COVID-19
ជាតិ
TRC ឲ្យក្រុមហ៊ុនទូរសព្ទ-អ៊ីនធឺណិត ពង្រឹងសេវាដើម្បីធានាការហៅមកលេខ១១៥ និងការសិក្សាតាមអនឡាញ
× ភ្នំពេញ៖ និយ័តករទូរគមនាគមន៍កម្ពុ (TRC)ជាបានណែនាំដល់ប្រតិបត្តិករផ្ដល់សេវាទូរសព្ទចល័ត អចល័ត និងអ៊ីនធឺណិត ឲ្យពង្រឹងការផ្ដល់សេវាទូរគមនាគមន៍ ដើម្បីឆ្លើយតបនឹងការកើនឡើងជំងឺកូវីដ១៩។ នេះបើតាមសេចក្ដីណែនាំរបស់និយ័តករទូរគមនាគមន៍កម្ពុជា ចេញផ្សាយថ្ងៃទី១៧ មីនានេះ។
ដើម្បីសម្រួលដល់ការហៅទូរសព្ទទៅលេខ ១១៥ របស់ក្រសួងសុខាភិបាល និងការជំរុញរបស់ក្រសួងអប់រំ យុវជន និងកីឡា ទាក់ទងនឹងការស្វ័យសិក្សានៅតាមផ្ទះ និយ័តករទូរគមនាគមន៍កម្ពុជា បានណែនាំដល់ប្រតិបត្តិករផ្ដល់សេវាទូរសព្ទចល័ត អចល័ត និងអ៊ីនធឺណិត ពង្រឹងការផ្ដល់សេវាទូរគមនាគមន៍។
ក្នុងន័យនេះ និយ័តករទូរគមនាគមន៍កម្ពុជា ណែនាំឲ្យប្រតិបត្តិករផ្ដល់សេវាទូរសព្ទចល័ត អចល័ត និងទូរគមនាគមន៍កម្ពុជា ពិនិត្យ និងធានាថា អ្នកប្រើប្រាស់ទូរសព្ទចល័ត អចល័តទាំងអស់ អាចហៅទៅលេខ ១១៥ ដោយឥតគិតថ្លៃ ពីគ្រប់កន្លែងដែលមានសេវាទូរសព្ទ។ ជាមួយគ្នានេះ ត្រូវចាត់ឲ្យមានជនបង្គោលទទួលខុសត្រូវ ដើម្បីសម្របសម្រួលផ្នែកបច្ចេកទេស ពិសេសសម្រាប់ដំណើរការលេខ ១១៥។
ចំណែកឯ ប្រតិបត្តិករផ្ដល់សេវាទូរសព្ទ និងអ៊ីនធឺណិតវិញ ត្រូវបង្កើនការតាមដាន KPI របស់ស្ថានីយផ្សាយសេវា និងបណ្ដាញតភ្ជាប់ ក្នុងពេលមានការកើនឡើងការប្រើប្រាស់សេវាទូរសព្ទ និងអ៊ីនធឺណិត។ និយ័តករទូរគមនាគមន៍កម្ពុជា បន្ថែមថា ប្រតិបត្តិករផ្ដល់សេវាទូរសព្ទ និងអ៊ីនធឺណិត ត្រូវពង្រឹងគុណភាពសេវា និងពង្រីកសមត្ថភាពនៃស្ថានីយផ្សាយសេវា និងបណ្ដាញតភ្ជាប់៕
Tag:
និយ័តករទូរគមនាគមន៍កម្ពុជា
COVID19
© រក្សាសិទ្ធិដោយ thmeythmey.com