COVID-19
ជាតិ
សង្គមជាតិ
​លោក ផៃ ស៊ី​ផាន ស្នើ​ឲ្យ​អ្នកកាសែត ហៅ​ត្រឹម «​ខ្មែរ​» កុំ​ហៅ «​ខ្មែរ​-​អ៊ិ​ស្លាម​» ជៀសវាង​ការរើសអើង​
18, Mar 2020 , 2:29 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល បានស្នើ​ឲ្យ​អ្នកកាសែត សរសេរ​ត្រឹម​ថា «​ប្រជាពលរដ្ឋ​ខ្មែរ​» បាន​ហើយ ដោយ​មិនគួរ​សរសេរថា «​ខ្មែរ​-​អ៊ិ​ស្លាម​» នោះទេ ចំពោះ​ខ្មែរ​-​អ៊ិ​ស្លាម​ទាំងឡាយណា ដែល​ឆ្លង​កូ​វីដ​-១៩​។ លោក យល់ថា ការសរសេរ​ត្រឹម​ពាក្យ «​ប្រជាពលរដ្ឋ​ខ្មែរ​» គឺអាច​ជៀសវាង​ការ​រើស​អើ​ស​លើ​ខ្មែរ​-​អ៊ិ​ស្លាម ដែល​ឆ្លង​កូ​វីដ​-១៩​។ ប៉ុន្តែ​កន្លងមក គឺ​ក្រសួងសុខាភិបាល បាន​សរសេរ​ពាក្យ​ខ្មែរ-អ៊ិ​ស្លាម នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន ដែល​ពាក់ព័ន្ធ​ករណី​ឆ្លង​កូវីដ-១៩ ពី​ពិធី​សាសនា​នៅ​ម៉ាឡេស៊ី​។​

 
​ក្នុង​សន្និសីទកាសែត នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២០ អ្នកនាំពាក្យ​រដ្ឋាភិបាល មាន​ប្រសា​ស៍ន៍​ដូច្នេះ​ថា​៖«​យើង ប្រាប់ថា ប្រជា​ពល​ដ្ឋ​ខ្មែរ​តែមួយ​ម៉ាត់ គ្រប់គ្រាន់​ហើយ​។​...​មិនមាន​អត្ត​ប្រយោជន៍​ក្នុងការ​ធ្វើ​អត្តសញ្ញាណ​កម្ម រហូត​ទៅដល់​ថា ខ្មែរ​-​អ៊ិ​ស្លាម ខ្មែរ​-​ចិន ឬ ខ្មែរ​-​វៀតណាម មិនបាច់​ទេ​...​។ សូម​អធ្យាស្រ័យ សូម​ឲ្យ​បងប្អូន​ទាំងអស់គ្នា មេត្តា សម្រួលការ​ប្រើប្រាស់​ពាក្យ​ពេជ្រ នៅក្នុង​បណ្តាញ​ព័ត៌មាន​របស់​យើង កុំ​ឲ្យ​មានការ​រើស​អើ​ស​»​។​
 
​សំឡេង​៖



 
​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២០ កម្ពុជា បាន​រកឃើញ​មនុស្ស​៣៥​នាក់​ហើយ ដែល​ឆ្លង​កូ​វីដ​-១៩ ដោយ​ក្នុងនោះ មាន​បុរស​ខ្មែរ​-​អ៊ិ​ស្លាម​១៧​នាក់​។ ពួកគេ ឆ្លង​កូ​វីដ​-១៩ ក្រោយ​វិលត្រឡប់​ពី​ចូលរួម​ពិធី​សាសនា​នៅ​ម៉ាឡេស៊ី​។​
 
​ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ សារព័ត៌មាន​ទាំងអស់​សរសេរ​តាមតែ​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ប៉ុណ្ណោះ ព្រោះ​រាល់​សេចក្តីប្រកាស​កន្លងមក ក្រសួង​បាន​ប្រើពាក្យ «​ខ្មែរ​-​អ៊ិ​ស្លាម​» នៅ​រាល់​ការបញ្ជាក់​ករណី​នីមួយៗ​ដែល​ពាក់ព័ន្ធ​ខ្មែរ​មកពី​ពិធី​សាសនា​នៅ​ម៉ាឡេស៊ី​៕
 

Tag:
 ផៃ ស៊ី​ផាន​
  ខ្មែរ​-​អ៊ិ​ស្លាម​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com