COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
FIFA គាំទ្រការពន្យារ Euro និង Copa America និងស្នើជំនួយ១០លានដុល្លារឲ្យ WHO
18, Mar 2020 , 11:06 pm        
រូបភាព
លោក Gianni Infantino ប្រធាន FIFA
លោក Gianni Infantino ប្រធាន FIFA
លោក Gianni Infantino ប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) គាំទ្រការសម្រេចឲ្យពន្យារពេលព្រឹត្តិការណ៍ពានរង្វាន់អឺរ៉ុប Euro ឆ្នាំ ២០២០ និង Copa America ទៅឆ្នាំក្រោយដោយសារការរីករាលដាលនៃ COVID-19។



សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) និងអាមេរិកឡាទីន (CONMEBOL) បានប្រកាសនៅថ្ងៃទី១៧ ខែមីនាថាការប្រកួតពានរង្វាន់ប្រចាំទ្វីរបស់ទាំងពីរ នឹងត្រូវពន្យារពេលរហូតដល់ឆ្នាំ ២០២១ ដើម្បីបញ្ជៀសការឆ្លងជំងឺរលាកសួតបង្កដោយកូរ៉ូណាវីរុសប្រភេទថ្មី ដែលសម្លាប់មុនុស្សជិត៨ពាន់នាក់នៅជុំវិញពិភពលោក។

FIFA នឹងកោះប្រជុំសន្និសីទជាមួយសមាជិកក្រុមប្រឹក្សានៅថ្ងៃពុធទី១៨ ខែមីនានេះដែលមានលោក Gianni Infantino ជាប្រធានក្នុងការសម្រេចផ្លាស់ប្តូរកាលបរិច្ឆេទការប្រកួត Euro និង Copa America សារជាថ្មីនៅក្នុងឆ្នាំ ២០២១។

សមាជិកដែលចូលរួមទាំងអស់ ក៏នឹងពិភាក្សាផងដែរអំពីផែនការដើម្បីកំណត់ពេលវេលានៃការផ្លាស់ប្តូរការប្រកួត FIFA Club World Cup ឆ្នាំ ២០២១ ដែលនឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី ១៧ ខែមិថុនា រហូតដល់ថ្ងៃទី៤ ខែកក្កដាឆ្នាំក្រោយ។

ស្របនឹងការគាំទ្រឲ្យមានការពន្យារនេះដែរ លោក Infantino ក៏ស្នើរសុំ FIFA ផ្តល់ប្រាក់បរិច្ចាគមួយចំនួនដើម្បីជួយដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងដ៏កាចសាហាវនេះ។

ក្នុងសេចក្តីប្រកាសមួយ ប្រធានស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោកសញ្ជាតិស៊្វីសរូបនេះ លើកទឹកចិត្តដល់ FIFA ឲ្យផ្តល់ប្រាក់បរិច្ចាគចំនួន ១០ លានដុល្លារអាមេរិកដល់មូលនិធិរបស់អង្គការសុខភាពពិភពលោក (WHO) និងបង្កើតមូលនិធិកីឡាបាល់ទាត់ពិភពលោក ដើម្បីជួយសមាជិកសហព័ន្ធកីឡាបាល់ទាត់ដែលរងផលប៉ះពាល់ដោយវិបត្តិ COVID-19។

FIFA ក៏នឹងពិគ្រោះយោបល់ជាមួយអ្នកពាក់ព័ន្ធកីឡាបាល់ទាត់ផ្សេងទៀតផងដែរជុំវិញការផ្លាស់ប្តូរចាំបាច់នានាទាក់ទងនឹងការផ្ទេរកីឡាករ ដើម្បីការពារកិច្ចសន្យារវាងតកីឡាករ និងក្លិប និងភាពយុត្តិធម៌អំឡុងពេលផ្អាកប្រកួតនេះ។

ព្រឹត្តិការណ៍កីឡាផ្សេងៗ ក៏ដូចជាលីគកីឡាបាល់ទាត់ធំៗនៅអឺរ៉ុបបានផ្អាកការប្រកួតបណ្តោះអាសន្នរហូតដល់ខែមេសា ចំពេល COVID-19 រាតត្បាតខ្លាំង។ កីឡាករ ក៏ដូចជាគ្រូបង្វឹកមួយចំនួនក៏បានឆ្លងជំងឺនេះផងដែរ៕

Tag:
 FIFA
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com