COVID-19
អន្តរជាតិ
COVID-19៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ទទូចឲ្យប្រជាជនស្នាក់នៅផ្ទះបណ្តោះអាសន្ន
19, Mar 2020 , 2:01 pm        
រូបភាព
លោកនាយករដ្ឋមន្រ្តី  Muhyiddin Yassin។ រូបភាព៖ Bernama
លោកនាយករដ្ឋមន្រ្តី Muhyiddin Yassin។ រូបភាព៖ Bernama
នាយករដ្ឋមន្រ្តីម៉ាឡេស៊ីថ្មី លោក Muhyiddin Yassin នាថ្ងៃទី១៨ ខែមីនា បាននិយាយថា ម៉ាឡេស៊ីអាចពន្យារពេលរឹតត្បិតការធ្វើដំណើរនៅក្នុងប្រទសបន្ថែមទៀត ប្រសិនបើស្ថានភាពជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស(COVID-19) នៅតែធ្ងន់ធ្ងរ។ ដើម្បីទប់ស្កាត់ករណីឆ្លងនេះ លោកនាយករដ្ឋមន្រ្តីថែមទាំងទទូចឲ្យប្រជាពលរដ្ឋស្នាក់នៅផ្ទះបណ្តោះអាសន្នសិន។ ការលើកឡើងរបស់នាយករដ្ឋមន្រ្តី ធ្វើឡើង បន្ទាប់ពីបទបញ្ជាបិទម៉ាឡេស៊ីទាំងមូល ចូលជាធរមាននាថ្ងៃទី១៨ ខែមីនា។



តួលេខអ្នកផ្ទុកCOVID-19 នៅម៉ាឡេស៊ី បានកើនឡើងយ៉ាងគំហុក។ ចំនួន ២ភាគ៣នៃអ្នកជំងឺ គឺមានទាក់ទងនឹងពិធីបុណ្យសាសនាឥស្លាម នាព្រះវិហារមួយកន្លែង ក្នុងទីក្រុងគូឡាឡាំពួ ដែលមានមនុស្សចូលរួមចំនួនជាង ១៦០០០នាក់ និងមានសាសនិកចំនួន ៤ ឬ៥ប្រទេសចូលរួម។ គិតត្រឹមថ្ងៃទី១៨ ខែមីនា ម៉ាឡេស៊ីមាន COVID-19 សរុប ៧៩០ករណី អ្នកស្លាប់ ២ករណី និងអ្នកសះស្បើយ ៦០ករណី។

ដោយមើលឃើញពីបញ្ហាខាងលើ នាយករដ្ឋមន្រ្តី លោកMuhyiddin Yassin បានទទូចឲ្យប្រជាពលរដ្ឋម៉ាឡេស៊ីស្នាក់នៅផ្ទះក្នុងរយៈពេលពីរសប្តាហ៍សិន។ បើតាមការផ្សាយរបស់ទូរទស្សន៍Channel News Asia លោក Muhyiddin បានលើកឡើងបែបនេះថា ៖« តាមរយៈវិធានការបែបនេះ អ្នក(ប្រជាជន) នឹងត្រូវបានគេការពារពីការឆ្លងCOVID-19 ហើយការផ្ទុះឡើងនៃកូរ៉ូណាវីរុស នឹងត្រូវអាជ្ញាធរគ្រប់គ្រងបាន។ នេះគឺជាគោលបំណងពិត នៃការរឹតបន្តឹងការធ្វើដំណើរនៅក្នុងប្រទេស ដែលដាក់ចេញដោយរដ្ឋាភិបាលម៉ាឡេស៊ី»។

ក្នុងគោលដៅទប់ស្កាត់ការរាលដាលខ្លាំង ម៉ាឡេស៊ី បានដាក់ចេញវិធានការបិទប្រទេសទាំងមូល ដើម្បីរឹតត្បិតការចេញចូលម៉ាឡេស៊ី ការធ្វើដំណើរនៅក្នុងប្រទេស និងបម្រាមផ្សេងទៀត។ ចំណាត់ការបិទប្រទេសនេះ បានចូលជាធរមាននាថ្ងៃទី១៨ ខែមីនាដល់ថ្ងៃទី៣១ មីនា។ ផ្ទុយទៅវិញ ប្រសិនបើចំណាត់ការនេះទទួលបរាជ័យ រដ្ឋាភិបាលម៉ាឡេស៊ី នឹងបន្ថែមការរឹតត្បិតរយៈពេល ២សប្តាហ៍ ឬច្រើនជាងនេះទៅតាមស្ថានការណ៍។

ក្រៅពីវិធានការខាងលើ ម៉ាឡេស៊ីបានបិទសាលារៀន ផ្សារទំនើប ហាងលក់ទំនិញ ព្រឹត្តិការណ៍កីឡា ការជួបប្រជុំ និងព្រឹត្តិការណ៍សាសនាជាដើម។

សូមបញ្ជាក់ថា ក្នុងចំណោមបណ្តាសមាជិកអាស៊ានទាំងអស់ ម៉ាឡេស៊ី មានករណីCOVID-19 ច្រើនជាងគេ ខណៈសមាជិកផ្សេងទៀត បន្តរកឃើញអ្នកផ្ទុកកូរ៉ូណាវីរុសជាបន្តបន្ទាប់។ ដោយមើលឃើញពីការកើនឡើងនៃករណីឆ្លងនៅក្នុងអាស៊ីអាគ្នេយ៍ អង្គការសុខភាពពិភពលោក បានដាស់តឿនប្រទេសទាំងអស់នៅក្នុងតំបន់មួយនេះ ឲ្យចាត់វិធានការខ្លាំងក្លាប្រឆាំង COVID-19 ៕

Tag:
 ម៉ាឡេស៊ី
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com