អន្តរជាតិ
លោក ត្រាំ នឹងក្លាយជាបេក្ខភាពប្រធានាធិបតីតំណាងបក្សសាធារណរដ្ឋ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ។ រូបភាព Xinhua
× លោក ដូណាល់ ត្រាំ នឹងក្លាយជាបេក្ខភាពតំណាងបក្សសាធារណរដ្ឋដើម្បីការពាតំណែងប្រធានាធិបតីរបស់លោកក្នុងការបោះឆ្នោតខែវិច្ឆិកាខាងមុខ បន្ទាប់ពីលោកទទួលបានជ័យជម្នះស្រួលៗក្នុងការបោះឆ្នោតជម្រុះផ្ទៃក្នុងបក្ស។ គូប្រជែងរបស់លោក មកពីបក្សប្រជាធិបតេយ្យនៅមិនទាន់រកឃើញនៅឡើយទេ ប៉ុន្តែអតីតអនុប្រធានាធិបតី ចូ បៃឌិន កំពុងមានសំឡេងនាំមុខ ដោយប្រមូលប្រតិភូបានកាន់តែច្រើនដើម្បីក្លាយជាបេក្ខជនតំណាងបក្ស។
ជ័យជម្នះក្នុងការបោះឆ្នោតជម្រុះរបស់បក្សសាធារណរដ្ឋក្នុងរដ្ឋ Florida និង Illinois បានធ្វើឲ្យលោក ដូណាល់ ត្រាំ មានឱកាសឈរឈ្មោះការពារតំណែងប្រធានាធិបតីរបស់ខ្លួនក្នុងការបោះឆ្នោតប្រធានាធិបតីខែវិច្ឆិកា ឆ្នាំ២០២០ ។ ជ័យជម្នះ ធ្វើឲ្យចំនួនប្រតិភូដែលលោក ត្រាំ ប្រមូលបានមានចំនួន១៣៣០នាក់ គិតត្រឹមថ្ងៃទី១៨ ខែមីនា។ តួលេខនេះ មានលើសពីតម្រូវដែលកំណត់ត្រឹម១២៧៦នាក់ប៉ុណ្ណោះ។
ជាមួយនឹងលទ្ធផលនេះ លោក ត្រាំ ក្លាយជាបេក្ខភាពតំណាងបក្សសាធារណរដ្ឋដោយស្វយប្រវត្តិតែម្ដង និងរង់ចាំតែការប្រកាសជាផ្លូវការក្នុងសន្និបាតបក្សដែលគ្រោងធ្វើនៅពេលខាងមុខ។ តាមពិតទៅ ក្នុងការបោះឆ្នោតជម្រុះក្នុងបក្សកន្លងមក លោក ត្រាំ មិនសូវប្រឹងប្រែងអ្វីឡើយ ព្រោះគ្មានបេក្ខជនខ្លាំងក្លាមកប្រជែងនឹងលោកឡើយ។ បេក្ខនឈរលេខរៀងទីពីរបន្ទាប់លោក ត្រាំ គឺលោក Bill Weld ទទួលបានប្រតិភូតែម្នាក់ប៉ុណ្ណោះ។
ប្រធានគណៈកម្មាធិការជាតិបក្សសាធារណរដ្ឋ Ronna McDaniel បានសាទរលោក ត្រាំ ។ អ្នកស្រី McDaniel បានសរសេរលើ Twitter ថា៖ «សាទរលោក ដូណាល់ ត្រាំ ចំពោះការក្លាយជាបេក្ខជនតំណាងបក្សដែលសន្មត់ទុកមុនសម្រាប់តំណែងប្រធានាធិបតី។» ជ័យជម្នះរបស់លោក ត្រាំ ត្រូវបានអ្នកនយោបាយជាន់ខ្ពស់របស់បក្សសាធារណរដ្ឋចាត់ទុក ជាការរួបរួមរបស់បក្ស និងការត្រៀមខ្លួនដឹកនាំប្រទេសបួនឆ្នាំទៀត។
ខាងបក្សសាធារណរដ្ឋដឹងហើយ នៅឡើយតែបក្សប្រជាធិបតេយ្យប៉ុណ្ណោះ។ ការបោះឆ្នោតផ្ទៃក្នុងបក្សប្រជាធិបតេយ្យ កំពុងធ្វើឡើងយ៉ាងស្វិតស្វាញបំផុតរវាងអតីតអនុប្រធានាធិបតី ចូ បៃឌិន និងសមាជិកព្រឹទ្ធសភា ប៊េននី សេនដឺ ។ ប៉ុន្តែលោក បៃឌិន ហាក់មានសំឡេងនាំមុខលោក សេនដឺ ជាមួយជ័យជម្នះចុងក្រោយក្នុងរដ្ឋ Florida និង Illinios ។ អតីតអនុប្រធានាធិបតីរបស់លោក បារ៉ាក់ អូបាម៉ា រូបនេះ មានសង្ឃឹមខ្ពស់ជាងដើម្បីឈានទៅតទល់នឹងលោក ត្រាំ ។
គិតត្រឹមថ្ងៃទី១៧ ខែមីនា លោក បៃឌិន ទទួលបានប្រតិភូចំនួន១១២១នាក់ ទល់នឹងលោក សេនដឺ ចំនួន៨២៩នាក់។ ចំនួនប្រតិភូសរុបដើម្បីក្លាយជាបេក្ខជនតំណាងបក្សប្រជាធិបតេយ្យ គឺ១៩៩១នាក់។ យ៉ាងណាមិញ នៅសល់រដ្ឋជាច្រើនទៀត ដែលមិនទាន់រៀបចំការបោះឆ្នោតជម្រុះ ដែលនេះអាចជាឱកាសសម្រាប់លោក បៃឌិន បង្កើនការនាំមុខ ឬក៏សម្រាប់លោក សេនដឺ បន្តដេញតាមលោក បៃឌិន ដែលទៅមុខកាន់តែឆ្ងាយ៕
Tag:
ដូណាល់ ត្រាំ
អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com