COVID-19
ជាតិ
កម្ពុជា សម្រេចបិទគ្រប់ច្រកចេញចូលជាមួយវៀតណាម
19, Mar 2020 , 9:28 am        
រូបភាព
លោក Nguyen Xuan Phuc នាយករដ្ឋមន្រ្តីវៀតណាម ស្វាគមន៍សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ពេលទៅទស្សនកិច្ចនៅវៀតណាម នាពេលកន្លងមក
លោក Nguyen Xuan Phuc នាយករដ្ឋមន្រ្តីវៀតណាម ស្វាគមន៍សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ពេលទៅទស្សនកិច្ចនៅវៀតណាម នាពេលកន្លងមក
កម្ពុជា បានសម្រេចជាផ្លូវការ ស្តីពីការបិទច្រកចេញចូលទាំងអស់ជាមួយវៀតណាមជាបណ្តោះអាសន្ន ដោយមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋកម្ពុជា ចូលទៅវៀតណាម ហើយក៏មិនអនុញ្ញាតឲ្យប្រជាពលរដ្ឋវៀតណាម ចូលមកកម្ពុជា ចាប់ពីម៉ោង២៣ៈ៥៩ យប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០។ នេះបើតាមលិខិតជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជា ដែលធ្វើឡើងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ហើយបានបញ្ជូនទៅកាន់ស្ថានទូតវៀតណាមប្រចាំកម្ពុជា។



ក្រសួងការបរទេសកម្ពុជា សរសេរក្នុងលិខិតជូនដំណឹងថា ក្នុងស្មារតីមិត្តភាពនិងការយោគយោល់គ្នា ទាក់ទងនឹងការរីករាលដាលនៃវីរុសកូវីដ-១៩ កម្ពុជា ស្នើឲ្យអាជ្ញាធរវៀតណាម ជូនដំណឹងដល់ពលរដ្ឋវៀតណម កុំឲ្យធ្វើដំណើរមកកម្ពុជាគ្រប់ផ្លូវគោក ផ្លូវទឹក និង ផ្លូវអាកាស។ 

ក្រសួងការបរទេសកម្ពុជា បន្តថា សំណើខាងលើ ត្រូវបានធ្វើឡើងក្នុងគោលបំណងជៀសវាង មានការលំបាកកើតឡើង នៅច្រកព្រំដែនរួមវាងប្រទេសទាំងពីរ ដោយយោងលើការកើនឡើងយ៉ាងគំហុកនូវការរីករាលដាលនៃការឆ្លងវីរុសកូវីដ-១៩ ខណៈប្រទេសវៀតណាម បានដាក់កម្រិតលើការធ្វើដំណើរ ដោយតម្រូវឲ្យដាក់ដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃ ចំពោះអ្នកដំណើរពីបណ្តាប្រទេសអាស៊ាន រួមទាំងប្រជាជនវៀតណាមខ្លួនឯង ដែលវិលត្រឡប់ចូលស្រុកវិញ។ 

ក្រសួងការបរទេសកម្ពុជា បញ្ជាក់ដូច្នេះថា៖«...វិធានការនេះ មានគោលបំណងបញ្ចៀសនូវការលំបាកចំពោះពលរដ្ឋវៀតណាម ក៏ដូចជាពលរដ្ឋកម្ពុជា ដែលតម្រូវឲ្យបង្ខាំងខ្លួននៅដាច់ដោយឡែកពីគេ ក្រោយពីបានធ្វើដំណើរពីប្រទេសកម្ពុជា ចូលទៅវៀតណាម»។ 

បើតាមក្រសួងការបរទេសកម្ពុជា វិធានការនេះ មិនអនុវត្តលើពលរដ្ឋវៀតណាម និង ពលរដ្ឋកម្ពុជា ដែលកាន់លិខិតឆ្លងដែនការទូតនិងផ្លូវការឡើយ។ 

យ៉ាងណា កម្ពុជា ស្នើឲ្យកម្ពុជានិងវៀតណាម ធ្វើការរួមគ្នា ដើម្បីសម្របសម្រួលនិងធានាថា ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនរួម អាចអនុវត្តដោយគ្មានការរាំងស្ទះ។ នេះបើតាមលិខិតជូនដំណឹងដដែល។

លើសពីនេះ​ ក្នុងលិខិតជូនដំណឺងនោះ កម្ពុជា បានស្នើឲ្យវៀតណាម ជួយសម្រួលបញ្ជូនមកកម្ពុជាវិញ ចំពោះប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលកំពុងត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេ នៅវៀតណាម។ 

សូមរម្លឹកថា កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ កម្ពុជា សម្រេចផ្អាក​នាវា​ទេសចរណ៍ ចូលមក​កម្ពុជា ​តាម​ច្រក​ផ្លូវទឹក​អន្តរជាតិ​ក្អម​សំណ ដែលជា​ច្រកព្រំដែន​ទឹក​រវាង​កម្ពុ​ជា​-​វៀតណាម ចំណែក នាវា​ទេសចរណ៍ ដែល​ចូលមក​កម្ពុជា តាម​ច្រក​ផ្លូវទឹក​ផ្សេងទៀត មិនត្រូវ​បាន​ផ្អាក​ឡើយ​។ ការផ្អាកនេះ បន្ទាប់ពីនាវាទេសចរណ៍មួយគ្រឿង ចេញពីវៀតណាម មកកម្ពុជា ហើយកម្ពុជា រកឃើញអ្នកដំណើរ៣នាក់ជាជនជាតិអង់គ្លេស ឆ្លងកូវីដ-១៩។

ក្រោយមកប៉ុន្មានថ្ងៃ ក៏មាននាវាទេសចរណ៍កម្ពុជា៤-៥គ្រឿង ដឹកភ្ញៀវទៅលេងនៅវៀតណាម តែមិនត្រូវបានវៀតណាម អនុញ្ញាតឲ្យចូលចត ក្រោមហេតុផលដូចកម្ពុជាដែរ គឺខ្លាចអ្នកដំណើរលើនាវា មានកូវីដ-១៩។ មិនត្រឹមតែប៉ុណ្ណឹងទេ វៀតណាម បានសម្រេចបិទព្រំដែនគោកថែមទៀត មុននឹងកម្ពុជា សម្រេចបិទព្រំដែនទាំង៣ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០៕


Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com