COVID-19
ជាតិ
គណៈសង្ឃ អំពាវនាវ​ឲ្យ​ព្រះសង្ឃ​ចូលរួម​ទប់ស្កាត់ COVID-19
18, Mar 2020 , 9:39 pm        
រូបភាព
រូបពីទំព័រហ្វេសប៊ុករបស់លេខាធិការដ្ឋានគណៈសង្ឃនាយក
រូបពីទំព័រហ្វេសប៊ុករបស់លេខាធិការដ្ឋានគណៈសង្ឃនាយក
​ភ្នំពេញ​៖ គណៈសង្ឃ​នាយក​កម្ពុជា បាន​អំពាវនាវ​ដល់​ព្រះសង្ឃ​គ្រប់​វត្ត​អារាម ឱ្យ​ស្វែងយល់​ពី​ជំងឺ​COVID-19 និង​តាម​ការ​ដាន​ព័ត៌មាន ដើម្បី​ផ្សព្វផ្សាយ​ដល់​គ្រប់​ពុទ្ធបរិស័ទ​តាម​គ្រប់​មធ្យោបាយ ។​


 
​គណៈសង្ឃ​នាយក​កម្ពុជា បានចេញ​សង្ឃប្រកាស​ឱ្យ​ព្រះសង្ឃ​គ្រប់រូប ត្រូវ​ស្វែងយល់​ពី​ជំងឺ​Covid-19 តាមរយៈ​ព័ត៌មាន​ផ្សព្វផ្សាយ​នានា​របស់​ក្រសួងសុខាភិបាល​។ ទន្ទឹមនឹងនេះ ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ​ទាំងអស់ ត្រូវមាន​វិធានការ​អនាម័យ និង​សុវត្ថិភាព​ចំណីអាហារ ហើយ​ប្រសិនបើ​មាន​អ្នកមាន​អាការ​ក្តៅខ្លួន ក្អក កណ្តាស់ ផ្តាសាយ ហៀរ​សំបោ ឈឺបំពង់ក ត្រូវតែ​ជួយ​បញ្ជូនទៅ​មណ្ឌល​សុខភាព​។ 
 
​ជាមួយគ្នា​ដែរ គ្រប់​វត្ដ​ទូទាំងប្រទេស នឹង​ទូងស្គរ​សូធ្យ​ព្រះធម៌ នៅ​ថ្ងៃទី​២៣ មីនា ឆ្នាំ​២០២០ ដើម្បី​កំចាត់​គ្រោះមហន្តរាយ ដែល​ពាក់ព័ន្ធ​នឹង​ជំងឺ​Covid-19​។ នេះ​បើតាម​គណៈសង្ឃ​នាយ​កក​ម្ពុ​ជា​។​
 
​កម្ពុជា​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 ចំនួន​៣៥​នាក់​ហើយ គិត​ត្រឹម​ម៉ោង​២​រសៀល​ថ្ងៃទី​១៨ មីនា​នេះ​។ ក្នុងចំណោម​នោះ ជនជាតិខ្មែរ​មាន​២២​នាក់ ម៉ាឡេស៊ី​៥​នាក់ អង់គ្លេស​៣​នាក់ បារាំង​២​នាក់ កាណាដា​១​នាក់ បែលហ្ស៊ិក​១​នាក់ និង​ចិន​១​នាក់ ដែលជា​ករណី​ដំបូង ហើយ​សះស្បើយ​៕

Tag:
 Covid-19
  ព្រះសង្ឃ​
© រក្សាសិទ្ធិដោយ thmeythmey.com