អន្តរជាតិ
បុរស​អាមេរិក​ម្នាក់ បរិច្ចាគ​ទឹក​លាងដៃ​ជិត​២​ម៉ឺន​ដប​ដែល​លោក​ទិញ​ស្តុក ជូន​ដល់​មហាជន​
18, Mar 2020 , 9:19 pm        
រូបភាព
លោក Mathh Colvin (New York Times)
លោក Mathh Colvin (New York Times)
​បុរស​វ័យក្មេង​ម្នាក់​ដែល​រស់នៅក្នុង​រដ្ឋ Tennessee សហរដ្ឋអាមេរិក រង​ការស្តីបន្ទោស​ខ្លាំង​បន្ទាប់ពី​ការទិញ​ស្តុក​ទុក​ទឹក​អាល់កុល​លាងដៃ​ចំនួន​១៧៧០០​ដប មុននឹង​បរិច្ចាគ​ផលិតផល​ទាំងនេះ​ទៅកាន់​មហាជន​វិញ​នៅ​ថ្ងៃទី​១៥ ខែមីនា ។ ការ​ចែកចាយ​បែបនេះ ធ្វើឡើង​ខណៈ​លោក​ត្រូវបាន​គេ​ស៊ើបអង្កេត​ពី​សកម្មភាព​ដំឡើង​តម្លៃ​ផលិតផល​អនាម័យ​នេះ​។

 
​គេហទំព័រ todayonline.com បាន​បកស្រាយ​កាលពី​ថ្ងៃ​១៦ មីនា​នេះ​ថា លោក Matt Colvin ដែលជា​អាជីវករ​នៃ​ក្រុមហ៊ុន Amazon មួយ​មាន​ដែលមាន​ទីតាំង​នៅឯ​រដ្ឋ Tennessee បានធ្វើការ​ជាមួយនឹង​អ្នកស្ម័គ្រចិត្ត​ក្នុងការ​ចែកចាយ​ប្រមាណ​ជា​២​ភាគ​៣​នៃ​ស្តុក​ទឹក​អាល់កុល​លាងដៃ​របស់គាត់​នៅក្នុង​វិហារ​សាសនា​គ្រឹ​ស្ត​មួយ​ក្នុង​តំបន់​ទៅកាន់​អ្នក​ដែល​ត្រូវការ​។ ចំណែក​១​ភាគ​៣​ទៀត​នៃ​ស្តុក​ត្រូវបាន​ប្រមូល​ទុក​ដោយ​ក្រុមមន្ត្រី​ក្នុងស្រុក ដើម្បី​យកទៅ​ចែកចាយ​បន្ត​នៅឯ​រដ្ឋ Kentucky​។     
 
​រឿង​របស់លោក Matt ដែល​ជនជាតិ​អាមេរិក​រូបនេះ បានធ្វើ​ឲ្យ​មានការ​ភ័ន្ត​ច្រ​លំ និង​បង្ក​ទៅជា​ភាពចម្រូងចម្រាស់​ជាច្រើន​។ សារព័ត៌មាន The New York Times បាន​ចុះផ្សាយ​ថា​លោក​បាន​ទិញ​ទឹក​សម្អាត​ដៃ​ទាំងនោះ​ទុក​ដើម្បី​លក់​បញ្ចេញ​វា​វិញ​នៅពេល​ដែលមាន​តម្រូវការ​កាន់តែ​ខ្ពស់​។ ភាពមិន​ពេញចិត្ត​របស់​មហាជន​ជាច្រើន​ត្រូវបាន​បញ្ចេញ​ជា​កំហឹង​ទាំង​នៅក្នុង​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត និង​ជា​លក្ខណៈ​បុគ្គល​ផ្ទាល់​។ 
 
​នៅក្នុង​កិច្ចសម្ភាសន៍ លោក Matt បាន​និយាយថា លោក​ពិតជា​មាន​ភាព​សោកស្តាយ​ខ្លាំងណាស់​ជាមួយនឹង​រឿង​ដែល​បាន​កើតឡើង​ទាំងអស់នេះ​។ គាត់​មិនបាន​រំពឹង​អំពី​តម្រូវការ​ដ៏​ខ្ពស់​របស់​វា​ឡើយ​នៅក្នុង​កាលៈទេសៈ​មួយ​នេះ​។ លោក Matt បាន​បន្តថា​៖«​ខ្ញុំ​បាន​ទិញ​លក់​ផលិតផល​អស់​ជា​១០​ឆ្នាំ​មកហើយ​។ ផលិតផល​ទាំងនោះ​តែងតែមាន​ស្តុក​ជានិច្ច​។ តែ​ម្តងនេះ ខ្ញុំ​មិនបាន​ដឹងថា​ក្រុមហ៊ុន​មិនអាច​បំពេញ​ស្តុក​បាន​នោះទេ​។​»
 
​កំហឹង​របស់​ប្រជាពលរដ្ឋ​ទូទៅ​បាន​បង្ក​សេចក្តី​ព្រួយបារម្ភ​ទៅកាន់​ខ្លួន​លោក ថែមទាំង​គ្រួសារ​របស់លោក​ផងដែរ​។ មាន​សារ​ពី​មនុស្ស​មួយចំនួន​បាន​ថែមទាំង​គំរាម​សម្លាប់​លោក និង​គ្រួសារ​លោក​ទៀតផង​។ «​ខ្ញុំ​មិនដែល​មានបំណង​ក្នុងការ​ស្តុក​ទុក​ឧបករណ៍​អនាម័យ​វេជ្ជសាស្ត្រ​ពី​តម្រូវការ​របស់​មនុស្ស​នោះទេ​» លោក Matt និយាយ​ទាំង​យំ​តិចៗ​។ 
 
​ក្រុមហ៊ុន eBay និង Amazon បាន​ផ្អាក​លោក Matt ពី​ការងារ​។ រដ្ឋ​ធេ​នេ​ស៊ី​បាន​អនុវត្ត​ច្បាប់​យ៉ាង​តឹងរឹង​ទៅលើ​ការ​តម្លើងថ្លៃ​លើ​ផលិតផល​ក្នុងពេល​មាន​អាសន្ន​។ តែ​លោក Matt Colvin ប្រហែលជា​មិន​ទទួលរង​បញ្ហា​អ្វី​ធំ​នោះទេ​។ នេះ​គឺ​ដោយសារតែ​លោក Matt បាន​ទិញដូរ​ផលិតផល​ទឹក​លាងដៃ​ទាំងនោះ​តាំងពី​មុន​ថ្ងៃទី​១២​មកម្ល៉េះ ពោលគឺ​មុនពេល​ដែល​រដ្ឋ​ធេ​នេ​ស៊ី​ប្រកាស​អនុវត្ត​ច្បាប់​លើ​ការដំឡើង​តម្លៃ​ទំនិញ​។ គាត់​មិនបាន​ទិញដូរ​អ្វី​ទៀត​នោះឡើយ​ក្រោយ​ថ្ងៃទី​១២ ខែមីនា​។ ហេតុដូចនេះ អ្នកនាំពាក្យ​មន្ត្រី​ម្នាក់​នៃ​រដ្ឋ​ធេ​នេ​ស៊ី​បាន​និយាយថា សកម្មភាព​ទិញដូរ​របស់លោក Matt គឺ​ស្ថិតនៅក្រោម​ច្បាប់ពាណិជ្ជកម្ម​ទិញដូរ​ធម្មតា​៕

© រក្សាសិទ្ធិដោយ thmeythmey.com