COVID-19
អន្តរជាតិ
ស្រប​នឹង​ការរីក​រាលដាល COVID-19 នាយករដ្ឋមន្ត្រី​វៀតណាម ជំរុញ​ការអនុវត្ត​ប្រព័ន្ធ​រដ្ឋាភិបាល​អន​ឡាញ​
18, Mar 2020 , 8:19 am        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​ហាណូយ បាន​ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​បន្ត​ពង្រឹង និង​ពង្រីក​ការអនុវត្ត​ប្រព័ន្ធ​អេឡិចត្រូនិក ឬ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​នៅក្នុង​អង្គភាព​រដ្ឋាភិបាល​ឲ្យ​បាន​កាន់តែ​ទូលំទូលាយ និង​សម្បូរបែប​។ ការណ៍​ដែល​ក្រុង​ហាណូយ ចង់ឃើញ​ការអនុវត្ត​បែបនេះ ក៏​ដោយសារតែ​ដើម្បី​ជួយ​សន្សំសំចៃ​ថវិការដ្ឋ ជាពិសេស​នោះ​ជាការ​សម្រួល​មួយ​ដល់​ប្រជាជន ខណៈ​កំពុង​ប្រឈម​នឹង COVID-19​។​

 
​តាមរយៈ​សន្និសីទ​ស្តីពី​ការអនុវត្ត​ប្រតិបត្តិកា​រ នៃ​ការផ្តល់​សេវាសាធារណៈ​តាម​ប្រព័ន្ធ​អន​ឡាញ​បី​ខែ​ដំបូង លោកនាយក​រដ្ឋមន្ត្រី​វៀតណាម Nguyễn Xuân Phúc នៅ​ថ្ងៃ​១៣ មីនា បានស្នើ​ឲ្យ​ដាក់​ដំណើរ​ប្រព័ន្ធ​តាមដាន​លើ​ប្រព័ន្ធ​រដ្ឋាភិបាល​អេឡិចត្រូនិក ( e-Government) ដើម្បី​បន្ត​កម្រិត​ទំហំ​នៃ​ការប្រើប្រាស់​សេវាសាធារណៈ​នៅក្នុង​ក្រសួង ភ្នាក់ងារ និង​រដ្ឋបាល​សាធារណៈ​បន្ថែមទៀត​។​
 
​តាម​ចុះផ្សាយ​របស់​ភ្នាក់ងារ​ព័ត៌មាន​វៀតណាម Vietnam News លោកនាយក​រដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់​លើ​ការអនុវត្ត​សេវាសាធារណៈ​តាម​ប្រព័ន្ធ​អន​ឡាញ ដោយ​លោក​អះអាងថា បាន​ជួយ​រដ្ឋាភិបាល ទាំង​ការ​សន្សំសំចៃ​ពេលវេលា និង​ថវិកា ជាពិសេស​នោះ​ស្របពេល​នៃ​ការផ្ទុះ​ឡើង​នៃ​ការរីក​រាល​វីរុស COVID-19 តែម្តង​។ 
 
​ជាមួយគ្នា​នឹង​ការដាក់​បញ្ជា​ឲ្យ​ក្រសួង​ហិរញ្ញវត្ថុ​របស់ខ្លួន​បន្តការងា​រ​ក្នុង​ការសម្រួល​ឲ្យ​មានការ​បង់ថ្លៃ​សេវាសាធារណៈ ពន្ធដារ ក៏ដូចជា​កាតព្វកិច្ច​ហិរញ្ញវត្ថុ​ផ្សេង​តាម​ប្រព័ន្ធ​អន​ឡាញ ប្រមុខ​រដ្ឋាភិបាល​វៀត​ណា​ម​រូបនេះ ក៏បាន​ក្រើនរម្លឹក​ឲ្យ​មន្ត្រី​ជំនាញ​រដ្ឋាភិបាល ត្រូវ​ធានា​ឲ្យ​បាន​សន្តិសុខ និង​សុវត្ថិភាព​ប្រព័ន្ធ​អន​ឡាញ ដោយ​មិនត្រូវ​ឲ្យ​មានការ​បែកធ្លាយ​ឯកសារ​ជាដាច់ខាត​។ នេះ​បើតាម​ប្រភពព័ត៌មាន​ដដែល​។​
 
​គួរ​ជម្រាប​ផងដែរ ដើម្បី​សម្រួល​ដល់​ការផ្តល់សេវា​សាធារណៈ​ដ​ល់​ប្រជាជន ក៏ដូចជា​ការទាក់ទាញ​វិនិយោគ​ក្នុងប្រទេស​ឲ្យ​កាន់​ច្រើន នៅ​ចុងឆ្នាំ​២០១៩​កន្លងទៅ រដ្ឋាភិបាល​វៀតណាម បានដាក់​ដំណើរ​ជា​ផ្លូវការ​នូវ​ច្រកចេញចូល​សេវាសាធារណៈ​ជាតិ ដោយ​ប្រើប្រាស់​តាម​ប្រព័ន្ធ​អន​ឡាញ​(e-government)​។ សេវា​នេះ បានដាក់​បញ្ចូល​នូវ​សេវាសាធារណៈ​រដ្ឋ​ជាច្រើន ក្នុងនោះ​រាប់បញ្ចូល​ទាំង​ការទូទាត់​ប្រាក់ និង​នីតិវិធី​សម្រាប់​ស្នើសុំ​ពាក់ព័ន្ធ​ការវិនិយោគ​ជាដើម​។​
 
​ក្នុង​រយៈពេល​អនុវត្ត​បី​ខែ​កន្លងមកនេះ រដ្ឋាភិបាល​វៀតណាម បាន​ភ្ជាប់​សេវាសាធារណៈ​ជាមួយនឹង​ក្រសួង​របស់ខ្លួន​ចំនួន ១៤ និង​រដ្ឋបាល​សាធារណៈ ៦៣ និង​អ្នកប្រើប្រាស់ (Subscriber) ប្រមាណ​ជិត​ប្រាំ​ម៉ឺន​នាក់ ខណៈ​សំណើ​ឯកសារ​ដែល​បានដាក់​ស្នើ​ក្នុង​ប្រព័ន្ធ មាន​ចំនួន ២.៩ លាន ឯកសារ​ផងដែរ​៕   

Tag:
 វៀតណាម​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com