COVID-19
អន្តរជាតិ
ចិន​ថា លោក ត្រាំ បង្ខូចឈ្មោះ​ខ្លួន​ព្រោះ​ហៅ COVID-19 ថា «​វីរុស​របស់​ចិន​»
17, Mar 2020 , 11:19 pm        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang, រូបភាព៖ ក្រសួងការបរទេសចិន
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang, រូបភាព៖ ក្រសួងការបរទេសចិន
​បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក លោក​ដូ​ណា​ល់ ត្រាំ បាន​ហៅ​កូ​រ៉ូ​ណាវី​រុស ថា​ជា​វីរុស​របស់​ចិន ក្រសួងការបរទេស​ចិន នា​ថ្ងៃទី​១៧ ខែមីនា បាន​ចេញមុខ​បដិសេធ​យ៉ាង​ដាច់ខាត និង​ថា​ពាក្យសម្តី​របស់​ត្រាំ គឺជា​ការ​បង្ខូចកេរ្តិ៍រ​បស់​ចិន​។


 
​តាមរយៈ​បណ្តាញ​សង្គម Twitter លោក​ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អាមេរិក បាន​សរសេរ​បែបនេះ​ថា​៖ « អាមេរិក នឹង​គាំទ្រ​ឧស្សាហកម្ម​ទាំងអស់ ដូចជា​ក្រុមហ៊ុន​អាកាសចរណ៍ និង​ក្រុមហ៊ុន​ផ្សេងទៀត​ជាដើម ដែល​បាន​រង​ផលប៉ះពាល់​ដោយ វីរុស​របស់​ចិន (​កូ​រ៉ូ​ណាវី​រុស​)​។ យើង​នឹង​ខ្លាំង​ជាង​ពេលណា​ទាំងអស់​»​។ 
 
​ជាការ​ឆ្លើយតប និង​ចំទាស់​ដាច់ខាត លោក Geng Shuang អ្នកនាំពាក្យ​ចិន បាន​អះអាងថា ការលើកឡើង​របស់​ប្រធានាធិបតី​អាមេរិក គឺជា​បង្ខូច​កេរ្តិ៍ឈ្មោះ​រប​ស់​ចិន មិន​សម​ហេតុផល និង​ជាការ​រើសអើង​។ បើតាម​អ្នកនាំពាក្យ​ចិន​ដដែល សូម្បីតែ​អង្គការ​សុខភាព​ពិភពលោក និង​សហគមន៍​អន្តរជាតិ ក៏​បដិសេធ​មិន​ប្រើ​ឈ្មោះ​វីរុស​ថ្មី​នេះ ទាក់ទង​ទៅនឹង​តំបន់​ណាមួយ​ដែរ​។ 
 
​សូមបញ្ជាក់ថា ទំនាស់​រវាង​ចិន និង​អាមេរិក​ជុំវិញ​បញ្ហា COVID-19 នេះ​មិនមែនជា​លើកទីមួយ​ទេ​។ កន្លងមក អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បាន​សរសេរ​លើ​បណ្តាញ​សង្គម​Twitter របស់ខ្លួន​ថា យោធា​អាមេរិក គឺជា​អ្នក​នាំ COVID-19 ចូលមកក្នុង​ប្រទេស​ចិន​។​
 
​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Zhao Lijian នា​ថ្ងៃទី​១៣ ខែមីនា បាន​បញ្ជាក់ថា COVID-19 គឺមាន​ពាក់ព័ន្ធ​ទៅនឹង​ការចូលរួម​របស់​យោធា​អាមេរិក នៅក្នុង​ព្រឹត្តិការណ៍​កីឡា​យោធា​អន្តរជាតិ​ក្នុង​ទីក្រុង​វូ​ហាន នា​ខែតុលា ឆ្នាំ​២០១៩ ដែលមាន​កីឡាករ​មកពី​ប្រទេស​ជាង ១០០​ចូលរួម​។ ការលើកឡើង​ដូចនេះ ធ្វើ​ឲ្យ​អាមេរិក​ក្ដៅស្លឹកត្រចៀក​ខ្លាំង ព្រោះ​សម្ដី​លោក Zhao គឺ​ផ្ទុយ​ពី​ការលើកឡើង​កន្លង​ដែរ​ថា វីរុស​នេះ​ផ្ទុះឡើង​នៅ​ចិន​។ 
 
​ដោយសារតែ​មានការ​ចោទប្រកាន់​បែបនេះ ក្រសួងការបរទេស​អា​មេ​រិ​ក បាន​កោះហៅ​អគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​អាមេរិក មក​ជជែក​គ្នា​ពី​បញ្ហា​ការចោទប្រកាន់​អាមេរិក​ថា ជា​អ្នក​នៅ​ពីក្រោយ​នៃ​ការនាំ​COVID-19 ទៅ​ក្រុង​វូ​ហាន​។ លោក ត្រាំ មិនមែនជា​មនុស្ស​ដំបូង​ដែ​ប្រើពាក្យ​បែប​រើសអើង​ដូចខាងលើ​ឡើយ​។ រដ្ឋមន្ត្រីការបរទេស ម៉ៃ ប៉ុ​ម​ប៉េ​អូ ក៏​ធ្លាប់​ប្រើពាក្យ​វីរុស​ចិន​ដែរ​៕

Tag:
 ចិន​
  អាមេរិក​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com