COVID-19
ជាតិ
COVID-19៖ ៤ករណីទៀតនៅកម្ពុជា ២នៅកំពត និង២នៅត្បូងឃ្មុំ សរុប ៣៧នាក់
18, Mar 2020 , 9:25 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រសួងសុខាភិបាល នា​ថ្ងៃទី​១៨ ខែមីនា​នេះ បានប្រកាស​រកឃើញ​អ្នក​ឆ្លង COVID-19   ៤​ករណី​បន្ថែមទៀត ធ្វើ​ឲ្យ​តួលេខ​ឆ្លង​សរុប​នៅ​កម្ពុជា​កើនឡើង​ដល់​៣៧​ករណី​។ ករណី​ឆ្លង​ទាំង​៤​ករណីនេះ គឺជា​បុ​រ​សជន​ជាតិខ្មែរ​ដែល​ត្រលប់​ពី​ពិធីបុណ្យ​សាសនា​នៅ​ម៉ាឡេស៊ី និង​២​ករណី ជា​បុរស​ជនជាតិ​ម៉ាឡេស៊ី​។ ករណី​ឆ្លង​ទាំង​២​ករណីនេះ គឺជា​បុរស​ខ្មែរ ដែល​មកពី​បុណ្យ​សាសនា​នៅ​ម៉ាឡេស៊ី​។​



តាមពិតទៅ​២ករណីនៅខេត្តកំពត ដែល​មានអ្នកឆ្លងជាជនជាតិម៉ាឡេស៊ី គឺជាករណីដែល​លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ប្រកាសផ្ទាល់មាត់​នាសន្និសីទ​សារព័ត៌មាន​​នៅទីស្តីការគណៈរដ្ឋមន្ត្រី ដោយ​លោកស្រីថា ជាករណីនៅខេត្តកែប បន្ថែមលើករណីបុរសម៉ាឡេស៊ី​៣នាក់។ ប៉ុន្តែ​របាយការណ៍នៅពេលយប់ បញ្ជាក់ថា អ្នកជំងឺទាំងពីររូប​ដែលមានអាយុ​៦០ឆ្នាំ និង​៦៤​ឆ្នាំ ស្ថិតក្នុងក្រុងកំពត ដែលពេលនេះកំពុងដាក់នៅដាច់ដោយឡែក​នៅមន្ទីរពេទ្យខេត្តកំពត។

រីឯករណីថ្មីស្ថិតនៅ​ខេត្ត​ត្បូងឃ្មុំ ដែលជាបុរសខ្មែរ អាយុ៧១ឆ្នាំ ឃុំទ្រា ស្រុកក្រូចឆ្មារ និងអាយុ​៥២ឆ្នាំ នៅឃុំដារ ស្រុកមេមត់។ ពួកគាត់ត្រូវបាន​ដាក់ព្យាបាល​ដាច់ដោយឡែកនៅ​ពេទ្យខេត្តត្បូងឃ្មុំ។ បុរសទាំងពីរស្ថិតក្នុងចំណោម​មនុស្ស​៧៩នាក់ដែល​បាន​វិលត្រឡប់ពីពិធីបុណ្យសាសនានៅម៉ាឡេស៊ី។

គិតមក​ដល់ពេលនេះ កម្ពុជាមានអ្នកឆ្លង COVID-19 ចំនួន​៣៧ករណីហើយ ដែលក្នុងនោះមាន​ស្រី២នាក់។ អ្នកដែលឆ្លងមាន ចិន១នាក់នៅខេត្តព្រះសីហនុដែលបានជាសះស្បើយ ក្រៅពីនេះមាន អង់គ្លេស៣នាក់ កាណាដា១នាក់ បែលហ្ស៊ិក១នាក់ បារាំង២នាក់ (ក្នុងនោះមានទារកអាយុ៤ខែ) ម៉ាឡេស៊ី​៥នាក់ និងខ្មែរ​២៤នាក់ ដោយ​២១នាក់​ស្ថិតក្នុងចំណោម​អ្នកមកពីពិធីបុណ្យសាសនានៅ​ម៉ាឡេស៊ី៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com