដ្បិតរដ្ឋសភា ដាក់ចេញវិធានការនេះក្តី តែមិនមែនមន្ត្រីទាំងអស់ ត្រូវបានអនុញ្ញាតឲ្យធ្វើការនៅផ្ទះនោះទេ។
លោក អធិប្បាយថា មន្ត្រីណា ដែលអាចអវត្តមានពីរដ្ឋសភាបាន ដូចជា មន្ត្រីផ្នែកស្រាវជ្រាវ ឯកសារ ជាដើម គឺពួកគាត់ មិនចាំបាច់មករដ្ឋសភាឡើយ ហើយអាចធ្វើតាមផ្ទះ តែមន្ត្រីណា ដែលចាំបាច់ត្រូវតែមានវត្តនៅរដ្ឋសភា ដូចជា អ្នករៀបចំកម្រាលព្រំ តុ កៅអី និង អ្នករៀបចំពិធីការ ជាដើម គឺពួកគាត់ ត្រូវទៅរដ្ឋសភា។
ម្យ៉ាងទៀត រាល់កិច្ចពេញអង្គនៃរដ្ឋសភា គឺនៅតែប្រព្រឹត្តទៅតាមធម្មតា។ លោក ឡេង ប៉េងឡុង បន្ថែម រដ្ឋសភា ក៏មានក្តីបារម្ភតិចតួចដែរ ចំពោះការបន្តបើកកិច្ចប្រជុំពេញអង្គ តែលោក យល់ថា ស្ថានការណ៍នៃការរាលដាលនៃវីរុសកូវីដ-១៩ នៅកម្ពុជា មិនទាន់ដល់ថ្នាក់តម្រូវឲ្យរដ្ឋសភា ត្រូវផ្អាកកិច្ចប្រជុំពេញអង្គឡើយ។
អ្នកនាំពាក្យរូបនេះ មានប្រសាសន៍ថា៖«ការងារ គឺនៅតែមានប្រសិទ្ធភាពធម្មតា [ទោះជាមន្ត្រីធ្វើការតាមផ្ទះក៏ដោយ]។
មិនមែនតែរដ្ឋសភានោះទេ ស្ថាប័នរដ្ឋមួយចំនួនទៀត ដូចជា ក្រសួងការបរទេស ជាដើម អនុវត្តវិធានការនេះដែរ។ តាមរយៈសារដែលចែកចាយតៗគ្នាតាមបណ្តាញសង្គម លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស បានណែនាំឲ្យមន្ត្រីរបស់លោក ធ្វើការនៅតាមផ្ទះ តាមតែអាចធ្វើទៅបាន ហើយបើអ្នកណា មានភាពចាំបាច់ ដែលតម្រូវទៅក្រសួង ចាំទៅ។
លើសពីនេះ លោក ប្រាក់ សុខុន បានប្រាប់ឲ្យមន្ត្រី កាត់បន្ថយការជួបភ្ញៀវបរទេស តែបើជំនួបណាសំខាន់ ដែលតម្រូវឲ្យជួបដោយខានមិនបាន គឺត្រូវមានគម្លានឲ្យឆ្ងាយពីគ្នាយ៉ាងតិចមួយម៉ែត្រកន្លះ ហើយត្រូវប្រើការសំពះ ជំនួសការចាប់ដៃ។
ជាមួយគ្នានេះ ក៏មានក្រសួងខ្លះ ពន្យារពេលបើកសន្និបាតបូកសរុបការងារប្រចាំឆ្នាំរបស់ខ្លួនដែរ។
ចំណែក សាលារៀនគ្រប់កម្រិតនៅទូទាំងប្រទេស ត្រូវបានក្រសួងអប់រំ បញ្ជាឲ្យបិទជាបណ្តោះអាសន្នសិន ចាប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ទៅ។ រីឯ KTV និង រោងភាពយន្តនៅទូទាំងប្រទេស ទើបនឹងត្រូវក្រសួងសុខាភិបាល ប្រកាសឲ្យបិទនៅថ្ងៃទី១៧ ខែមីនានេះ។
សូមបញ្ជាក់ថា កម្ពុជា រកឃើញមនុស្ស៣៣នាក់ហើយ ដែលមានកូវីដ-១៩៕