អន្តរជាតិ
តើ​សាប៊ូ​សម្លាប់ «COVID-19» ដោយ​របៀប​ណា​?
19, Mar 2020 , 8:29 am        
រូបភាព
​វីរុស​មួយចំនួន​អាចមាន​សកម្មភាព​នៅលើ​ខ្លួន​មនុស្ស​រហូត​ទៅដល់​រយៈ​ពេល​ជាច្រើន​ម៉ោង ឬ​ច្រើន​ថ្ងៃ​បាន​។ ទឹក​លាងដៃ​អាល់កុល ឬ​គ្រី​ម​ដែលមាន​ជាតិ​អាល់កុល​សម្រាប់​អនាម័យ​មិនអាច​សម្អាត​មេរោគ​បានល្អ​ដូច​សាប៊ូ​ធម្មតា​នោះទេ​។ មកទល់​ពេល​សព្វថ្ងៃនេះ គេ​មិនទាន់​អាច​ផលិត​ថ្នាំ​ដែល​អាច​សម្លាប់​ពពួក​វី​រុស​បាន​នៅឡើយ​ទេ​។ ប៉ុន្តែ​គេ​អាច​កាត់បន្ថយ​ការរីក​រាលដាល​របស់​វា​បាន​មួយចំនួន​ជាមួយនឹង​ការយកចិត្តទុកដាក់​ផ្នែកអនាម័យ​។

 
​ទោះបីជា​អ្នកមាន​ថវិកា​ច្រើន​ប៉ុនណា​ក៏ដោយ ក៏​អ្នក​មិនអាច​ទិញ​ថ្នាំ​ដែល​អាច​សម្លាប់​វីរុស​ក្នុង​ខ្លួន​អ្នក​បានដែរ​។ តែ​ដុំ​សាប៊ូ​ធម្មតា​មួយ​នៅក្នុង​បន្ទប់ទឹក​របស់​អ្នក​អាចមាន​ប្រសិទ្ធភាព​លើ​វីរុស​ទាំង​នោះបាន​។ តើ​ដោយសារតែ​មូលហេតុ​អ្វី​ទៅ​? 
 
​គេហទំព័រ​ព័ត៌មាន The Guardian កាលពី​ថ្ងៃទី​១២ ខែមីនា​នេះ បាន​ពន្យល់ថា វីរុស​ត្រូវបាន​ផ្គុំ​ឡើង​ពី​ផង់​តូចៗ​ជាច្រើន​ក្នុង​ទំហំ​ណា​ណូ​ម៉ែត្រ ដែល​ទាមទារ​ឲ្យ​មាន​ឧបករណ៍​មីក្រូ​ទស្សន៍​ពិសេស​ក្នុងការ​ពិនិត្យមើល​។ ក្នុងការ​តម្រៀប​គ្នា​នៃ​ផង់​តូចៗ (​ម៉ូលេគុល​) ទាំងនោះ សម្រាប់​ផង់​ដែលមាន​លក្ខណៈ​ខ្សោយ​ជាងគេ​គឺ​ស្រទាប់ «​លីពីត​» ឬ​ជា​ស្រទាប់​ខ្លាញ់​ដែល​ព័ន្ធ​នៅ​ជុំវិញ​វីរុស​នោះ​។ ការងារ​របស់​សាប៊ូ​គឺ​ការ​ទៅ​បំបែក​ការចង់ភ្ជាប់​គ្នា​រវាង​ស្រទាប់​លីពីត​របស់​វីរុស រួច​ធ្វើ​ឲ្យ​វីរុស​ទាំងនោះ​លែងមាន​សកម្មភាព​។ 
 
​វីរុស​ផ្សំ​ឡើង​ចេញពី​សារធាតុ​សំខាន់ៗ​ចំនួន​បី​ដែល​ក្នុងនោះ​មានដូចជា រី​បូ​នុយ​ក្លេ​អ៊ី​ច​អាស៊ីត (RNA) ប្រូតេអ៊ីន និង​លីពីត​។ នៅពេលដែល​វីរុស​ធ្វើដំណើរ​ចូលទៅក្នុង​កោសិកា​របស់​ធ្មួ​ល (​ដូចជា​មនុស្ស ឬ​សត្វ​) វីរុស​នឹង​បញ្ជា​ឲ្យ​កោសិកា​ធ្នួ​ល​ទាំងនោះ​ផលិត​សារធាតុ​សំខាន់ៗ​ទាំងបី​ខាងលើនេះ​ឲ្យ​បាន​កាន់តែច្រើន ក្នុង​ការផលិត​វីរុស​ថ្មីៗ​ជាច្រើន​បន្ថែមទៀត​។ ប៉ុន្តែ​សារធាតុ​ខាងលើនេះ​មិនមាន​សម្ព័ន្ធ​គីមី​ចង់ភ្ជាប់​គ្នា​ខ្លាំង​នោះទេ​។ ដោយហេតុនេះ​ទើប​សាប៊ូ​ធម្មតា​មួយចំនួន​អាច​ទៅ​បំបែក​សម្ព័ន្ធ​គីមី​ដែល​នៅក្នុង​ស្រទាប់​លីពីត​នៃ​វីរុស​បាន​។ 
 
​នៅពេលដែល​វីរុស​មាន​វត្តមាន​នៅលើ​រា​ង្គ​កាយ​របស់​អ្នក មិន​ថា​ជា​ស្បែ​កដៃ ឬ​ស្បែ​កមុខ​ឡើយ ទីតាំង​ទាំងនេះ​មាន​លក្ខណៈ​ល្អ​សម្រាប់​សកម្មភាព​នៃ​វីរុស​ដោយសារ​តែម​ជ្ឍ​ដ្ឋា​ន​សារី​រា​ង្គ​នៃ​ប្រូតេអ៊ីន និង​អាស៊ីត​ខ្លាញ់​ដែលមាន​នៅលើ​ស្បែក​របស់​អ្នក​។ ការ​លាងដៃ​ជាមួយ​ទឹក​ទទេ​មិន​ជាមាន​ប្រសិទ្ធ​ភាពល្អ​ប៉ុន្មាន​នោះទេ​។ តែ​ការ​លាងដៃ​ជាមួយ​ទឹកសាប៊ូ​គឺជា​រឿង​ផ្សេង​ដាច់ដោយឡែក​។ 
 
​ទឹកសាប៊ូ​មាន​ទម្រង់​ម៉ូលេគុល Amphiphiles ដែលមាន​លក្ខណៈ​ស្រដៀង​គ្នា​ខ្លាំង​ជាមួយនឹង​ទម្រង់​ម៉ូលេគុល​លីពីត​ដែលមាន​នៅលើ​ស្រទាប់​របស់​វីរុស​។ ម៉ូលេគុល Amphiphiles នេះ​នឹង​ទៅ​ប្រយុទ្ធប្រឆាំង​ជាមួយនឹង​ភាព​ស្អិត​ជាប់​គ្នា​រវាង​វីរុស​នឹង​ស្បែក​មនុស្ស រួមទាំង​ការ​បំបែក​ទម្រង់​ម៉ូលេគុល​ដែលមាន​នៅក្នុង​វីរុស​។ អាល់កុល​លាងដៃ​ដែលមាន​កម្រិត​អេតាណុល​ពី​៦០%​ទៅកាន់​៨០%​មានលទ្ធភាព​ក្នុងការ​បំផ្លាញ​វីរុស​ស្រដៀង​គ្នា​ជាមួយនឹង​ទឹកសាប៊ូ​ដែរ​៕

© រក្សាសិទ្ធិដោយ thmeythmey.com