កំឡុងពេលមានផ្ទៃពោះ គឺជាស្ថានភាពដ៏លំបាកមួយសម្រាប់ស្ត្រីដោយត្រូវមានការប្រុងប្រយ័ត្នខ្ពស់ហើយជៀសមិនផុតពីការអនុវត្តតាមបញ្ជា និងការណែនាំជាច្រើនដើម្បីប្រាកដថាអាចសម្រាលបានជោគជ័យឡើយ។ ការរឹងបន្តឹងរបបអាហារ គឺជាចំណុចចម្បងមួយដែលស្ត្រីព្រួយបារម្ភកំឡុងពេលមានផ្ទៃពោះ។ ថ្វីត្បិតតែស្ត្រីមានផ្ទៃពោះត្រូវបានហាមមិនឱ្យទទួលទានអាហារជាច្រើនប្រភេទក៏ដោយ ក៏នៅមានអាហារមួយប្រភេទដែលអ្នកអាចទទួលទានបានដោយគ្មានការព្រួយបារម្ភក្នុងកំឡុងពេលមានផ្ទៃពោះ និងថែមទាំងផ្ដល់អត្ថប្រយោជន៍ល្អចំពោះសុខភាពទៀតផង។ ថាតើអាហារទាំងនោះមានអ្វីខ្លះទៅ?
ខាងក្រោមនេះយើង នឹងបង្ហាញឱ្យដឹងពីអាហារដែលស្ត្រីគួរ ឬមិនគួរទទួលទានកំឡុងពេលមានផ្ទៃពោះ ៖
• អាហារគួរទទួលទាន
១. សណ្ដែកពពួក Legumes
ការទទួលទានសណ្ដែកពពួក Legumes រួមមានសណ្ដែកខៀវ ឬសណ្ដែកក្រហមជាដើមកំឡុងពេលមានផ្ទៃពោះ គឺល្អណាស់សម្រាប់សុខភាពទារកក្នុងផ្ទៃ។ នោះក៏ព្រោះតែសណ្ដែកទាំងនេះជាប្រភពដ៏ប្រសើរនៃកាល់ស្យូម ជាតិ folate ជាតិសរសៃ ជាតិដែក និងប្រូតេអ៊ីន។
២. ត្រីសាលម៉ុន
នៅចុងត្រីមាសដំបូងខួរក្បាលរបស់ទារកចាប់ផ្ដើមលូតលាស់អភិវឌ្ឍកាន់តែលឿនជាងផ្នែកដទៃទៀតនៃរាងកាយ។ ដូច្នេះការទទួលទានអាហារមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ និង DHA គឺសំខាន់ណាស់ដើម្បីផ្ដល់សារធាតុចិញ្ចឹមចាំបាច់បន្ថែមជួយក្នុងដំណើរការនេះ។ ហើយត្រីសម្បូរខ្លាញ់ជាប្រភពដ៏ប្រសើរនៃជាតិខ្លាញ់អូមេហ្គា ៣ និងDHA។ ត្រីសាលម៉ុនមានផ្ទុកជាតិបារ៉តទាប។ អ្នកមិនគួរទទួលទានលើសពី ២ ដងក្នុងមួយសប្តាហ៍ឡើយ។
៣. ស៊ុត
មានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមចាំបាច់ដែលរាងកាយត្រូវការ។ លើសពីនេះទៅទៀត ស៊ុត ជាប្រភពដ៏ប្រសើរនៃសារធាតុ choline និង Folic acid ដែលសំខាន់ជួយការអភិវឌ្ឍខួរក្បាល និងឆ្អឹងខ្នងរបស់ទារកក្នុងផ្ទៃ។ ការទទួលទានអាហារមានផ្ទុកសារធាតុ choline គ្រប់គ្រាន់កំឡុងពេលមានផ្ទៃពោះក៏ជួយទប់ស្កាត់ហានិភ័យនៃបញ្ហាសរសៃប្រសាទរបស់ទារកផងដែរ។
៤. បន្លែបៃតង
ជាប្រភពដ៏ប្រសើរនៃជាតិកាល់ស្យូម សារធាតុ Folate ជាតិសសៃ ជាតិដែក ប៉ូតាស្យូម វីតាមីន A វីតាមីន C និងវីតាមីន K។ ហើយពិតណាស់ការទទួលទានបន្លែបៃតងអាចជួយដោះស្រាយបញ្ហាពិបាករំលាយអាហារ ព្រមទាំងអាការៈទល់លាមកដែលកើតឡើងកំឡុងពេលមានផ្ទៃពោះបានយ៉ាងប្រសើរ។
៥. សាច់គ្មានខ្លាញ់
សាច់គ្មានខ្លាញ់ជាប្រភពដ៏ប្រសើរនៃជាតិប្រូតេអ៊ីនគុណភាពខ្ពស់។ លើសពីនេះទៅទៀតសាច់ប្រភេទនេះមានផ្ទុកសម្បូរទៅដោយជាតិដែកដែលរាងកាយត្រូវការចាំបាច់កំឡុងពេលមានផ្ទៃពោះ។
៦. អាហារផ្សំឡើងពីទឹកដោះគោ
ស្ត្រីមានផ្ទៃពោះត្រូវការទទួលទានអាហារសម្បូរទៅដោយជាតិប្រូតេអ៊ីន និងកាល់ស្យូមបន្ថែម ដើម្បីការវិវឌ្ឍន៍នៃកូនក្នុងផ្ទៃល្អប្រសើរ។ ផលិតផលផ្សំឡើងពីទឹកដោះគោដូចជា យ៉ាអ៊ួរ គឺអាចផ្ដល់អត្ថប្រយោជន៍ប្រសើរមែនទែនសម្រាប់អ្នក។ ជាពិសេស យ៉ាអួរ greek ដែលមិនត្រឹមតែផ្ដល់ជាតិកាល់ស្យូមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់ឱ្យរាងកាយនូវប្រូបាយអូទិក ក៏ដូចជាបាក់តេរីល្អៗជួយសម្រួលដល់ដំណើរការនៃការរំលាយអាហារផងដែរ។ ការទទួលទានអាហារមានជាតិប្រូបាយអូទិកជួយកាត់បន្ថយទប់ស្កាត់ផលវិបាកមួយចំនួនទៀតដូចជាអាឡែកស៊ី ជំងឺក្រឡាភ្លើង ការឆ្លងមេរោគក្នុងទ្វារមាស និងជំងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះផងដែរ។
• អាហារគួរចៀសវាង
១. គ្រឿងសមុទ្រដែលមានផ្ទុកជាតិបារ៉តខ្ពស់
ត្រីដែលមានផ្ទុកជាតិបារ៉ត គឺគ្រោះថ្នាក់ណាស់កំឡុងពេលមានផ្ទៃពោះដោយវាអាចបង្កប៉ះពាល់ទៅលើការលូតលាស់និងសុខភាពខួរក្បាលរបស់ទារក។ ដូច្នេះដើម្បីជាការប្រសើរអ្នកគួរចៀសឱ្យផុតពីអាហារសមុទ្រប្រភេទណាដែលមានផ្ទុកជាតិបារ៉តខ្ពស់។ ទោះជាយ៉ាងណាអ្នកអាចទទួលទានត្រីដែលមានផ្ទុកជាតិបារ៉តទាបបាន ប៉ុន្តែក្នុងកម្រិតមធ្យម។ ត្រីសាលម៉ុននិងបង្គាជាប្រភេទនៃអាហារសមុទ្រដែលមានសុវត្ថិភាពក្នុងការទទួលទានកំឡុងពេលមានផ្ទៃពោះ។
២. ស៊ុតឆៅ
ជាធម្មតាស៊ុតជាអាហារដ៏ប្រសើរបំផុតមួយសម្រាប់សុខភាពពិសេសកំឡុងពេលមានផ្ទៃពោះ ប៉ុន្តែប្រសិនបើទទួលទានវាទាំងឆៅ គឺមិនល្អសោះឡើយ។ ស៊ុតឆៅអាចមានផ្ទុកបាក់តេរី salmonella ដែលនាំឱ្យក្អួតនិងរាគបង្កគ្រោះថ្នាក់គួរឱ្យព្រួយបារម្ភចំពោះស្ត្រីជាម្ដាយ រួមទាំងទារកក្នុងផ្ទៃ។
៣. គ្រាប់ធញ្ញជាតិ
គ្រាប់ធញ្ញជាតិជាអាហារសម្រន់ដ៏ប្រសើរកំឡុងពេលមានផ្ទៃពោះក៏ព្រោះវាមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមនិងជាតិខ្លាញ់សុខភាពល្អ។ ទោះជាយ៉ាងណាក៏ដោយ អ្នកគួរមានការប្រុងប្រយ័ត្នខ្ពស់នៅពេលទទួលទានគ្រាប់ធញ្ញជាតិកំឡុងពេលមានផ្ទៃពោះ។ នោះក៏ព្រោះតែគ្រាប់ធញ្ញជាតិមួយចំនួនដែលបង្កបញ្ហាប្រតិកម្មធ្វើឱ្យស្បែកឡើងរោលក្រហម រមាស់ និងហើមផ្នែកខ្លះនៃរាងកាយ។ ដូច្នេះដើម្បីជាការប្រសើរគួរធ្វើការពិភាក្សាជាមួយវេជ្ជបណ្ឌិតសិនអំពីប្រភេទនៃគ្រាប់ធញ្ញជាតិណាដែលអ្នកអាចទទួលទានបានកំឡុងពេលមានផ្ទៃពោះ។
៣. អាហារឆៅ
ស្ត្រីមានផ្ទៃពោះមិនគួរទទួលទានអាហារឆៅឡើយ ជាពិសេសសាច់មាន់និងសាច់ក្រហម។ សាច់ ឬអាហារឆៅផ្សេងៗអាចមានផ្ទុកនូវបាក់តេរីនិងប៉ារ៉ាស៊ីតដែលបង្កគ្រោះថ្នាក់ចំពោះទារកក្នុងផ្ទៃ។ ដូច្នេះមុននឹងទទួលទានត្រូវប្រាកដថាអាហារនោះបានលាងសម្អាតជ្រះសព្វនិងឆ្អិនល្អ។
៤. អាហារកំប៉ុង
អាហារកំប៉ុងភាគច្រើនមានផ្ទុកសារធាតុគីមីផ្សេងៗ ព្រមទាំងសារធាតុរក្សាទុកបានយូរដែលអាចបង្កផលប៉ះពាល់គួរឱ្យបារម្ភចំពោះសុខភាពាស្ត្រីជាម្ដាយនិងកូនក្នុងផ្ទៃ។ ដូច្នេះដើម្បីជាការប្រសើរចៀសផុតពីសារធាតុគីមីគ្រោះថ្នាក់ចូរជ្រើសរើសបន្លែផ្លែឈើនិងសាច់ស្រស់ៗជំនួសវិញ។
៥. កាហ្វេអ៊ីន
អាហារនិងភេសជ្ជៈកាហ្វេអ៊ីនមិនល្អឡើងសម្រាប់សុខភាពស្ត្រីមានផ្ទៃពោះរួមទាំងទារក។ ស្ត្រីមានផ្ទៃពោះគួរកម្រិតការទទួលទានកាហ្វេអ៊ីនឱ្យតិចជាង ២០០ មីលីក្រាមក្នុងមួយថ្ងៃ ឬប្រមាណពី ២ ទៅ ៣ ពែងនៃកាហ្វេ៕
ត្រួតពិនិត្យដោយ www.health.com.kh