COVID-19
អន្តរជាតិ
ថៃមានករណីឆ្លងCOVID-19 ថ្មី ៣៥ករណី ខណៈវៀតណាមមាន ១ករណី រូបភាព៖ AFP
× ក្រសួងសុខាភិបាលថៃ នាថ្ងៃទី១៨ ខែមីនា បានរកឃើញអ្នកផ្ទុកជំងឺរលាកសួតបង្កដោយកូរ៉ូណាវីរុស (COVID-19) ចំនួន ៣៥ករណីបន្ថែមទៀត ខណៈវៀតណាម បានរកឃើញ ១ករណីទៀតដែលមានពាក់ព័ន្ធនឹងពិធីសាសនាមួយនៅម៉ាឡេស៊ី។
បើតាមប្រធាននាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងថៃ លោក Suwannachai Wattanayingcharoen មនុស្ស ៣៥នាក់បន្ថែមទៀត ត្រូវបានគេរកឃើញថា មានផ្ទុកCOVID-19 នាថ្ងៃទី១៨ ខែមីនា។ ក្នុងចំនួនអ្នកជំងឺទាំងនេះ មាន ២៩នាក់ គឺមានពាក់ព័ន្ធទៅនឹងកន្លែងប្រដាល់ និងកន្លែងកម្សាន្ត។ តួលេខសរុបនៅក្នុងប្រទេសថៃ បានកើនដល់ ២១២ករណី អ្នកស្លាប់ ១ករណី និងអ្នកជាសះស្បើយ ៤១ករណី។
ក្នុងថ្ងៃដដែលនេះ វៀតណាម ក៏រកឃើញមួយករណីដែរ។ ករណីចុងក្រោយនេះ គឺមានពាក់ព័ន្ធនឹងពិធីសាសនាឥស្លាមមួយ នៅក្នុងប្រទេសម៉ាឡេស៊ី។ ករណីសរុបនៅវៀតណាម បានកើនដល់ ៦៧ករណី និងអ្នកជាសះស្បើយមាន ១៦ករណី។
សូមបញ្ជាក់ថា ក្នុងចំណោមបណ្តាសមាជិកអាស៊ានទាំងអស់ ម៉ាឡេស៊ីមានCOVID-19 ច្រើនជាងគេពោលគឺរហូតដល់ ៦៧៣ករណី ខណៈប្រទេសមានចំនួន COVID-19 តិចជាងគេគឺកម្ពុជាមាន ៣៥ករណី។ មានតែឡាវ និងមីយ៉ាន់ម៉ាប៉ុណ្ណោះ ដែលមិនទាន់រកឃើញមានCOVID-19 នៅក្នុងប្រទេស៕
Tag:
ថៃ
វៀតណាម
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com